ពលរដ្ឋចូលរួមមហាបាតុកម្មបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣ នាទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៣។ (RFA)
2013-10-05 ដោយ យាង សុជាមេត្តា
RFA
បើគ្មានអ្វីប្រែប្រួលនោះទេ គណបក្សសង្គ្រោះជាតិ
នឹងធ្វើសមាជមហាជននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣
នៅទីលានប្រជាធិបតេយ្យ ក្រុងភ្នំពេញ
ដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មកជួបជុំសម្ដែងមតិ
និងផ្ដល់អនុសាសន៍សំខាន់ៗ ក្នុងការទាមទារស្វែងរកការពិត
និងយុត្តិធម៌ពាក់ព័ន្ធការបោះឆ្នោត។
ស្របពេលជាមួយគ្នា ប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏បានសម្តែងមតិគាំទ្រចំពោះជំនួបមហាជននេះដែរ។
ពលរដ្ឋអ្នករត់ម៉ូតូឌុបម្នាក់នៅភ្នំពេញ ឈ្មោះ ហែម សុខា
បាននិយាយថា លោកគាំទ្រអោយគណបក្សសង្គ្រោះជាតិ
រៀបចំជំនួបមហាជននេះឡើង
ដើម្បីទាមទារអោយមានដំណោះស្រាយសម្រាប់ពលរដ្ឋម្ចាស់ឆ្នោត។
លោកបន្ថែមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ធនធានធម្មជាតិគ្រប់សព្វបែបយ៉ាង ត្រូវបំផ្លាញខ្ទេចខ្ទី
ហើយជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់
ក៏មានវត្តមានលើទឹកដីខ្មែររឹតតែច្រើនឡើងៗ។
លោក សុខា គិតថា សមាជមហាជន និងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងមិនធ្វើអោយមានអំពើហិង្សាឡើយ៖ «គាត់
ធ្វើស្រួលដែរហ្នឹង ឃើញកាលធ្វើបាតុកម្មស្រួលដែរហ្នឹង
មិនដែលទៅរញ៉េរញ៉ៃណា ទៅបោកគ្រាប់បែក ឬទៅផ្ទះប្រជាជនណាផងហ្នឹង
អត់ដែលមានអំពើហិង្សាណាផងហ្នឹង ហើយអ្នកខ្លះចេះតែចោទថា
ខាងគណបក្សសង្គ្រោះជាតិ រញ៉េរញ៉ៃប៉ះពាល់ដល់សណ្ដាប់ធ្នាប់ប្រជាជន
មានណា តាមផ្សារតាមអី លក់ដូរធម្មតាពេលបាតុកម្មហ្នឹង
ហើយអ្នកថាចេះតែថាទៅ គេមិនចង់អោយធ្វើ»។
លោក បូ ហឿន អ្នករត់តាក់ស៊ីពីភ្នំពេញ ទៅកំពត បានអោយដឹងថា
លោកធ្លាប់បានចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ កន្លងមក
ហើយនៅពេលនេះ លោកសប្បាយចិត្តនៅពេលឮថា
គណបក្សប្រឆាំងមួយនេះរៀបចំអោយមានសមាជមហាជន
និងគ្រោងធ្វើបាតុកម្មជាបន្តបន្ទាប់ទៀត។ លោក ហឿន បន្តថា
មិនមែនតែលោកម្នាក់ទេដែលចង់អោយមានបាតុកម្ម
អ្នកជិះតាក់ស៊ីរបស់លោកស្ទើរគ្រប់គ្នា បាននិយាយពីរឿងបាតុកម្មនេះ
ហើយម្នាក់ៗចង់អោយមានបាតុកម្មកើតឡើង។ លោកថា
លោកមិនខ្លាចបាតុកម្មធ្វើអោយប៉ះពាល់ដល់របរចិញ្ចឹមជីវិតប្រចាំ
ថ្ងៃរបស់លោកឡើយ។
លោក បូ ហឿន៖ «ខ្ញុំចង់អោយគណបក្សសង្គ្រោះជាតិ ធ្វើហ្មង
ព្រោះរឿងអយុត្តិធម៌សង្គមច្រើនពេក ផលវិបាកដូចខ្ញុំ
អ្នករត់តាក់ស៊ីអីចឹង ត្រូវគេគាបគ្រប់កន្លែងហ្នឹង មានបញ្ហាអីចឹង
ចាំមើលស្អែកៗហ្នឹង ប្រហែលជាគេដាក់បារ៉ាស់ទៀតហ៎ា សុទ្ធតែបន្លាលួស
មានដាក់ឆែកអីទេ ដាក់យកលុយតែម្តង ខ្ញុំចូលរួម ខ្ញុំត្រេកអរណាស់
បើយើងមិនធ្វើ នៅតែរញ៉េរញ៉ៃអីចឹង នៅគាបសង្កត់អីចឹង
បើកាលណាធ្វើទៅ យើងអាចសង្ឃឹមរកច្រកចេញបានខ្លះ»។
តាមមើលទៅ ប្រជាពលរដ្ឋខ្មែរហាក់មិនចង់រង់ចាំរយៈពេល ៥ឆ្នាំ
ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ទៀតឡើយ។
ពួកគេចង់បានយុត្តិធម៌ការបោះឆ្នោត ហើយពាក្យថា
យុត្តិធម៌ការបោះឆ្នោតនេះហើយ
ដែលធ្វើអោយពួកគេលះបង់ពេលវេលាប្រកបរបរចិញ្ចឹមជីវិត
ព្រមទាំងលុយកាក់ផ្ទាល់ខ្លួន ដើម្បីធ្វើដំណើរចូលរួមបាតុកម្ម
ទាមទារយុត្តិធម៌ដែលគេចង់បាន។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ណយ សារ៉ាក រស់នៅឃុំឆែប១ ស្រុកឆែប
ខេត្តព្រះវិហារ បានអោយដឹងថា
គាត់ចង់មកចូលរួមសមាជគណបក្សសង្គ្រោះជាតិ នៅភ្នំពេញ
តែលើកនេះគាត់ខ្វះថវិកាមិនអាចចូលរួមបាន
ព្រោះបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ
គាត់នៅសល់ប្រាក់បន្តិចបន្តួចប៉ុណ្ណោះ។ ហើយម្យ៉ាងទៀត
លោកក៏មិនបានដឹងថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំសមាជមហាជន
ថ្ងៃទី៦ កញ្ញា ដែរ។ លោកបន្តថា
ប្រសិនបើលោកបានទទួលដំណឹងនេះពីរបីថ្ងៃមុន
លោកអាចត្រៀមលក្ខណៈដើម្បីចូលរួមបាន។
តែទោះជាយ៉ាងណាក៏ដោយ លោកនឹងចូលរួមបាតុកម្មគណបក្សសង្គ្រោះជាតិ លើកក្រោយៗទៀត៖ «ថវិកា
បានត្រឹមម៉ាទៅ ដល់មកវិញវាយ៉ាប់ដែរហ្នឹង វាទៅមកបានតែ
វាយ៉ាប់អត់លុយហូបចុកនៅផ្ទះសម្បែងហ្នឹងណា
នឹកឃើញចង់ទៅដែរតែវាអត់មានលុយ»។
រីឯពលរដ្ឋម្នាក់ទៀតនៅខេត្តកំពង់ស្ពឺ ឈ្មោះ ឆាយ សំណាង
បានអោយដឹងថា លោកមិនចង់ឃើញគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស
៥ឆ្នាំបន្តទៀតឡើយ ព្រោះលោកថា
ពលរដ្ឋបានរងទុក្ខដោយសារអំពើអយុត្តិធម៌ជាច្រើន
ក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចសព្វថ្ងៃ
ពិសេសអយុត្តិធម៌ក្នុងបញ្ហាដីធ្លី។ តែទោះជាយ៉ាងណា
លោកនឹងមិនចូលរួមដោយផ្ទាល់ឡើយ៖ «ខ្ញុំមានចិត្តចង់ចូលរួម
ក៏ប៉ុន្តែខ្ញុំមិនហ៊ានទៅចូលរួម
ព្រោះមានការគំរាមកំហែងពីសំណាក់អាជ្ញាធរ ហើយបាតុកម្មកន្លងមក
មានការបាញ់ប្រហារទៅលើប្រជាពលរដ្ឋដែលទៅចូលរួមអ៊ីចឹង
ខ្ញុំខ្លាចខ្ញុំគ្រាន់តែមានចិត្តចង់
ក៏ប៉ុន្តែខ្ញុំមិនហ៊ានចូលរួម»។
គម្រោងសមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ
ធ្វើឡើងពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ
និងធ្វើឡើងជួនចំពេលដែលប្រជាពលរដ្ឋខ្មែរក្នុងខេត្តមួយចំនួន
កំពុងរងគ្រោះដោយទឹកជំនន់។ កត្តានេះហើយ
ទើបបណ្ដាលអោយពលរដ្ឋមួយចំនួនគិតថា សមាជមហាជនពេលនេះ
អាចនឹងពុំសូវមានមនុស្សចូលរួមច្រើនឡើយ។
យ៉ាងណា មន្ត្រីគណបក្សសង្គ្រោះជាតិ បានអះអាងថា សមាជមហាជននេះ
អាចមានមនុស្សចូលរួមចំនួន ១ម៉ឺននាក់
និងគ្មានការជំទាស់ពីអាជ្ញាធរមូលដ្ឋានទេ៕
No comments:
Post a Comment