Wednesday, March 26, 2014

លោក​សម រង្ស៊ី បញ្ជាក់​ជំហរ​ថា​ផ្អាក​ការ​ចរចា មិន​មែន​ឈប់​ទេ

CNRP
លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទ​បញ្ជាក់​ជំហរ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ព្រឹក​នេះ។ រូបថត ហេង ជីវ័ន
Wednesday, 26 March 2014
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ជំហរ​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​គ្រាន់​តែ​ធ្វើ​ការ​ផ្អាក​សិន មិន​មែន​មាន​ន័យ​ថា បញ្ឈប់​ការ​ចរ​ចា​នោះ​ទេ។
មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ស្តី​ពី​គោល​ជំហរ របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​ការ​ផ្អាក​ការ​ប្រជុំ​របស់​គណៈកម្មការ​ចម្រុះ រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈាន​ដល់​ភាព​ទល់​ច្រក​ក្នុង​ប្រធាន​បទ កែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប កាលពីថ្ងៃចន្ទទី ២៤ មីនា​កន្លង​មក ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ទាម​ទារ​ឲ្យ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ ហើយ​ត្រូវ​អនុម័ត​ដោយ​សំឡេង​ពីរ​ភាគ​បី។
លោក សម រង្ស៊ី ថ្លែង​ថា លោក​នៅតែ​បន្ត​ការ​ចរចា​រក​ដំណោះ​ស្រាយ​ជាមួយ​គណបក្ស​ប្រជាជន​ដដែល មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ ប៉ុន្តែ​សូម​ផ្អាក​ការ​ចរចា​ជា​បណ្តោះ​អាសន្ន​សិន​ដើម្បី​រង់​ចាំ​ចម្លើយ​ពី ​ថ្នាក់​ដឹក​នាំ​កំពូល​បក្ស​ប្រជាជន ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។
កាល​ពី​ម្សិល​មិញ គណបក្ស​ប្រជា​ជនបានចេញ​សេច​ក្តី​ថ្លែង​ការណ៍មួយ​​​គូស​បញ្ជាក់​ថា ការ​ផ្អាកការ​ចរ​ចា​ រវាង​គណបក្ស​ប្រជា​ជន និង​គណបក្ស​សង្គ្រោះ​ជាតិគឺ​​ជា​ទស្សនៈផ្ទាល់​ខ្លួន​របស់​គណ​បក្ស​​ សង្គ្រោះ​ជាតិ​ ​​ហើយ​គណ​បក្ស​ប្រជា​ជន ​គ្មាន​បំណង​ផ្អាក​កិច្ច​ពិភាក្សា​នោះ​ទេ ហើយ​​នៅ​តែ​គោរព​តាម​​​កិច្ច​ព្រម​ព្រៀង​ចុះថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១​​៤ ដែល​ជា​ក្រប​ខ័ណ្ឌ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត ​ហើយ​នឹង​ដាក់​​​ពិភាក្សា​ក្នុង​សិក្ខា​សាលា​ជាតិ​នា​ពេល​ខាង​មុខ។ ​
លោក ​សម រង្ស៊ី បន្ត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ នឹងធ្វើ​សមាជ​មហាជន​​ ដើម្បី​សុំ​មតិ​យោបល់​ពី​ប្រជាពលរដ្ឋ ទាក់ទង​ការចរចា​ជាមួយ​​គណបក្ស​ប្រជាជន រឿង​កែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ នៅថ្ងៃទី ៣០ មីនា​នេះ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍..

No comments: