
ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លោក ហួន រាជចំរើន
(កណ្ដាល) ថ្លែងក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២១ តុលា ឆ្នាំ២០១៣។ RFA/Tep Soravy
2013-10-21
ដោយ ទេព សុរ៉ាវី
RFA
ថ្នាក់ដឹកនាំគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចព្រមានថា
នឹងធ្វើមហាបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ
ដោយស្នើឲ្យម្ចាស់ឆ្នោតចាត់ទុកជាមោឃៈនូវបេក្ខភាពជាប់ឆ្នោតនៃ
គណបក្សនេះចេញពីរដ្ឋសភា។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ
នៅតែប្រកាន់ជំហរមិនចូលក្នុងរដ្ឋសភាជាមួយគណបក្សប្រជាជនកម្ពុជា
ហើយប្រកាសថា នឹងធ្វើមហាបាតុកម្ម ៣ថ្ងៃក្នុងសប្ដាហ៍នេះ
ទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យស្វែងរកការពិតពីភាពមិន
ប្រក្រតីនៃការបោះឆ្នោត។
ក្នុងសន្និសីទកាសែតធំដ៏កម្រមួយនៅថ្ងៃទី២១ ខែតុលា
របស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
ដែលមានបណ្ដាញទូរទស្សន៍ស្ទើរគ្រប់ប៉ុស្តិ៍ចូលរួម
រួមមានទូរទស្សន៍បាយ័ន អប្សរា ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ខេមរភូមិន្ទ
និងវិទ្យុជាតិ
និងមានការចូលរួមឃ្លាំមើលពីមន្ត្រីជាន់ខ្ពស់នៃទីស្ដីការ
គណៈរដ្ឋមន្ត្រីដែរនោះ លោក ហួន រាជចំរើន
ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
បានថ្លែងដោយចាត់ទុកការគេចវេះរបស់គណបក្សសង្គ្រោះជាតិ
មិនចូលរួមសភាជាមួយគណបក្សប្រជាជនកម្ពុជា
ថាជាទង្វើក្បត់ឆន្ទៈពលរដ្ឋជាម្ចាស់ឆ្នោត។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
នឹងដាក់លិខិតមួយទៅគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២ ខែតុលា
ដើម្បីស្នើសុំឲ្យគណបក្សនេះចូលរួមក្នុងសភា
ហើយបញ្ឈប់រាល់ការប្រឆាំងទាមទារទាំងអស់ និងងាកមកបង្រួបបង្រួមជាតិ
តាមច្បាប់រដ្ឋធម្មនុញ្ញ ព្រមទាំងព្រមានថា
បើគណបក្សនេះមិនធ្វើតាមទេនោះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
នឹងកៀរគរពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។
លោកបញ្ជាក់ថា ការគេចវេះមិនចូលរួមរបស់គណបក្សប្រឆាំងនៅពេលនេះ
កំពុងរុញច្រានឲ្យពលរដ្ឋធ្លាក់ចូលទៅក្នុងមហន្តរាយសេដ្ឋកិច្ច
បាត់បង់សេដ្ឋកិច្ចគ្រួសារ ខាតពេលវេលាពេលមកចូលរួមធ្វើបាតុកម្ម
ពិសេសធ្វើឲ្យបាត់ជំនឿចិត្តទៅលើគណបក្សនយោបាយ។
យ៉ាងណាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក
ឡុង រី បញ្ជាក់ដោយមានជំនឿថា
គណបក្សតូចៗដែលមិនសូវមានសំឡេងគាំទ្រពីម្ចាស់ឆ្នោត
មិនអាចកៀរគរកម្លាំងចលករពីពលរដ្ឋឲ្យមកប្រឆាំងនឹងគណបក្សសង្គ្រោះ
ជាតិ ដែលមានការគាំទ្រពីពលរដ្ឋជិត ៣លាននាក់បានឡើយ។
គណបក្សសង្គ្រោះជាតិ មានសំឡេងគាំទ្រជិត ៣លាននាក់
អាចមានសមត្ថភាពកៀរគរពលរដ្ឋមកពីបណ្តាខេត្តនានាឲ្យមកចូលរួមធ្វើ
បាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យជាច្រើនម៉ឺននាក់។
យ៉ាងណាគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
ដែលមិនឈ្នះមួយអាសនៈក្នុងរដ្ឋសភា ទំនងក៏អាចរកសំឡេងគាំទ្រ
ឬកម្លាំងមកធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិបានច្រើនដូច
ការកៀរគររបស់លោក ជុំ ម៉ី ជនរងគ្រោះក្នុងរបបខ្មែរក្រហម
ដែលមិនសូវមានប្រជាប្រិយភាព បែរជាអាចឲ្យមនុស្សជាង ២ម៉ឺននាក់
ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិមុនការបោះឆ្នោត
បន្ទាប់ពីមានភ្លើងខៀវពីប្រមុខរដ្ឋាភិបាល។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី
យល់ឃើញថា
ប្រសិនបើមានការធ្វើបាតុកម្មពីគណបក្សផ្សេងប្រឆាំងនឹងគណបក្ស
សង្គ្រោះជាតិនោះ ជាសិទ្ធិនយោបាយរបស់គណបក្សនីមួយៗ។
គណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលបោះឆ្នោត
ហើយនៅតែប្រកាន់ជំហរមិនចូលរួមសភាជាមួយគណបក្សប្រជាជនកម្ពុជា
ប្រសិនបើគ្មានដំណោះស្រាយរកយុត្តិធម៌ជូនម្ចាស់ឆ្នោតជាមុន។
គណបក្សប្រឆាំងក៏បានចោទប្រកាន់រដ្ឋសភា
និងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាជាសភា
និងរដ្ឋាភិបាលខុសច្បាប់៕
No comments:
Post a Comment