Wednesday, October 30, 2013

ស្ត្រី​ម្នាក់​ដើរ​ពី​ខេត្ត​កំពង់ចាម​ជាមួយ​កូន​បី​នាក់​មក​ចូល​រួម​បាតុកម្ម​របស់​បក្ស​ប្រឆាំង

សៅ ពៅ សង្គ្រោះ​ជាតិ ៦១០ 
 លោកស្រី សៅ ពៅ ពាក់​អាវ​ដៃ​វែង​ពណ៌​ត្រួយ​ចេក​ខ្ចី កំពុង​រាំ​ពត់ពេន​ជាមួយ​ក្រុម​បាតុករ​ដទៃ​ទៀត ពេល​សម្រាក​ថ្ងៃ​ត្រង់ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Vann Vichar
2013-10-24 
ដោយ វណ្ណ វិចារ
RFA
មនុស្ស​រាប់​ម៉ឺន​នាក់ បាន​ចូល​រួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​៣ ដែល​ចាប់​ផ្ដើម​ធ្វើ​កាល​ថ្ងៃ​ទី​២៣ ខែ​តុលា។ ក្រុម​បាតុករ​ភាគ​ច្រើន បាន​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្សេងៗ មក​ធ្វើ​បាតុកម្ម។ អ្នក​ខ្លះ​ជិះ​ម៉ូតូ អ្នក​ខ្លះ​ជិះ​ឡាន​ផ្ទាល់​ខ្លួន អ្នក​ខ្លះ​ទៀត​រៃ​លុយ​គ្នា​ជួល​ឡាន ជិះ​រ៉ឺម៉ក​កង់​បី​ជាដើម។ ប៉ុន្តែ ស្ត្រី​បាតុករ​ម្នាក់​ជា​អតីត​អ្នក​រស់​នៅ​តំបន់​បុរីកីឡា និង​កូន​បី​នាក់ បាន​ដើរ​រយៈពេល ២៣​ថ្ងៃ ពី​ខេត្ត​កំពង់ចាម មក​ចូល​រួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ។
«ខ្ញុំ​មក​នេះ មិន​មែន​ដើម្បី​ប្រយោជន៍​ខ្ញុំ​ទេ ខ្ញុំ​ធ្វើ​ដើម្បី​ប្រយោជន៍​កូន​ចៅ​ក្រោយៗ​ទៀត» នេះ​សម្ដី​របស់​ស្ត្រី​ជា​បាតុករ ឈ្មោះ សៅ ពៅ ដែល​ដើរ​ពី​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម មក​ចូល​រួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ស្ត្រី​រូប​នេះ ជា​អតីត​អ្នក​បម្រើ​នៅ​ដំណាក់​ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ហើយ​ធ្លាក់​ខ្លួន​មេម៉ាយ បន្ទាប់​ពី​ប្ដី​ទី​១ របស់​គាត់ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ជិត​រោងកុន​វិមានទិព្វ ក្នុង​ព្រឹត្តិការណ៍​ប្រយុទ្ធ​បង្ហូរ​ឈាម​រវាង​កងទ័ព​របស់ លោក ហ៊ុន សែន និង​កងទ័ព​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​៥ និង ៦ កក្កដា ឆ្នាំ​១៩៩៧។
លោកស្រី សៅ ពៅ ជា​អតីត​សកម្មជន​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៣ រួច​ក៏​ប្ដូរ​ចិត្ត​ទៅ​គាំទ្រ​បក្ស លោក សម រង្ស៉ី វិញ ព្រោះ​តែ​ខឹង​នឹង​ទាហាន​របស់​បក្ស​ប្រជាជន​កម្ពុជា ដែល​បាញ់​សម្លាប់​ប្ដី​របស់​គាត់។
បន្ទាប់​ពី​ប្ដី​ទី​១ ត្រូវ​គេ​សម្លាប់ គាត់​បាន​យក​ប្ដី​ទី​២ ជា​អ្នក​ធាក់​ស៊ីក្លូ បាន​កូន​បី​នាក់​ទៀត ដោយ​ជួល​ផ្ទះ​គេ​រស់​នៅ​អស់​រយៈពេល​ជាង ១០​ឆ្នាំ នៅ​ម្តុំ​បុរីកីឡា។ ពេល​ដែល​ប្លុក​បុរីកីឡា ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច គ្រួសារ​គាត់​ក៏​ត្រូវ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ត្រូវ​រស់​នៅ​ក្រោម​ដើម​ឈើ​តាម​ផ្លូវ​សាធារណៈ ហើយ​ប្ដី​ទី​២ របស់​គាត់ ក៏​ស្លាប់​ដោយសារ​ជំងឺ ចោល​គាត់​ទៀត។
នៅ​ឆ្នាំ​២០១១ រូប​គាត់​ក៏​ត្រូវ​ទៅ​រស់​នៅ​តាម​ប្ដី​ទី​៣ នៅ​ឃុំ​តាម៉ៅ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ជា​ទី​ដែល​គាត់​ហត់​ទាំង​កាយ នឿយ​ទាំង​ចិត្ត។ លោកស្រី សៅ ពៅ ប្រាប់​ថា គ្រួសារ​គាត់​ត្រូវ​រស់​នៅ​ក្នុង​ខ្ទម​តូច​មួយ ហើយ​ពួក​គាត់​តែង​រង​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​របស់​ បក្ស​កាន់​អំណាច ព្រោះ​តែ​គេ​ដឹង​ថា គាត់​គាំទ្រ​បក្ស​ប្រឆាំង។ លោកស្រី​គិត​ថា បើ​បណ្តោយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ប្រទេស​ម្នាក់​ឯង​ត​ទៅ​ទៀត កូនៗ​របស់​គាត់​នឹង​មាន​វាសនា​មិន​ខុស​ពី​គាត់​ទេ។ កូន​ប្រុស​នឹង​អាច​ចាក​ចោល​ស្រុក ទៅ​ធ្វើ​កម្មករ ហើយ​វាសនា​កូន​ស្រី​ក៏​មិន​ច្បាស់​លាស់​ដែរ ព្រោះ​ថា​សង្គម​ពុក​រលួយ ប្រកាន់​បក្ខពួក អ្នក​ក្រ​គ្មាន​លុយ​គ្មាន​ឱកាស។ លោកស្រី​បញ្ជាក់​ថា ព្រោះ​តែ​ចង់​ផ្លាស់​ប្ដូរ រូប​គាត់​សុខ​ចិត្ត​ដើរ​ពី​ខេត្ត​កំពង់ចាម ដើម្បី​ធ្វើ​បាតុកម្ម។
ក្នុង​វ័យ ៤៧​ឆ្នាំ លោកស្រី សៅ ពៅ មាន​មាឌ​ស្គម មុខ​ស្រួច ពាក់​វ៉ែនតា​ពណ៌​ខ្មៅ ពាក់​មួក​គណបក្ស​សង្គ្រោះ​ជាតិ អាវ​ដៃ​វែង​ពណ៌​ត្រួយ​ចេក​ខ្ចី ដែល​មាន​បិទ​ស្លាក​ថា ដូរ។ នៅ​កណ្ដាល​ថ្ងៃ​ក្តៅ​ហែង មុខ​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី សៅ ពៅ បាន​រាំ​ពត់ពេន​ខ្លួន​ជាមួយ​បាតុករ​ជាច្រើន​នាក់​ទៀត តាម​ចង្វាក់​ភ្លេង​របស់​ក្រុម​តន្ត្រី​បក្ស​ប្រឆាំង ដែល​ប្រគំ​បទ​កន្ទ្រឹម​កំដរ​បាតុករ​សម្រាក​ថ្ងៃ​ត្រង់។ រាំ​ទាំង​មុខ​ស្ងួត បាន​ពីរ​បទ ស្ត្រី​បាតុករ សៅ ពៅ បាន​ស្ទុះ​ទៅ​រក​ស្តង់​ដែល​មាន​កូន​ស្រី​តូច​នៅ​ចាំ​ទី​នោះ។
កូន​សៅ ពៅ សង្គ្រោះ​ជាតិ ៦១០
កូន​ទាំង​បី​នាក់​របស់ លោកស្រី សៅ ពៅ កំពុង​សម្រាក​ថ្ងៃ​ត្រង់​នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Vann Vichar
លោកស្រី​រំលឹក​ថា ពេល​ចេញ​ពី​កំពង់ចាម ជាមួយ​កូន​បី​នាក់ រូប​គាត់​មាន​លុយ​ក្នុង​ខ្លួន ៧​ពាន់​រៀល ចាន​៤ ស្លាបព្រា​៤ ឆ្នាំង​២ និង​អង្ករ ៥​គីឡូ ព្រម​ទាំង​មុង​ភួយ​មួយ​សម្រាប់។ រូប​គាត់​ព​កូន​ស្រី​ពៅ​អាយុ ៦​ឆ្នាំ កូន​ប្រុស​អាយុ ១៣​ឆ្នាំ ជា​អ្នក​លី​មុង​ភួយ និង​កន្ទេល ហើយ​រើស​អេតចាយ​ទុក​លក់​យក​ទិញ​ម្ហូប​តាម​ផ្លូវ កូន​ប្រុស​អាយុ ១០​ឆ្នាំ ជា​អ្នក​ទូល​អង្ករ។ ស្ត្រី​រូប​នេះ បញ្ជាក់​ថា គាត់​ធ្លាប់​សុំ​ឡាន​គេ​ជិះ​មក​ភ្នំពេញ ដែរ តែ​គេ​មិន​ឲ្យ​ជិះ​ទេ ព្រោះ​តែ​គាត់​មិន​មាន​លុយ។
នៅ​ខេត្ត​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត ដោយ​ទទួល​បាន​អាសនៈ​សភា​ចំនួន ១០​កៅអី ទល់​នឹង​គណបក្ស​កាន់​អំណាច​ដែល​ឈ្នះ​ឆ្នោត ៨​កៅអី បើ​ទោះ​បី​ជា​ថ្នាក់​ដឹក​នាំ​ធំៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈរ​ជា​អ្នក​តំណាង​រាស្ត្រ​នៅ​ខេត្ត​នេះ​ដែរ​ក៏ដោយ។
អង្គុយ​មើល​អ្នក​កាសែត​សម្ភាស លោកស្រី សៅ ពៅ តាំង​ពី​ចាប់​ផ្ដើម​នោះ បាតុករ​ម្នាក់ ឈ្មោះ សុក មាស ដែល​រស់​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ឲ្យ​ដឹង​ថា ពួក​គាត់​មិន​ចូល​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​តែ​បញ្ហា​រំលោភ​បំពាន​ដីធ្លី និង​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់។ លោក​បញ្ជាក់​ថា រូប​គាត់​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ នៅ​ពេល​ដែល​បាន​ដឹង​ថា មាន​អ្នក​ស្រុក​របស់​គាត់​ដើរ​មក​ធ្វើ​បាតុកម្ម​តាំង​ពី​កំពង់ចាម ដល់​ភ្នំពេញ ហើយ​ទង្វើ​នេះ​ពិត​ជា​មិន​សរសើរ​មិន​បាន​ទេ។
ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ដែល​តាម​ដាន​កិច្ច​សម្ភាសន៍​របស់​ស្ត្រី សៅ ពៅ និង​អ្នក​កាសែត​នោះ យល់​ថា ករណី​ស្ត្រី​ដើរ​ថ្មើរ​ជើង​មក​ធ្វើ​បាតុកម្ម​នេះ ជា​ករណី​ត្រូវ​តែ​សិក្សា។ លោក​បន្ត​ថា ស្ត្រី​រូប​នេះ​រងគ្រោះ​ដោយសារ​បញ្ហា​គ្រួសារ​ផង និង​ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ ដែល​បង្ក​ផល​លំបាក​សម្រាប់​ពលរដ្ឋ​ទូទៅ​ផង។ លោក​យល់​ថា រឿងរ៉ាវ​របស់​ស្ត្រី​រើស​អេតចាយ​រូប​នេះ ពិត​ជា​គួរ​ឲ្យ​អាណិត ប៉ុន្តែ​រឿង​នេះ​អាច​ជា​គំរូ​សម្រាប់​ពលរដ្ឋ​ទូទៅ​យក​ទៅ​ត្រិះរិះ​ពិចារណា។
នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​តុលា កូន​ប្រុស​ទាំង​ពីរ​របស់​ស្ត្រី សៅ ពៅ មិន​ទំនេរ​ឡើយ។ ពួក​គេ​ដើរ​រើស​ដប​ទឹក​សុទ្ធ ដើម្បី​ប្រមូល​ទុក​លក់​យក​លុយ​ធ្វើ​សោហ៊ុយ​ជិះ​ឡាន​ត្រឡប់​ទៅ​កំពង់ចាម វិញ។ ចំណែក​លោកស្រី សៅ ពៅ និង​កូន​ស្រី​អាយុ ៦​ឆ្នាំ​វិញ ឈរ​ចាំ​ទះ​ដៃ​ស្រែក​ហ៊ោកញ្ជ្រៀវ​តាម​សំឡេង​ក្រុម​បាតុករ​ដទៃ​ទៀត ដែល​ឡើង​ថ្លែង​ពី​បញ្ហា​នានា​នៅ​ចំពោះ​មុខ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង។ ពេល​ឃើញ លោក កឹម សុខា និង លោក សម រង្ស៉ី ឡើង​និយាយ​ទៅ​កាន់​ក្រុម​បាតុករ លោកស្រី សៅ ពៅ ញញឹម​បិទ​មាត់​មិន​ជិត​ឡើយ។
ស្ត្រី​បាតុករ​រូប​នេះ បញ្ជាក់​ថា រូប​គាត់​ពេញ​ចិត្ត​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ដោយសារ​បាត​ដៃ​បុគ្គល​ទាំង​ពីរ​មិន​ប្រឡាក់​ឈាម​ខ្មែរ។ ហើយ​មេ​បក្ស​ប្រឆាំង​ល្បី​ខាង​ស្អាតស្អំ មិន​ពុក​រលួយ។ លោកស្រី​បន្ថែម​ថា ពេល​ចប់​បាតុកម្ម បើ​លក់​ដប​ទឹក​មិន​បាន​គ្រប់​លុយ​ជិះ​ឡាន​ទៅ​ផ្ទះ​វិញ​ទេ​នោះ រូប​គាត់​នឹង​សុំ​ឡាន​បាតុករ​ផ្សេង​ទៀត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ។ តែ​គាត់​នឹង​មក​ទីលាន​ប្រជាធិបតេយ្យ​នៅ​លើក​ក្រោយៗ​ទៀត បើ​សិន​ណា​បក្ស​ប្រឆាំង​នៅ​តែ​ធ្វើ​បាតុកម្ម​នោះ៕

No comments: