មាស សុខជា
The Phnom Penh Post
ភ្នំពេញៈ
ថ្នាក់ដឹកនាំគណបក្សប្រឆាំងកំពុងរង់ចាំចម្លើយពីថ្នាក់ដឹកនាំ
គណបក្សកាន់អំណាច
ក្នុងការជួបចរចារវាងថ្នាក់ដឹកនាំកំពូលដើម្បីធ្វើការពិភាក្សាទៅ
លើការកែទម្រង់ប្រព័ន្ធបោះឆ្នោតដែលការចរចាថ្នាក់ក្រុមបច្ចេកទេស
មិនអាចដោះស្រាយបាន ដោយធ្វើការព្រមានថា
ប្រសិនបើកិច្ចប្រជុំថ្នាក់កំពូល
មិនទទួលបានជោគជ័យទេនោះបាតុកម្មជាថ្មីនឹងត្រូវធ្វើឡើងដោយចៀស
មិនរួច។
លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថា
បន្ទាប់ពីកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរ
ត្រូវបានផ្អាក
គណបក្សសង្គ្រោះជាតិកំពុងរង់ចាំការឆ្លើយតបពីថ្នាក់ដឹកនាំគណបក្ស
ប្រជាជនចំពោះកិច្ចប្រជុំថ្នាក់កំពូល។
លោក កឹម សុខា បញ្ជាក់ថា៖ «ប្រសិនបើគណបក្សប្រជាជនយល់ថា
កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ពិតជាមានសារៈសំខាន់ ចង់បាន គ.ជ.ប
ឯករាជ្យពិតប្រាកដចង់ដោះស្រាយបញ្ហាសូមកុំពន្យារពេល
គណបក្សប្រជាជនត្រូវឆ្លើយតបចំពោះអ្វីដែលគណបក្សសង្គ្រោះជាតិបាន
លើកឡើង ដើម្បីឲ្យមានកិច្ចប្រជុំថ្នាក់កំពូល។
ដូច្នេះយើងកំពុងរង់ចាំ»។
លោក កឹម សុខា បានរិះគន់ថា
កិច្ចប្រជុំរវាងក្រុមបច្ចេកទេសគណបក្សប្រជាជន
និងគណបក្សសង្គ្រោះជាតិគឺគ្មានប្រយោជន៍ទេ ព្រោះថា
ក្រុមការងារគណបក្សប្រជាជន
មិនអាចសម្រេចអ្វីដែលគណបក្សសង្គ្រោះជាតិបានលើកឡើងទេ ដូច្នេះ
គណបក្សប្រជាជន តែងតែពន្យារពេលធ្វើឲ្យខាតបង់ពេលវេលា។
លោកបន្ថែមថា៖ «ជាធម្មតា ពេលយើងទាមទារតាមការចរចាមិនអាចទៅរួច យើងធ្វើបាតុកម្ម»។
នៅពេលវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅបរទេសកាលពីម្សិលមិញលោក
សម រង្ស៊ី ក៏បានប្រាប់អ្នកយកព័ត៌មាន
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផងដែរថា
គណបក្សសង្គ្រោះជាតិកំពុងស្វែងរកលទ្ធភាពនៃកិច្ចចរចាថ្នាក់កំពូល
ជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជន
បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេសទាំងពីរត្រូវបាន
ផ្អាក។ លោកបន្ថែមថា ការចរចានៅថ្នាក់កំពូល រវាងគណបក្សប្រជាជន
និងគណបក្សសង្គ្រោះជាតិ ត្រូវតែផ្អែកលើឆន្ទៈរបស់ប្រជាជន។
«យើងកំពុងពិនិត្យមើលគ្រប់លទ្ធភាពទាំងអស់
[ដើម្បីមានកិច្ចប្រជុំថ្នាក់កំពូល]
ឲ្យតែគោរពតាមឆន្ទៈរបស់ប្រជាជនទាមទារឲ្យមានការផ្លាស់ប្តូរ»។
លោក ប៊ិន ឈិន
ឧបនាយករដ្ឋមន្រ្តីដែលជាប្រធានក្រុមការងារបច្ចេកទេសរបស់គណបក្ស
ប្រជាជន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
ចំណែកលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា
និងជាសមាជិកក្រុមការងារគណបក្សប្រជាជនបានបដិសេធមិនធ្វើការ
អត្ថាធិប្បាយឡើយ។
ប៉ុន្តែ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញកាលពីម្សិលមិញ
គណបក្សប្រជាជន បានគូសបញ្ជាក់ថា ការផ្អាកការចរចារវាងគណបក្សប្រជាជន
និងគណបក្សសង្គ្រោះជាតិគឺជាទស្សនៈផ្ទាល់ខ្លួនរបស់គណបក្សសង្គ្រោះ
ជាតិ ហើយគណបក្សប្រជាជនគ្មានបំណងផ្អាកកិច្ចពិភាក្សានោះទេ
ហើយនៅតែគោរពតាមកិច្ចព្រមព្រៀងចុះថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤
ដែលជាក្របខ័ណ្ឌនៃការធ្វើកំណែទម្រង់ការបោះឆ្នោត
ហើយនឹងដាក់ពិភាក្សាក្នុងសិក្ខាសាលាជាតិនាពេលខាងមុខ។
សេចក្តីថ្លែងការណ៍នោះបន្ថែមថា៖
«ទោះបីកិច្ចប្រជុំមិនទាន់ឯកភាពទាំងស្រុងក៏ដោយ
តែមានការរីកចម្រើននិងទទួលបានការអបអរសាទរ ពីសាធារណមតិជាតិ
និងអន្តរជាតិ ហើយសភាពការណ៍សង្គមជាទូទៅកំពុងមានការវិវឌ្ឍល្អ។
ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បែរជាចាប់បង្ខំឲ្យគណបក្សប្រជាជន
ត្រូវតែឆ្លើយឲ្យបានច្បាស់លាស់ជាមុនចំពោះប្រធានបទតែមួយគត់
គឺកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត
ដោយដាក់ជាស្ថាប័នរដ្ឋធម្មនុញ្ញហើយអនុម័តដោយសំឡេង ២/៣
នៃសមាជិករដ្ឋសភាទាំងមូលព្រមទាំងបំផ្លើសអំពីកាលបរិច្ឆេទបោះឆ្នោត
ឡើងវិញ ដែលប្រការនេះ
គណបក្សប្រជាជនមិនអាចទទួលយកការចាប់បង្ខំបែបនេះបានឡើយ»។
ទោះយ៉ាងណា លោក សុខ ទូច និង លោក កែម ឡី
ដែលជាអ្នកវិភាគនយោបាយបានគាំទ្រការផ្អាកការចរចារវាងក្រុមការងារ
គណបក្សទាំងពីរ ដោយថ្លែងថា កិច្ចប្រជុំថ្នាក់ក្រុមបច្ចេកទេសនេះ
មិនអាចសម្រេចអ្វីបាននោះទេ។
លោក កែម ឡី បានថ្លែងថា៖ «វាហាក់ដូចជាបញ្ហាស្មុគស្មាញ
ព្រោះគណបក្សទាំងពីរ បានធ្វើការចរចាផ្អែកលើផលប្រយោជន៍របស់បក្ស
ទី១។ ទី២ យើងបានមើលឃើញថា [គណបក្សប្រជាជន] នៅចចេស»។
លោកបន្ថែមថា គណបក្សសង្គ្រោះជាតិ ពិបាកសម្រេចលើបញ្ហានយោបាយ ព្រោះគណបក្សនេះ ទទួលឥទិ្ធពលពីប្រជាជន និងម្ចាស់ជំនួយ៕ TK
No comments:
Post a Comment