សូរ សមយុទ្ធ
The Phnom Penh Post
២៨ កក្កដា ២០១៣ ជាថ្ងៃបរាជ័យដ៏ធំមួយរបស់ជំរំទេវតាក្នុងរយៈពេល
២០ឆ្នាំ មកនេះ។ របស់បួនយ៉ាងដែលកំណត់ការចាញ់ឈ្នះនៅថ្ងៃ ទី២៨
កក្កដា គឺភាពទុំជោរនៃអយុត្តិធម៌សង្គម
ការរួបរួមគ្នារបស់សម្ព័ន្ធភាព អំនួតរបស់មេទ័ពនិងទាហាន
នៃជំរំទេវតា
ព្រោះការឈ្នះចម្បាំងផ្ទួនៗក្នុងបួនអាណត្តិកន្លងទៅចំណុចចុងក្រោយ
គឺព្រហ្មលិខិត។
ថ្វីដ្បិតតែទ័ពធំបរាជ័យទទួលការវាយប្រហារយ៉ាងធ្ងន់ធ្ងរពី
សម្ព័ន្ធក៏ដោយ ក៏ជំរំទេវតា មិនទាន់ដល់ពេលរលាយទេ។ ជំរំទេវតា
នៅក្តោបក្តាប់រាជការគ្រប់គ្រងបញ្ជាមន្ត្រីកាន់ទ័ពទុកដាក់ស្បៀង
នគររក្សាផែនដី និងមានកម្លាំងរាស្ត្រ ៣ លាននាក់នៅគាំទ្រ។
ទាំងអស់នេះជាទីតាំងយុទ្ធសាស្ត្ររបស់ជំរំទេវតា។
អ្វីដែលជំរំទេវតា ត្រូវការជាងគេ
គឺពេលវេលាដើម្បីសម្រួលក្បួនទ័ពរក្សាភាពនឹងនរ ដាំដុះស្បៀង
សម្រួលចិត្តរាស្ត្រ បើទោះជាត្រូវកាប់សេះស៊ីអស់ពីជំរំក៏ដោយ។
ធ្វើយ៉ាងណាត្រូវរក្សារាជការឲ្យបានរហូតដល់ ខែមេសា
ជាដំណាក់កាលទីមួយ
បន្ទាប់មកបោះលុយថ្មីចាយជាដំណាក់កាលទីពីរដើម្បីទប់រាជការក្នុង
រយៈពេល ១២ ខែឲ្យបាន។
ពីក្រសែភ្នែករបស់ជំរំទេវតាទៅជំរំព្រះអាទិត្យគឺនៅតែមិនមែន
ជាព្រះអាទិត្យពេញ នៅតែមានចំណិតសូរ្យគ្រាសខ្មៅមួយដុំ
បែងចែកព្រះអាទិត្យមូល ដូចជាភ្លើងមួយដុំមានធាតុពីរ។
ជួបគ្រោះថ្នាក់
ក៏រត់រកគ្នាឱបគ្នាយ៉ាងស្អិតល្មួតដល់ពេលទទួលជ័យជម្នះក៏នឹង
បង្កជាការបែកបាក់វិញជាមិនខាន។
ដោយសារតែជំរំទេវតានៅតែក្តាប់រាជការដៃខាងស្តាំ
ទើបយកដៃឆ្វេងអូសបន្លាយពេលវេលាជាមួយជំរំព្រះអាទិត្យតាមរយៈការ
ចរចា ព្រមខ្លះ បដិសេធខ្លះ ឲ្យខ្លះ ទុកខ្លះ
ធ្វើយ៉ាងណាចង់លួងលោមមេទ័ពជំរំព្រះអាទិត្យ
ព្រមចូលសភាដើម្បីឲ្យរាជការស្របច្បាប់។
នេះជាបំណងតែមួយគត់ដែលមេទ័ពជំរំទេវតាចង់បាន។
ជំរំទេវតា ភ័យជាងគេ
ហើយមិនចង់ឲ្យឆ្អឹងស្លាក់នៅនឹងបំពង់កខ្លួនឯងយូរទេ
តែក៏មិនចង់ឲ្យវិបត្តិដោះស្រាយឆាប់ៗនោះដែរ។ រង់ចាំពេលល្អ។
ជំរំទេវតាចង់ឲ្យមេទ័ពជំរំព្រះអាទិត្យព្រមចូលសភាកាន់តែឆាប់កាន់
តែល្អ
តែជំរំទេវតាចង់ពន្យារពេលដោះស្រាយការចង់បានរបស់ជំរំព្រះអាទិត្យ
ជាពិសេស រឿង គ.ជ.ប នៅ ឆ្នាំ២០១៦។ ឆ្នាំ២០១៧ មកដល់
យកលេសរុញជំរំព្រះអាទិត្យឲ្យចូលការបោះឆ្នោតឃុំ បន្ទាប់មក
ឆ្នាំ២០១៨ បោះឆ្នោតជាតិអាណត្តិ ទី៦ ដោយមិនចាំបាច់
មានការបោះឆ្នោតឡើងវិញឬបោះមុនអាណត្តិអីទេ។
ទីបំផុតថ្វីដ្បិតតែ គ.ជ.ប ត្រូវបានកែប្រែទាំងស្រុងក៏ដោយ
ក៏ជំរំទេវតា បានគ្រប់គ្រងរាជការក្នុងរយៈពេល ៥ឆ្នាំ ទៀត ដូចបំណង។
ក្នុងរយៈពេល ៥ឆ្នាំ នេះ
ជំរំទេវតាមិនផ្តោតលើយុទ្ធសាស្ត្រវាយប្រហារទេ
តែគឺយុទ្ធសាស្ត្រកសាងនិងការពារបន្ទាយនៅសេសសល់
និងពង្រឹងបន្ទាយដែលបាត់បង់។
ជំរំព្រះអាទិត្យថ្វីដ្បិតតែ ឈ្នះតែមិនទាន់ខ្លាំង។
ទ័ពច្រើនតែនៅច្របូកច្របល់។ មិនអាចមានអំនួត
មិនអាចឆេវឆាវជាដាច់ខាត។ អំនួតនាំឲ្យប្រមាថការងារ។ ឆេវឆាវ
នាំឲ្យអន់ប្រាជ្ញា គំនិតខ្លី បើស្អប់សត្រូវយកសត្រូវមកប្រើវិញ។
លើសពីនេះ ត្រូវរក្សាភ្លើងបីដុំឲ្យបាន ពីព្រោះវាជាចំណុចងាប់រស់
សម្រាប់ ៥ឆ្នាំ ក្រោយ។
ទី១. អ្នកណាក៏ដឹងដែរថាច្រកទ្វារចូលនៃយុទ្ធសាស្ត្រ ឌីហ្វិដ
(បំបែក បំបាក់ដើម្បីត្រួតត្រា) គឺការបែកបាក់ផ្ទៃក្នុង។
ដូចនេះសម្ព័ន្ធមិនអាចបែកបាក់គ្នាជាដាច់ខាត។
មេទ័ពតាមខេត្តក្រុង តាមរដ្ឋ តាមប្រទេសផ្សេងៗ អាចរង្គោះរង្គើ
តែមេទ័ពធំនៃជំរំព្រះអាទិត្យមិនអាចបែកបាក់គ្នាជាដាច់ខាត។
ការរង្គោះរង្គើ ការខ្វែងគំនិតគ្នា គឺជារឿងធម្មតា
ត្រូវការតែពេលវេលាប៉ុណ្ណោះគឺអាចរៀបចំគ្រប់គ្រងឲ្យខ្លាំងបាន
ហើយ។
មានតែសម្ព័ន្ធខ្លាំងពិតប្រាកដទេទើបធានាការកាន់កាប់ទឹកដីនិង
គ្រប់គ្រងរាជការទៅថ្ងៃក្រោយបាន។
ទី២. ការគាំទ្ររបស់មហាជនចំពោះជំរំព្រះអាទិត្យ។
ឱកាសល្អមិនមែនចេះតែមានរហូតនោះទេ។
បន្តិចទៀតពេលវេលាល្អមកដល់ ត្រូវតែដុតឲ្យខ្លាំង
តែក៏ត្រូវមានព្រំដែនដែរ
ពោលគឺមិនអាចដុតឲ្យឆេះខ្លួនឯងទេមិនអាចបណ្តោយឲ្យខ្លួនឯងក្លាយ
ជាចំណាប់ខ្មាំងរបស់រាស្ត្រឡើយ។
របស់តែម្យ៉ាងដែលធ្វើឲ្យមេទ័ពជំរំទេវតាញាក់សាច់មិនទាន់បាត់នោះ
គឺសាមគ្គីជាតិក្នុងស្រទាប់មហាជនខ្មែរ។
ទី៣. កិច្ចការទូត
ពោលគឺការចងក្រងបណ្តាញនៅក្រៅប្រទេសគឺមិនគ្រាន់តែជាច្រក
ដើម្បីប្រមូលឈាមបែងចែកឲ្យរាងកាយប៉ុណ្ណោះទេ
តែត្រូវជ្រើសរើសអ្នកមានសមត្ថភាពខ្ពស់
កាន់កិច្ចការការទូតឲ្យបានហ្មត់ចត់និងធ្វើការពង្រីកបណ្តាញការទូត
ទៅគ្រប់ប្រទេស។
ផែនការយុទ្ធសាស្ត្រដែលជំរំព្រះអាទិត្យត្រូវផ្តោតការយកចិត្តទុក
ដាក់ គឺមិនមែនផែនការវាយប្រហារទេ
តែគឺផែនការកសាងពង្រឹងនិងការពារ។ កសាងបន្ទាយដែលគ្រឹះមិនទាន់មាំ។
ពង្រឹងបន្ទាយដែលនៅមានកម្លាំងទន់ខ្សោយ
រចនាសម្ព័ន្ធមិនទាន់រឹងមាំ បណ្តុះបណ្តាលសមត្ថភាពទាហានឲ្យខ្លាំង
ពីព្រោះគ្មានទ័ពណាដែលច្បាំងមិនដែលចាញ់នោះទេមានតែទ័ពដែល
មានវិន័យខ្លាំងក្លាទេ ទើបច្បាំងឈ្នះសមរភូមិច្រើនជាងគេ
ហើយទីបីគឺការពារបន្ទាយដែលវាយយកបានតាមរយៈផែនការតូចៗ ខ្លីៗ
ផ្នែកសេដ្ឋកិច្ច
សង្គមដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់រាស្ត្រពីព្រោះសេដ្ឋកិច្ច
ជះឥទ្ធិពលដល់នយោបាយក្នុង ៥ឆ្នាំ ក្រោយ។ បន្ទាយតូចៗតាមខេត្តក្រុង
មិនអាចចេះតែពឹងផ្អែកបណ្តែតបណ្តោយតែទៅលើជំរំធំនៅ ភ្នំពេញ ទេ។
ត្រូវចេះដាំដុះស្បៀង រើសទាហានបង្វឹកទ័ព ពង្រីកកម្លាំង
ពង្រឹងរចនាសម្ព័ន្ធដោយខ្លួនឯង។
អ្នកណាដែលនៅមានគំនិតអ្នកនេះ មកពីបក្សនេះ
អ្នកនោះមកពីបក្សនោះ អញធ្វើយូរ ឯងទើបមក អញអ្នកចាស់ ឯងអ្នកថ្មី
អញនៅក្នុង ឯងនៅក្រៅអញនៅក្រៅល្អជាងឯងនៅក្នុងអញមានសញ្ញាបត្រ
ឯងមានតែការអនុវត្ត អញធ្វើច្រើន ឯងបានតែទ្រឹស្តី អញធំ
ឯងតូចអញខ្ពស់ ឯងទាប មនុស្សទាំងអស់នេះ
គឺសុទ្ធតែជនគំនិតខ្លីចិត្តចង្អៀតចង្អល់
គ្មានប្រាជ្ញាធ្វើការងារធំមិនកើតទេ។ លើសពីនេះ
នៅបាននិងកំពុងបម្រើនយោបាយជំរំទេវតាដោយមិនដឹងខ្លួន
ហើយទីបំផុតមិនត្រឹមតែធ្វើឲ្យខ្លួនឯងចាញ់ បក្សរលាយទេ
ថែមទាំងធ្វើឲ្យជាតិបាត់បង់ទៀតផង។ បើជួយស្រុកមិនបានទេ
ឋានៈឯកឧត្តមនេះគឺគ្រាន់តែជាផេះតែប៉ុណ្ណោះ។
ទុកប្រយោជន៍ជាតិនៅលើក្បាលទៅរឿងអ្វីក៏អាចដោះស្រាយបានដែរ។
មានតែយើងសុខចិត្តចាញ់ទេ ទើបយើងឈ្នះទាំងអស់គ្នា។
មានតែជាតិឈ្នះទេ ទើបនគររឹងមាំពិតប្រាកដ
រាស្ត្រមានក្តីសុខពិតប្រាកដ។ តើអ្វីទៅជាគោលដៅចុងក្រោយរបស់យើង?
និស្សិតក្មេងវត្តកូនអ្នកស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com កំពង់ឆ្នាំង
No comments:
Post a Comment