Thursday, April 10, 2014

លោក សម រង្ស៊ី​៖ ខ្ញុំ​ជា​ដៃគូ​ស្លាប់​រស់​ជាមួយ​លោក កឹម សុខា បើទោះជា​មាន​ការ​បំបែក​​

លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ (រូបថត៖ តាត ឧត្តម)
ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖​ ស៊ុន ណារិន​ | VOD

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បញ្ជាក់ថា លោក​នៅតែ​ជា​ដៃគូ​ស្លាប់​រស់​ជាមួយ​លោក កឹម សុខា បើទោះជា​មាន​ការ​បំបែក​ណាក៏ដោយ​។​
​លោក​បញ្ជាក់​បែបនេះ​នៅក្នុង​សន្និសីទ​ សារព័ត៌មាន ជា​ការឆ្លើយតប​ទៅនឹង​អ្នកកាសែត ដែល​បាន​ចោទសួរ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​បំបែកបំបាក់​រូបលោក និង​លោក កឹម សុខា​។​
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​ជ្រើសតាំងតំណាងរាស្រ្ត​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០​១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន​ហេតុអ្វី​បាន​ជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​
​លោក សម រង្ស៊ី បញ្ជាក់ថា លោក និង​លោក កឹម សុខា ជា​មនុស្ស​តែ​មួយ ហើយ​រាល់​ការសម្រេច​លើ​អ្វីមួយ ត្រូវមាន​
ហត្ថលេខា​លោក កឹម សុខា អនុប្រធាន​គណបក្ស ដោយសារ​គណបក្ស​មាន​លទ្ធិប្រជាធិបតេយ្យ​ផ្ទៃក្នុង​។ លោក​បញ្ជាក់ថា លោក​បាន​ប្រាប់​លោក ស ខេង រួចហើយ​ថា រាល់​ការសម្រេច​ណាមួយ ត្រូវមាន​វត្តមាន​លោក កឹម សុខា​។​
​នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី ទេ គឺ​កំហុស​របស់​លោក កឹម សុខា​។​
​លោក សម រង្ស៊ី ថា ការជជែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បាន​ប្រមាណ​៨០​ភាគរយ​នៅសល់តែ​២០​ភាគរយ​ទេ ហើយ​ជា​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ជាតិ​។ លោក​បន្តថា គម្រោង​ចង់ឲ្យ​មាន​ជំនួប​កំពូល​ក្នុង​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​សុក្រ​ស្អែក​ នេះ មិន​អាច​កើតមានឡើង ដោយសារ​លោក កឹម សុខា កំពុង​នៅ​ក្រៅប្រទេស ហើយ​មិន​អាច​វិល​មក​វិញ​ទាន់​។​
​លោក សម រង្ស៊ី មានប្រសាសន៍ថា លោក​ថ្លែង​អំណរគុណ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំកិល​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​យល់ព្រម​នឹង​ការ​បរិច្ឆេត​នេះ ដោយសារ​ម្ចាស់​ឆ្នោត​មិន​ពេញចិត្ត​។ លោក សម រង្ស៊ី ចង់ឲ្យ​មាន​ការ​រំកិល​ច្រើន​ជាង​នេះ យ៉ាងតិច​១​ឆ្នាំ​។​លោក​សម រង្ស៊ី លោក ហ៊ុន សែន បាន​ឯកភាព​កែទម្រង់​គជប ដោយ​ជ្រើសរើស​សមាជិក​ដោយ​កុងសង់ស៊ីស​ពី​គណបក្ស​ទាំង​ពីរ មិនបាច់​សំឡេង​ពីរភាគបី​ពី​សមាជិក​រដ្ឋសភា​។​
​លោក កឹម សុខា បាន​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​លោកថា ភាគី​ខ្មែរ​មាន​ជម្លោះ​នយោបាយ ការចរចា ការនិយាយ​គ្នា ជា​រឿង​ដែល​ចៀស​មិន​រួច​។ លោក​បញ្ជាក់ថា​« យើង​មិន​អាច​មិន​អង្គុយ​និយាយ​ជាមួយគ្នា​នោះទេ​! តែ​សមរង្ស៊ី និង​កឹម សុខា ចរចា​ជាមួយ​គណបក្ស​ប្រជាជន ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ និង​យុត្ដិធម៌​ជូន​ប្រជាពលរដ្ឋ​»​។ 
​លោក កឹម សុខា បន្តថា​«​លោក ហ៊ុន សែន អាច​សំឡុត​អ្នកនយោបាយ​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​សំឡុត ខ្ញុំ កឹម សុខា បានទេ​។ លោក ហ៊ុន សែន អាច​ទិញ​អ្នក​ដទៃ​បាន តែ​លោក ហ៊ុន សែន មិន​អាច​ទិញ​ខ្ញុំ កឹម សុខា បាន​ជាដាច់ខាត​។ ខ្ញុំ​ស្គាល់​ល្បិច​នយោបាយ​លោក ហ៊ុន សែន ច្បាស់​គឺ​មាន​បី ទី​១ លួងលោម ទី​២ សំឡុត និង​ទី​៣​ទិញ​»៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

No comments: