Tuesday, October 22, 2013

បក្ស​សង្គ្រោះ​ជាតិ​រក្សា​ជំហរ​​ធ្វើ​​បាតុកម្ម​ទោះ​អាជ្ញាធរ​មិន​អនុញ្ញាត

 បាតុករ បក្ស​សង្គ្រោះ​ជាតិ ៦១០
ក្រុម​បាតុករ​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ ​ជាតិ នៅ​ថ្ងៃ​ទី២ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៣។  RFA/Den Ayuthyea  
2013-10-21
ដោយ ដែន អយុធ្យា
RFA
ការ​អះអាង​នេះ កើត​មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​រវាង​មន្ត្រី​បក្ស​ប្រឆាំង​ជាមួយ​មន្ត្រី​ សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ លើ​​​សំណើ​ធ្វើ​មហា​បាតុកម្ម ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ។
ជំនួប​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ស្ដីពី​គម្រោង​ដឹកនាំ​ធ្វើ​មហា​​​​បាតុកម្ម​អហិង្សា ៣​ថ្ងៃ​ជាប់ៗ​គ្នា​របស់​គណបក្ស​ខ្លួន​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​តុលា ប៉ុន្តែ​អាជ្ញាធរ​ក្រុង​មិន​ទាន់​សម្រេច​បែប​ណា​ទេ។
លោក ឡុង រី បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ ​និង​ជា​ប្រធាន​សន្តិសុខ​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​មាន​ប្រសាសន៍​ថា មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​ក្នុង​ជំនួប​រវាង​មន្ត្រី​បក្ស​ សង្គ្រោះ​​​​ជាតិ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ ជុំវិញ​គម្រោង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម។
ចំណុច​ទាំង​នោះ​មាន​ដូចជា អាជ្ញាធរ​មិន​ឲ្យ​បាតុករ​ស្នាក់នៅ​ពេល​យប់​នា​ទីលាន​ប្រជាធិបតេយ្យ និង​បាន​កំណត់​​ចំនួន​មនុស្ស​ចូល​រួម​បាតុកម្ម ឬ​ហាម​ដើរ​ហែ​ក្បួន​ជាដើម៖ «នៅ ​ខ្ទាស់ ឬ​ខ្វែង​គ្នា​ចំនួន ៣​ចំណុច គឺ​ទី​១ គេ​កំណត់​ឲ្យ​យើង​ធ្វើ​បាតុកម្ម​មាន​មនុស្ស​ចូល​រួម​ពី ៨​ពាន់ ទៅ ១​ម៉ឺន​នាក់។ ប៉ុន្តែ​យើង​ស្នើ គឺ​មាន​មនុស្ស​ចូល​រួម​ចាប់​ពី ២​ម៉ឺន​នាក់​ឡើង​ទៅ។ ទី​២ គឺ​ការ​ស្នាក់នៅ​ពេល​យប់ គឺ​គេ​អត់​ឲ្យ​យើង​ស្នាក់នៅ​ទេ ប៉ុន្តែ​យើង​ស្នើ​ឲ្យ​មាន​អ្នក​ស្នាក់​នៅ​យ៉ាង​តិច​ក៏​ចំនួន ៥​ពាន់​នាក់​ដែរ នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​តុលា និង​ចំណុច​ខ្វែង​ទី​៣ គឺ​ខ្វែង​គំនិត​គ្នា​ចំពោះ​ការ​យក​ញត្តិ​ទៅ​ដាក់​ជូន​ចំណុច ៩​កន្លែង គឺ​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ កម្ពុជា និង​ស្ថានទូត​បារាំង អង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ម៉ាឡេស៊ី ចិន និង​រុស្សី»
លោក ឡុង រី សង្កត់​ធ្ងន់​ថា គម្រោង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ៣​ថ្ងៃ​ជាប់ៗ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា មិន​ផ្លាស់ប្ដូរ​ទេ ទោះ​ក្រសួង​មហាផ្ទៃ បដិសេធ​ក៏ដោយ។
លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា គម្រោង​ដឹក​នាំ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រង់ចាំ​សេចក្ដី​សម្រេច ឬ​ការ​ណែនាំ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជា​មុន។
លោក​បន្ត​ថា អាជ្ញាធរ​សាលា​រាជធានី​បាន​សរសេរ​លិខិត​ជូន​ក្រសួង​មហាផ្ទៃ​រួច​ហើយ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ក្រោយ​ជំនួប​បាន​បញ្ចប់ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ក្រសួង​មហាផ្ទៃ សម្រេច​បែប​ណា​ទេ៖ «ខាង​គណបក្ស​សង្គ្រោះ​ជាតិ គេ​បាន​លើក​គម្រោង​អំពី​លទ្ធភាព ឬ​កម្មវិធី​ដើរ​ហែ​ក្បួន គឺ​គេ​ធ្វើ​កំរាយ​ផ្លូវ​មក​ឲ្យ​ខាង​អាជ្ញាធរ​ពិនិត្យ​មើល និង​ជួយ​ថែ​រក្សា​ការពារ និង​ជួយ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ក៏​ដូច​ជា​ចរាចរ​ជាដើម។ ឥឡូវ​នេះ​បាន​ទុក​លទ្ធភាព​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​លិខិត​ទៅ​ស្នើ​សុំ​ពី​ក្រសួង​មហាផ្ទៃ​សិន»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដើម្បី​បំភ្លឺ​បាន​ទេ​តាម​ទូរស័ព្ទ នូវ​​​​​គម្រោង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
​​បញ្ហា​នេះ​ដែរ លោក រ៉ុង ឈុន ក្នុង​នាម​ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ចេញ​សេចក្ដី​អំពាវនាវ​ដល់​មន្ត្រី​រាជការ សិស្ស និស្សិត កម្មករ និង​សមាជិក​ខ្លួន ឲ្យ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​​ជាតិ​ទាំង​ អស់​គ្នា។
​លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ បាន​បញ្ជាក់​ថា មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ជា​បាតុកម្ម​ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​និង​មន្ត្រី​ រាជការ ឲ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ និង​ការ​គំរាម​កំហែង​ផង​ទាំង​ពួង។
លោក រ៉ុង ឈុន៖ «នៅ​ពេល​ដែល​យើង​ទទួល​បាន​យុត្តិធម៌ ពេល​ហ្នឹង​ហើយ​បង​ប្អូន​កម្មករ គ្រូ​បង្រៀន នឹង​ទទួល​បាន​បៀវត្សរ៍ ១​លាន​រៀល​ក្នុង ១​ខែ។ កម្មករ​ចំនួន ៦០​ម៉ឺន​រៀល និង​មនុស្ស​ចាស់ ៤​ម៉ឺន​រៀល​ជា​រៀង​រាល់​ខែ។ ធ្វើ​ម៉េច​លះបង់​មក​ចូល​រួម​ទាំង​អស់​គ្នា។ អ្នក​មិន​បាន​មក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ដល់​ទីលាន​ប្រជាធិបតេយ្យ ត្រូវ​ធ្វើ​បាតុកម្ម​នៅ​ទី​កន្លែង​ធ្វើ​ការងារ កុំ​ចូល​ធ្វើ​ការងារ កុំ​ចូល​រៀន ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា រហូត​ដល់​មាន​ដំណោះស្រាយ»
លិខិត​ផ្ញើ​ជូន​លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៦ ខែ​តុលា របស់​គណបក្ស​សង្គ្រោះ​​ជាតិ បាន​បង្ហាញ​ថា គោលបំណង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម ៣​ថ្ងៃ គឺ​ដើម្បី​​​ស្វែង​រក​ការ​ពិត និង​​យុត្តិធ៌ម​ជូន​ពលរដ្ឋ ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥។
បាតុកម្ម​អហិង្សា​នេះ ក៏​នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ព្រម​ទាំង​ធានា​​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថែម​ទៀត៕

No comments: