លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី
បង្ហាញរបាយការណ៍ពីការចុះឈ្មោះបោះឆ្នោតស្ទួនរបស់មន្ត្រីរាជការ
នៅទីស្នាក់ការគណបក្ស នារាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា
ឆ្នាំ២០១២។ (RFA/So Chivy)
2013-10-05 ដោយ ដែន អយុធ្យា
RFA
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ
បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី៥ ខែតុលា ថា សមាជមហាជននេះ
អាចមានមនុស្សចូលរួមចំនួន ១ម៉ឺននាក់
និងគ្មានការជំទាស់ពីអាជ្ញាធរមូលដ្ឋានទេ។ លោកឲ្យដឹងថា
សមាជមហាជននេះ នឹងចាប់ផ្ដើមពីម៉ោង ៣រសៀល ដល់ម៉ោង ៦ល្ងាច
ថ្ងៃអាទិត្យ នាទីលានប្រជាធិបតេយ្យ។
លោក យឹម សុវណ្ណ
បានឲ្យដឹងពីគោលបំណងនៃការធ្វើសមាជមហាជនពេលនេះ
គឺដើម្បីបញ្ជាក់ពីគោលជំហររបស់គណបក្សសង្គ្រោះជាតិ
នៅក្រោយការបោះឆ្នោតសភានីតិកាលទី៥៖ «គឺយើងចង់បានមតិពី
ប្រជាពលរដ្ឋ
ដើម្បីធ្វើសេចក្តីសម្រេចនូវគោលជំហរគណបក្សទាក់ទងនឹងការជាប់គាំង
នយោបាយនាពេលបច្ចុប្បន្ន។ រួចហើយ មានតំណាងប្រជាពលរដ្ឋប្រហែល ១០នាក់
តំណាងមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីឡើងមានមតិយោបល់។
ហើយយើងនឹងធ្វើការបូកសរុប ហើយនឹងសម្រេចដូចម្តេច
គឺយើងគោរពទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ»។
តាមរយៈសមាជមហាជននេះ លោក យឹម សុវណ្ណ ឲ្យដឹងថា
ក៏នឹងធ្វើញត្តិដាក់ជូនអង្គការសហប្រជាជាតិ
និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣
ខែតុលា ឆ្នាំ១៩៩១
ជុំវិញបញ្ហាដែលកើតមានទាក់ទងការបោះឆ្នោតនៅកម្ពុជា។
យ៉ាងនេះក្តី លោក ជាម យៀប សមាជិករដ្ឋសភា
និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
បានរិះគន់ការធ្វើសមាជមហាជន ផ្ដើមដោយគណបក្សសង្គ្រោះជាតិ។
លោកចាត់ទុកការដឹកនាំធ្វើសមាជមហាជនរបស់គណបក្សប្រឆាំង
គឺមិនត្រឹមត្រូវ និងមិនអាចឈ្នះច្បាប់រដ្ឋធម្មនុញ្ញ
ដែលជាច្បាប់កំពូលរបស់កម្ពុជា ទេ។
លោកស្នើដល់មេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវពិចារណាបញ្ហានេះ
ហើយគណបក្សប្រជាជនកម្ពុជា រង់ចាំការដាក់សមាសភាពគណបក្សប្រឆាំង
មកចូលរួមប្រជុំបោះឆ្នោតជ្រើសតាំងតំណែងប្រធានគណៈកម្មការជំនាញ
រដ្ឋសភានីតិកាលទី៥ នៅឡើយ មកទល់ពេលនេះ៕
No comments:
Post a Comment