2013 មាស សុខជា
The Phnom Penh Post
មូលហេតុដែលគណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ ហើយស្នើឲ្យគណបក្សប្រជាជនកម្ពុជា ពិភាក្សានៅក្រៅរដ្ឋសភាគឺដើម្បីធានានូវតម្លាភាព និងមានមូលដ្ឋានច្បាស់លាស់។
ភ្នំពេញៈ ក្រុមមន្រ្តី បានឲ្យដឹងថា ជំនួបចរចាលើក ទី២
រវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងនឹងធ្វើឡើងជាថ្មីទៀត
នៅក្នុងសប្តាហ៍នេះ ដែលជំនួបលើកនេះ
អាចមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលដើម្បីស្វែងរក
យន្តការបញ្ចប់វិវាទ ទាក់ទងទៅនឹងការមិនចុះសម្រុងគ្នា
លើភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីខែ កក្កដា កន្លងទៅ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍
កាលពីម្សិលមិញថា គណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណបក្សសង្គ្រោះជាតិ
បានសម្រេចកំណត់ពេលចរចាជាមួយនឹង មេដឹកនាំគណបក្សប្រជាជន
ក្នុងសប្តាហ៍នេះ ឬដើមខែក្រោយ ហើយលោកនឹងស្នើសុំគណបក្សប្រជាជន
ពិភាក្សានៅក្រៅរដ្ឋសភា ហើយត្រូវមានអ្នកសង្កេតការណ៍ជាតិ
និងអន្តរជាតិចូលរួមក្នុងកិច្ចពិភាក្សានោះ
ហើយការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោតត្រូវតែធ្វើ
ឡើង។
គណបក្សប្រជាជន បានបដិសេធជាច្រើនលើកមកហើយ
ចំពោះសំណើរបស់គណបក្សប្រឆាំង
ដែលស្នើឲ្យបង្កើតគណៈកម្មការឯករាជ្យក្រៅក្របខ័ណ្ឌច្បាប់
ដើម្បីធ្វើការស៊ើបអង្កេតទៅលើភាពមិនប្រក្រតីក្នុងការបោះឆ្នោត
ដោយលើកឡើងថា
ការដោះស្រាយភាពមិនប្រក្រតីបានធ្វើឡើងចប់សព្វគ្រប់អស់ហើយតាម
រយៈ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។
ប៉ុន្តែគណបក្សប្រឆាំងបានចោទប្រកាន់ថា ស្ថាប័នទាំងនេះ
គឺជាឧបករណ៍បម្រើនយោបាយឲ្យគណបក្សប្រជាជនដែលមិនអាចយកជាការបាន
ឡើយ។
លោក សម រង្ស៊ី បានថ្លែងថា៖
«យើងចង់រកយន្តការដែលអាចរកដំណោះស្រាយបាន
ទាក់ទងនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតលើកមុន
ហើយទាក់ទងនឹងការធ្វើកំណែទម្រង់សម្រាប់ការបោះឆ្នោតលើកក្រោយ»។
លោក សម រង្ស៊ី បានបន្តថា មូលហេតុដែលគណបក្សសង្គ្រោះជាតិ
ស្នើសុំឲ្យមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ
ហើយស្នើឲ្យគណបក្សប្រជាជនកម្ពុជា
ពិភាក្សានៅក្រៅរដ្ឋសភាគឺដើម្បីធានានូវតម្លាភាព
និងមានមូលដ្ឋានច្បាស់លាស់។
ជាមួយនឹងការចរចានេះ គណបក្សសង្គ្រោះជាតិបានកំណត់បីចំណុច
សម្រាប់ពិភាក្សាជាមួយនឹងគណបក្សប្រជាជន
រាប់ទាំងការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត
ការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ផ្អែកតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ
និងការផ្លាស់ប្តូរមេដឹកនាំទាំង ៩ រូប នៅក្នុង គ.ជ.ប ដោយលោកសម
រង្ស៊ី លើកឡើងថា បញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោត
គឺដោយសារតែមេដឹកនាំ គ.ជ.ប ទាំងនោះ។ លោក សម រង្ស៊ី
បានបន្ថែមទៀតថា៖ «មេដឹកនាំទាំង ៩ រូបរបស់ គ.ជ.ប
មិនអាចកាន់តំណែងតទៅទៀតទេ ទុកឲ្យគេលាលែង
ជាសញ្ញាដើម្បីរកមេដឹកនាំថ្មីមកជំនួស
ចៀសវាងការកើតមានឧបសគ្គចំពោះការធ្វើកំណែទម្រង់»។
លោកបានគូសបញ្ជាក់ទៀតថា ការធ្វើកំណែទម្រង់ គ.ជ.ប
ត្រូវឈរលើមូលដ្ឋាននៃអនុសាសន៍របស់អង្គការសហប្រជាជាតិ។
ទាក់ទងនឹងកិច្ចចរចាថ្នាក់កំពូលនេះ លោក ស ខេង ឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីក្រសួង មហាផ្ទៃ
ដែលជាអ្នកសម្របសម្រួលក្រុមចរចាខាងភាគីគណបក្សប្រជាជន បានប្រាប់
ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា មេដឹកនាំគណបក្សប្រជាជន
នៅតែបើកចំហទ្វារចរចា ជាមួយនឹងគណបក្សសង្គ្រោះជាតិ ហើយថា លោក សម
រង្ស៊ី ដែលបានតវ៉ាចំពោះលទ្ធផលនៃការបោះឆ្នោត
អាចទូរស័ព្ទមកលោកនៅពេលណាក៏បាន ដើម្បីបើកការចរចាជាថ្មី។ លោក ស
ខេង បានថ្លែងថា៖ «ឥឡូវនេះ ទូរស័ព្ទខ្ញុំនៅតែបើក ប្រសិនបើឯកឧត្តម
សម រង្ស៊ី ចង់ទាក់ទង ឯកឧត្តម គួរទាក់ទងតាមទូរស័ព្ទ»។
ចំពោះចំណុចទាំងបី ដែលបានស្នើដោយគណបក្សសង្គ្រោះជាតិ
សម្រាប់ជារបៀបវារៈនៃការ ចរចា លោក ស ខេង បានបញ្ជាក់ថា
តាងនាមឲ្យគណបក្សប្រជាជន
លោកមិនជំទាស់សំណើរបស់គណបក្សសង្គ្រោះជាតិទេ
ជាពិសេសគណបក្សទាំងពីរត្រូវមកតុចរចា។ លោក ស ខេង បានបញ្ជាក់ថា៖
«វាផ្អែកទៅលើការចរចា។ ខ្ញុំមិនទាន់បដិសេធទេ។ ខ្ញុំនិយាយថា
ខ្ញុំមានមូលហេតុរបស់ខ្ញុំ។
ខ្ញុំមិននិយាយអ្វីដោយគ្មានមូលហេតុច្បាប់ទេ»។
ប៉ុន្តែ លោក បានគូសបញ្ជាក់ថា
ចំពោះការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោត
ត្រូវតែផ្អែកលើការព្រមព្រៀងនៃការចរចានៅថ្ងៃ ទី១៦ ខែ កញ្ញា
ដែលវាចាំបាច់ត្រូវមាន គ.ជ.ប ចូលរួមក្នុងការស៊ើបអង្កេត។
ចំពោះការស្នើឲ្យមេដឹកនាំ គ.ជ.ប លាលែងពីតំណែង លោក ស ខេង
បានថ្លែងថា ការផ្លាស់ប្តូរមេដឹកនាំ គ.ជ.ប
ត្រូវផ្អែកលើយន្តការរបស់រដ្ឋាភិបាល និងរដ្ឋសភា ព្រោះ គ.ជ.ប
ជាស្ថាប័នអចិន្រៃ្តយ៍ បង្កើតឡើងដោយរដ្ឋសភា
ហើយប្រសិនបើស្ថាប័ននេះត្រូវផ្លាស់ប្តូរ មេដឹកនាំថ្មី
ត្រូវដាក់ជំនួសភ្លាមៗ។ ទាក់ទងនឹងកំណែទម្រង់ គ.ជ.ប
តាមអនុសាសន៍របស់អង្គការសហប្រជាជាតិ លោក ខេង បានសង្កត់ធ្ងន់ថា
វាមិនអាចធ្វើទៅបានទេ ដោយលោកបានបញ្ជាក់ថា
រដ្ឋាភិបាលនឹងរៀបចំសិក្ខាសាលាស្តីពីកំណែទម្រង់ គ.ជ.ប
នៅចុងឆ្នាំនេះ ហើយថាតើគណបក្សសង្គ្រោះជាតិ ចូលរួម ឬយ៉ាងណា
វាជាសិទិ្ធរបស់ពួកគេ។
ចំពោះបីចំណុច ដែលស្នើដោយគណបក្សសង្គ្រោះជាតិ
សម្រាប់ការចរចាលើកនេះជាមួយ នឹងគណបក្សប្រជាជន លោកបណ្ឌិត សុខ ទូច
អ្នកវិភាគនយោបាយ រំពឹងថា ចំណុច ២ នៃចំណុចទាំង ៣
អាចទទួលយកដោយគណបក្សប្រជាជន ដោយលោកថា គណបក្សប្រជាជននៅពេលនេះ
គ្រោងបើកសិក្ខាសាលាធ្វើកំណែទម្រង់ គ.ជ.ប។
លោក សុខ ទូច បានបន្តថា៖
«ប៉ុន្តែការទទូចឲ្យស៊ើបអង្កេតលើការបោះឆ្នោត ខ្ញុំយល់ថា
វាអាចពិបាក។ ប្រសិនបើគណបក្ស សង្គ្រោះជាតិ
ស្នើសុំចំណុចដទៃទៀតលើបញ្ហាតុលាការអំពើពុករលួយ
តុល្យភាពអំណាចក្នុងរដ្ឋសភាវាអាចងាយស្រួល»។ លោកបានថ្លែងបន្តថា
គេមិនគួរស្នើអ្វីដែលមិនអាចធ្វើទៅបាននោះទេ។ លោកបានបន្ថែមថា៖
«ប្រសិនបើយើងវិលត្រឡប់ទៅធ្វើការស៊ើបអង្កេត
អ្នកខុសគឺខុសទាំងអស់។ ខុស ទី១ គឺ គ.ជ.ប ខុស ទី ២
គឺក្រុមប្រឹក្សាធម្មនុញ្ញ ខុស ទី ៣ គឺគណបក្សប្រជាជន ខុស ទី ៤
គឺព្រះមហាក្សត្រ»៕ TK
No comments:
Post a Comment