Monday, October 7, 2013

បទ​វិភាគ៖ តើ​រដ្ឋាភិបាល​អាច​ដឹក​នាំ​ប្រទេស​ដោយ​គ្មាន​បក្ស​ប្រឆាំង​បាន​ដែរ​ឬ​ទេ?

ប្រជុំ​សភា ៦១០ 
 ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។ (RFA/Van Vichar)
2013-10-04 
ដោយ ទីន ហ្សាការីយ៉ា
RFA
រដ្ឋាភិបាល និង​រដ្ឋសភា​នីតិកាល​ទី៥ មាន​តែ​ឯក​បក្ស​នៅ​ពេល​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដ៏​ចម្រូងចម្រាស ពីព្រោះ​ថា គណបក្ស​ប្រឆាំង​មិន​ចូល​រួម​សភា​នោះ​ទេ ដោយ​ចោទ​ប្រកាន់​ថា ជា​សភា​ខុស​ច្បាប់។ ទាក់ទង​នឹង​បញ្ហា​នេះ តើ​រដ្ឋាភិបាល​អាច​ដឹក​នាំ​ប្រទេស​តែ​ឯកឯង​ដោយ​គ្មាន​ការ​គាំទ្រ​ពី​គណបក្ស​ ប្រឆាំង​បាន​ដែរ​ទេ?
ប្រទេស​កម្ពុជា ធ្លាប់​បាន​ឆ្លង​កាត់​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​រវាង​អ្នក​នយោបាយ​ ជាច្រើន​ដំណាក់​កាល ពិសេស​នៅ​ក្រោយ​ពេល​ប្រទេស​នេះ​បាន​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ដោយ​ការ​ជ្រើស​រើស​មេ​ដឹក​នាំ​ប្រទេស​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី នៅ​ឆ្នាំ​១៩៩៣ នោះ។
ក្រោយ​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ ទោះ​បី​ជា​លទ្ធផល​បោះ​ឆ្នោត​ស្ថិត​នៅ​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា​រវាង​ គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ក៏ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​គ្រប់គ្រង​អំណាច​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​បង្កើត​សភា និង​រដ្ឋាភិបាល​ថ្មី​ដោយ​ឯក​បក្ស ផ្អែក​លើ​លទ្ធផល​បោះ​ឆ្នោត​របស់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​គេ​ដឹង​ថា ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខ្លួន​ឯង​នោះ។ ដោយ​ហេតុ​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​ស្គាល់​សភា និង​រដ្ឋាភិបាល​ថ្មី​នេះ​ទេ។
នៅ​គ្រា​ដែល​គណបក្ស​ប្រឆាំង​កំពុង​ត​តាំង​ទាមទារ​រក​យុត្តិធម៌​ជូន​ ម្ចាស់​ឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា ឯណោះ ក៏​កំពុង​ប្រញិបប្រញាប់​ដាក់​ចេញ​នូវ​ផែន​ការ​មួយ​ចំនួន បន្ទាប់​ពី​គណបក្ស​នេះ​បង្កើត​សភា និង​បង្កើត​រដ្ឋាភិបាល​បាន​ជោគជ័យ ក្រោម​ព្រះ​រាជាធិបតី​ភាព ព្រះមហាក្សត្រ​នោះ។
ប៉ុន្តែ តើ​រដ្ឋាភិបាល​ថ្មី​នេះ​អាច​ដឹក​នាំ​ប្រទេស​បាន​ជឿនលឿន​ដូច​ប្រទេស​កំពុង​ អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​នោះ​ឬ​ទេ? រដ្ឋាភិបាល​ថ្មី​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ក្នុង​ការ​ដឹក​នាំ​របស់​ខ្លួន ពិសេស​គឺ​បញ្ហា​សេដ្ឋកិច្ច ទោះ​បី​ជា លោក ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​សម្រាប់​នីតិកាល​ទី៥ នេះ បាន​អះអាង​ថា កំណើន​សេដ្ឋកិច្ច​នឹង​កើន​ដល់​ប្រមាណ ៧% ក៏ដោយ។
អ្នក​ជំនាញ​សេដ្ឋកិច្ច និង​អ្នក​ជំនាញ​ខាង​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បាន​ពន្យល់​ថា រដ្ឋាភិបាល​ឯក​បក្ស​នេះ​អាច​ដឹក​នាំ​ប្រទេស​ទៅ​បាន​ក្នុង​ល្បឿន​យ៉ាប់យ៉ឺន​ ជា​ទី​បំផុត។ អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​លើក​ជា​ឧទាហរណ៍​ថា រដ្ឋាភិបាល​ថ្មី និង​រដ្ឋសភា​ឯក​បក្ស​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ជា​កញ្ចក់​ឆ្លុះ​សង្គម​នេះ ប្រៀប​ដូច​ជា​ឡាន​មាន​កង់​បួន ហើយ​កង់​ពីរ​បែក ដែល​ឡាន​នេះ​ងាយ​នឹង​គ្រោះថ្នាក់ ទោះ​បី​ការ​បើក​ទៅ​មុខ​ក្នុង​ល្បឿន​យឺត​ក្ដី។
ទន្ទឹម​នឹង​និន្នាការ​នៃ​ប្រទេស​កុម្មុយនីស្ត និង​ប្រទេស​កាន់​អំណាច​ផ្តាច់​ការ​ជាច្រើន ងាក​ទៅ​រក​ប្រជាធិបតេយ្យ និង​ឈោង​ទៅ​ចាប់​យក​អាមេរិក ជា​ដៃគូ​ពាណិជ្ជកម្ម​ជា​ធំ ដូច​ជា​ភូមា និង​វៀតណាម ជាដើម ទោះ​បី​ជា​ប្រទេស​ទាំង​នេះ​មិន​ប្រកាស​ខ្លួន​ជា​ប្រទេស​ប្រកាន់​ លទ្ធិប្រជាធិបតេយ្យ​ក្ដី កម្ពុជា រដ្ឋាភិបាល​ហាក់​ងាក​ទៅ​ប្រទេស​កុម្មុយនីស្ត​ចិន ជា​ខ្នង​បង្អែក​ទាំង​សេដ្ឋកិច្ច និង​នយោបាយ។
ការ​រីក​ចម្រើន​កន្លង​មក ក៏​ដោយសារ​ប្រទេស​កម្ពុជា ត្រូវ​បាន​សហគមន៍​អឺរ៉ុប ងាក​មក​យក​ចិត្ត​ទុក​ដាក់ និង​លើក​ស្ទួយ​ផ្នែក​ពាណិជ្ជកម្ម ដោយ​ការ​លើក​លែង​ពន្ធ​នាំ​ចូល​ទៅ​កាន់​សហគមន៍​អឺរ៉ុប និង​លុប​ចេញ​លក្ខខណ្ឌ​តឹង​តែង​មួយ​ចំនួន​ទៀត ចាប់​ពី​ប្រទេស​នេះ​ទទួល​យក​លទ្ធិប្រជាធិបតេយ្យ ក្រោយ​ពេល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ មក ដោយ​មាន​អ្នក​វិនិយោគ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ជា​បន្តបន្ទាប់។
អ្វី​ដែល​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​ប្រទេស​មិន​មាន​ការ​រីក​ ចម្រើន​ខ្លាំង​ក្នុង​អាណត្តិ​នេះ គឺ​អាច​មក​ពី​ការ​ដែល​រដ្ឋាភិបាល​កំពុង​ដើរ​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា កម្ពុជា ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នោះ​ឯង។ ប្រការ​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​លើ​សកលលោក នឹង​មិន​ចាប់​អារម្មណ៍​រដ្ឋាភិបាល​ថ្មី​នេះ​ទេ ពិសេស​គឺ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដែល​ប្រទេស​ទាំង​នេះ​បាន​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ជាច្រើន​ដល់​កម្ពុជា លើ​វិស័យ​កាត់​ដេរ​ជាដើម។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​ដំបូង​របស់​ខ្លួន បន្ទាប់​ពី​លោក​ត្រូវ​បាន​សភា​បោះ​ឆ្នោត​ជា​កញ្ចប់​ជា​នាយក​រដ្ឋមន្ត្រី​ នីតិកាល​ទី៥ ថា លោក​ធានា​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​យ៉ាង​តិច​បំផុត​ប្រមាណ ៧% នៅ​រយៈពេល​មធ្យម​ខាង​មុខ​នេះ។
អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា កម្ពុជា អាច​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧% ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​កំណើន​នោះ នឹង​អាច​ស្ថិត​នៅ​ទ្រឹង ឬ​គ្មាន​ឱកាស​ហក់​ឡើង​ទៅ​ប្រទេស​អភិវឌ្ឍន៍​ឡើយ ប្រសិន​បើ​កម្ពុជា មិន​ធ្វើ​កំណែ​ទម្រង់​លើ​គោល​នយោបាយ​កាត់​បន្ថយ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ រួម​ទាំង​ពង្រឹង​មូលដ្ឋាន​ផលិត​ដែល​មិន​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​ទេ​នោះ។
ធនាគារ​ពិភពលោក បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។ អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រមាណ ៨០% មាន​ដី​ធ្វើ​កសិកម្ម​តិច​ជាង​មួយ​ហិកតារ ស្រប​ពេល​ដែល​អ្នក​មាន​អំណាច​ប្រមាណ ២០% មាន​ដី​ច្រើន​ជាង ៥០០​ហិកតារ ដែល​គ្រប់គ្រង​ដី​ផលិត​កសិកម្ម​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជា។
គម្លាត​អ្នក​មាន និង​អ្នក​ក្រ​ខុស​គ្នា​ខ្លាំង​នេះ វិបត្តិ​សង្គម​នឹង​កើត​ឡើង គួប​ផ្សំ​នឹង​ស្ថានភាព​នយោបាយ​មិន​មាន​ស្ថិរភាព​ល្អ ភាព​ឥត​ការងារ​របស់​យុវជន​កាន់​តែ​ច្រើន ដោយសារ​តែ​អ្នក​វិនិយោគ​មិន​ហ៊ាន​ចូល​មក​វិនិយោគ​បន្ថែម រីឯ​អ្នក​វិនិយោគ​ដែល​មាន​ស្រាប់ អាច​បញ្ឈប់​វិនិយោគ ហើយ​ងាក​ទៅ​ប្រទេស​ជិត​ខាង ដូច​ជា​នៅ​វៀតណាម និង​ថៃ ជាដើម។
ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​ដំណាក់​កាល​នេះ អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​កំពុង​ដើរ​ផ្ទុយ​គ្នា។ ផ្ទុយ​គ្នា​នៅ​ត្រង់​ថា ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ច្រើន​អំពី​លទ្ធិប្រជាធិបតេយ្យ ចង់​បាន​សេរីភាព​ពេញ​លេញ ដូចជា​ប្រជាពលរដ្ឋ​ហ៊ាន​ចេញ​មុខ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​សង្គម ហ៊ាន​តវ៉ា​អំពី​លទ្ធផល​ឆ្នោត​ដោយ​មក​ចូល​រួម​ជា​គណបក្ស​ប្រឆាំង​ធ្វើ​ បាតុកម្ម និង​ផ្សេងៗ​ទៀត។
អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​រដ្ឋាភិបាល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ហាក់​បី​ដូច​ជា​ចង់​ដឹក​នាំ​ប្រទេស​ទៅ​ជា​ប្រទេស​កុម្មុយនីស្ត​បែប​ សិង្ហបុរី ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ធានា​នូវ​ការ​ដឹក​នាំ​ដូច​សិង្ហបុរី បាន​ទេ ពោល​គឺ ទី១ រដ្ឋាភិបាល​កម្ពុជា មិន​អាច​ធានា​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​បាន ដោយ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ​ខុស​គ្នា​ខ្លាំង។ ទី២ រដ្ឋាភិបាល​មិន​អាច​ធានា​យុត្តិធម៌​សង្គម​មិន​បាន និង​ទី៣ រដ្ឋាភិបាល​មិន​អាច​លុប​បំបាត់​អំពើ​ពុក​រលួយ​បាន ទោះ​បី​ជា លោក ហ៊ុន សែន បាន​ធានា​អះអាង​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ដោយ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​លោក​ក៏ដោយ ពីព្រោះ​ថា ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​នេះ ធ្លាប់​បាន​ធ្វើ​កាល​ពី​នីតិកាល​ទី៤ រួម​មាន​ការ​ការពារ​ព្រៃ​ឈើ ការ​ធានា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ករណី​ផ្សេងៗ​ទៀត តែ​ការ​កែ​ទម្រង់​របស់​រដ្ឋាភិបាល​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។
ជាង​នេះ​ទៅ​ទៀត នៅ​ក្នុង​អាណត្តិ​ទី៥ នេះ នៅ​គ្រា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​សភា និង​រដ្ឋាភិបាល​ដោយ​ឯក​បក្ស ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​សកម្មភាព​ អសកម្ម ឬ​សកម្មភាព​ពុក​រលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​នោះ បញ្ហា​ដឹក​នាំ​ប្រទេស​នឹង​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​អាណត្តិ​ទី៤ ទៀត​ក៏​ថា​បាន ដោយ​ហេតុ​ថា សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​នេះ​ទេ។ រដ្ឋាភិបាល​កម្ពុជា នឹង​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ដូច​ដែល​ប្រទេស​ទាំង​នេះ​ធ្លាប់​ដាក់​គំនាប​សេដ្ឋកិច្ច​នៅ​ប្រទេស​ភូមា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ថា​បាន នៅ​ពេល​នោះ វិបត្តិ​សង្គម​នឹង​កើត​មាន​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​ការ​រើ​បម្រាស់​នឹង​អាច​កើត​មាន​នៅ​ពេល​ខាង​មុខ៕

No comments: