ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖ ស៊ុន ណារិន | VOD
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម
រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ
មិនយល់ព្រមនឹងការបោះឆ្នោតថ្នាក់ជាតិនៅខែកុម្ភៈ ឆ្នាំ២០១៨
ដោយសារជាការរំកិលតិចតួចពេក។
ក្នុងសន្និសីទសារព័ត៌មាន លោក សម រង្ស៊ី
មានប្រសាសន៍ថា លោកថ្លែងអំណរគុណគណបក្សប្រជាជនកម្ពុជា
ដែលបានរំកិលការបោះឆ្នោតថ្នាក់ជាតិនៅខែកុម្ភៈ ឆ្នាំ២០១៨
តែគណបក្សសង្គ្រោះជាតិ មិនយល់ព្រមនឹងការបរិច្ឆេតនេះ
ដោយសារម្ចាស់ឆ្នោតមិនពេញចិត្ត។ លោក សម រង្ស៊ី
ចង់ឲ្យមានការរំកិលច្រើនជាងនេះ យ៉ាងតិច១ឆ្នាំ។
លោកសម រង្ស៊ី លោក ហ៊ុន សែន
បានឯកភាពកែទម្រង់គជប
ដោយជ្រើសរើសសមាជិកដោយកុងសង់ស៊ីសពីគណបក្សទាំងពីរ
មិនបាច់សំឡេងពីរភាគបីពីសមាជិករដ្ឋសភា។ លោកថា ការចុះហត្ថលេខាសម្រេចលើអ្វីមួយ ត្រូវមានហត្ថលេខាលោក កឹម សុខា អនុប្រធានគណបក្ស ដោយសារគណបក្សមានលទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ហ៊ុន សែន ឲ្យដឹងថា លោក បាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧ និងរដ្ឋសភានៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម សុខា តែលោកហ៊ុន សែន ស្នើថា លោកជាប្រធានហេតុអ្វីបានជាមិនអាចសម្រេច។ លោកស្នើឲ្យលោក សម រង្ស៊ី ប្រាប់ទៅលោក កឹម សុខា ថា «កុំឲ្យលោក កឹម សុខា រឹងពេក»។
លោក សម រង្ស៊ី ថា
ការជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
សម្រេចបានប្រមាណ៨០ភាគរយនៅសល់តែ២០ភាគរយទេ
ហើយជាអ្វីដែលមានប្រយោជន៍សម្រាប់ជាតិ។ លោកបន្តថា
គម្រោងចង់ឲ្យមានជំនួបកំពូលក្នុងព្រះបរមរាជវាំងនៅថ្ងៃសុក្រស្អែក
នេះ មិនអាចកើតមានឡើង ដោយសារលោក កឹម សុខា កំពុងនៅក្រៅប្រទេស
ហើយមិនអាចវិលមកវិញទាន់។
លោក កឹម សុខា
បានបង្ហោះនៅលើហ្វេសប៊ុកលោកថា ភាគីខ្មែរមានជម្លោះនយោបាយ ការចរចា
ការនិយាយគ្នា ជារឿងដែលចៀសមិនរួច។ លោកបញ្ជាក់ថា«
យើងមិនអាចមិនអង្គុយនិយាយជាមួយគ្នានោះទេ! តែសមរង្ស៊ី និងកឹម សុខា
ចរចាជាមួយគណបក្សប្រជាជន ដោយឈរលើផលប្រយោជន៍ជាតិ
និងយុត្ដិធម៌ជូនប្រជាពលរដ្ឋ»។
លោក កឹម សុខា បន្តថា«លោក ហ៊ុន សែន
អាចសំឡុតអ្នកនយោបាយដទៃបាន តែលោក ហ៊ុន សែន មិនអាចសំឡុត ខ្ញុំ កឹម
សុខា បានទេ។ លោក ហ៊ុន សែន អាចទិញអ្នកដទៃបាន តែលោក ហ៊ុន សែន
មិនអាចទិញខ្ញុំ កឹម សុខា បានជាដាច់ខាត។ ខ្ញុំស្គាល់ល្បិចនយោបាយលោក
ហ៊ុន សែន ច្បាស់គឺមានបី ទី១ លួងលោម ទី២ សំឡុត និងទី៣ទិញ»៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment