ជំនួបលើកទីពីររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ (រូបថត ញឹម សុខន)
ដោយ៖ ពៅ មេត្តា
VOD
ថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា
ត្រៀមលក្ខណៈរួចហើយ នៃការជួបពិភាក្សាលើកទី៣នៅដើមខែវិច្ឆិកា
ដើម្បីស្តាប់ពីតម្រូវការគ្នាទៅវិញឈានទៅរកចំណុចឯកភាពរួមក្នុង
ការដឹកនាំប្រទេស បញ្ចប់ភាពទាល់ច្រកផ្នែកនយោបាយ។
ថ្នាក់ដឹកនាំទាំងពីរបានជួបគ្នាពីរលើករួចមកហើយ កាលពីថ្ងៃទី១៦
និង១៧ ខែកញ្ញា គឺខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន
ជាអនុប្រធានគណបក្ស ចំណែកគណបក្សសង្គ្រោះជាតិ ដឹកនាំលោក សម រង្ស៊ី
ជាប្រធានគណបក្ស។ បន្ទាប់ពីជំនួបភាគី
ទាំងពីរបានចេញសេចក្តីថ្លែងការណ៍
និងសន្និសីទរួមគ្នាប្រាប់ទៅសាធារណជនថា
ជំនួបនោះទទួលបានជោគជ័យ។
ជោគជ័យដែលបក្សទាំងពីរលើកឡើង ហាក់មានតែលើក្រដាស
គឺមិនមានឥទ្ធិពលក្នុងការដោះស្រាយវិបត្តិនយោបាយទេ
គឺគណបក្សប្រជាជនកម្ពុជាសម្រេចបង្កើតសភា និងរដ្ឋាភិបាលដោយឯកបក្ស
ចំណែកគណបក្សប្រឆាំងបន្តដឹកនាំធ្វើបាតុកម្ម
និងប្រមូលស្នាមមេដៃដាក់ទៅ
សហគមន៍អន្តរជាតិឲ្យដាក់សម្ពាធលើគណបក្សប្រជាជនកម្ពុជា។
តើការជួបគ្នាលើកគ្នាទី៣នេះ អាចទទួលជោគជ័យលើក្រដាស
ដូចលើកទី២ទៀត ឬទទួលបានជោគជ័យពិតប្រាកដ
ដែលមានឥទ្ធិពលដល់ការដោះស្រាយវិបត្តិនយោបាយបាន?
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានជំនឿថា
ជំនួបនោះអាចឈានដល់ចំណុចឯកភាពគ្នា
ទម្លាយភាពទាល់ច្រកផ្នែកនយោបាយបាន។ លោកបញ្ជាក់ថា ពេលនេះ
គណបក្សទាំងពីរហាក់ដូចជា បង្ហាញជំហរចង់ដោះស្រាយបញ្ចប់វិបត្តិនយោបាយ
ដែលនៅសេសសល់ ៖ “តាំងពីដើមមក កន្លែងដែលខុសគ្នាគឺតិចតួចបំផុត
មិនសូវជាមានខុសគ្នាច្រើនប៉ុន្មានទេ ទន្ទឹមគ្នាថ្ងៃ ១៦និង១៧
គឺមិនខុសគ្នាប៉ុន្មានទេ ទន្ទឹមគ្នានោះគន្លឹះដែលខុសគ្នានោះ
ច្រើនតែលើកជាលក្ខណៈនយោបាយ
លក្ខណៈជាការនិយាយជាមួយអ្នកគាំទ្ររបស់ខ្លួន ជាជាងការពិត”។
ចាប់ពីថ្ងៃទី១
នៃការធ្វើបាតុកម្មលើកទី៣របស់គណបក្សសង្គ្រោះជាតិ
សមាជិកគណៈចិន្ត្រៃយ៍ គណបក្សគណបក្សប្រជាជនកម្ពុជា លោក ស ខេង និង លោក ជាម
យៀប រួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍
នៃរដ្ឋសភាមកពីគណបក្សប្រជាជនលោក ឈាង វុន បានបញ្ជាក់ថា
គណបក្សនេះត្រៀមលក្ខណៈរួចហើយសម្រាប់ចរចាជាមួយគណបក្សសង្គ្រោះជាតិ
។
សម្រាប់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៨ខែតុលា
បានប្រជុំផ្ទៃក្នុងរបស់ខ្លួន ហើយកំណត់យកចំណុចចំនួនបី
ដើម្បីត្រៀមចរចាជាមួយគណបក្សប្រជាជនកម្ពុជាគឺទី១
ស៊ើបអង្កេតរកការពិតនៃការបោះឆ្នោត ទី២
ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទី៣
ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អង្គការNDI
និងអង្គការខុមហ្វ្រែល ជុំវិញដំណើរការបោះឆ្នោត។
បើពិនិត្យលើចំណុចទាមទាររបស់គណបក្សសង្គ្រោះជាតិ
ហាក់ដូចជាមានចំណុចខ្លះ មានការស្របគ្នា គឺការធ្វើកំណែទម្រង់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការទទួលយកអនុសាសន៍របស់
អ្នករាយការណ៍ពិសេស និងអង្គការសង្គមស៊ីវិល។ នៅក្នុងខែតុលារដ្ឋាភិបាល
ដែលបង្កើតដោយគណបក្សប្រជាជនកម្ពុជា បានរៀបចំគម្រោងរៀបចំសិក្ខាសាលា
ប្រមូលយកអនុសាសន៍នានា ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត។
តែចំណុចមួយក្នុងចំណោមចំណុចទាំងបី
ដែលគណបក្សសង្គ្រោះជាតិទាមទារនោះ
គឺការបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតពីភាពមិនប្រក្រតី
នៅពេលបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាមិនទាន់
ធ្វើសកម្មភាពណាមួយឆ្លើយតបនិងចំណុចនេះទេ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោក កែម ឡី មិនមានជំនឿថា
ជំនួបលើកទី៣ រវាងលោក ហ៊ុន សែន និង លោក សម រង្ស៊ី នោះ
អាចឈានដល់ការទម្លាយភាព ទាល់ច្រកផ្នែកនយោបាយទេ ដោយលោកអះអាង
ការទាមទាររបស់គណបក្សសង្គ្រោះជាតិ ហាក់ដូចជាមាន
ការប្រែប្រួលមិនមានគោលជំហរច្បាស់លាស់ ចំណែកគណបក្សប្រជាជន
មិនមានភាពស្មោះ ត្រង់ក្នុងទទួលយកទៅជជែក។ លោក កែម ឡី
ជំរុញឲ្យគណបក្សទាំងពីរជជែកគ្នា ដាក់ចំណុច
នៃការពិភក្សាគឺផ្តោតសំខាន់លើផលប្រយោជន៍ជាតិ
និងប្រយោជន៍ម្ចាស់ឆ្នោត ៖ “គួរតែត្រឡប់ទៅជជែកគ្នាវិញ
ថាតើលក្ខខណ្ឌណាខ្លះ ដែលយើងគួរយកមកជជែកគ្នា
ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ លក្ខខណ្ឌណាខ្លះដើម្បីប្រយោជន៍សហគមន៍
លក្ខខណ្ឌណាខ្លះដើម្បីប្រយោជន៍សង្គមបានជួយគ្នា
ហើយមិនដែលអត់ថារាំងស្ទះអ្វីទេ”។
ក្រោយពេលប្រកាសលទ្ធផល នៃការបោះឆ្នោតនៅថ្ងៃទី១២ ខែកញ្ញា
គណបក្សសង្គ្រោះជាតិ ចោទគណបក្សប្រជាជនកម្ពុជាថា
ជាអ្នកលួចបន្លំសន្លឹកឆ្នោត ហើយប្រកាសមិនទទួលស្គាល់លទ្ធផល
ចំណែកបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប
ដែលសមាជិក២៨ប្រទេស ជំរុញឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតី
នៅពេលបោះឆ្នោតឲ្យមានតម្លាភាព។
កាលពីចុងខែកញ្ញា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក សុរិយា
ស៊ូប៊ែឌី ជំរុញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ បន្តការ ពិភាក្សាដោះស្រាយភាពជាប់គាំងនយោបាយ
ដោយសន្តិវិធី ដោយតម្កល់ផលប្រយោជន៍ជាធំ៕
No comments:
Post a Comment