Thursday, April 10, 2014

លោក សម រង្ស៊ី បើកទូលាយ​ឲ្យមាន​ការបញ្ចេញ​ខ្សែអាត់​នៃកា​រ​សន្ទនា​ជា​មួយ​លោក ហ៊ុន សែន​​

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍នេះ (រូបថតដោយតាត ឧត្តម)
ថ្ងៃព្រហស្បតិ៍ ទី10 ខែមេសា ឆ្នាំ2014
ដោយ៖​ ស៊ុន ណារិន​ | VOD

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បញ្ជាក់ថា លោក​បើកទូលាយ​ចំពោះ​ការប ញ្ចេញ​ខ្សែអាត់​នៃ​ការសន្ទនា​រយៈពេល​៤៤​នាទី ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​។​
​លោក សម រង្ស៊ី ឆ្លើយតប​បែប​នេះ​ទៅនឹង​ការព្រមាន​របស់​នាយក​រដ្ឋមន្ត្រី ដែល​លើកឡើង​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្តីថ្លែងការណ៍​អ្វី​ខុស​ពី​ការសន្ទនា លោក នឹង​បញ្ចេញ​ខ្សែអាត់​សំឡេង​នៃ​ការសន្ទនា​។ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​អប់រំ​នៅ​ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍​នះ លោក ហ៊ុន សែន បាន​ចាក់​ផ្សាយ​ការចាប់ផ្តើម​នែ​ការសន្ទនា​បន្តិច​រវាង​លោក និង​លោក សម រង្ស៊ី ជា​ភ័ស្តុតាង ដែល​លោក​បាន​ថត​ទុក​។​
​លោក សម រង្ស៊ី បញ្ជាក់ថា លោក​ស្វាគមន៍ និង​ជំរុញ​ឲ្យមាន​ការបញ្ចេ​ញ​ខ្សែអាត់​នោះ​។​លោក​បន្តថា លោក​នៅតែ​ជា​ដៃគូ​ស្លាប់​រស់​ជាមួយ​លោក កឹម សុខា ហើយ​រាល់​ការសម្រេច​លើ​អ្វីមួយ ត្រូវមាន​ហត្ថលេខា​លោក កឹម សុខា អនុ ប្រធាន​គណបក្ស ដោយសារ​គណបក្ស​មាន​លទ្ធិប្រជាធិបតេយ្យ​ផ្ទៃក្នុង​។ 
​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន ឲ្យដឹងថា លោក បាន​និយាយ​ត្រូវ​គ្នា​ជាមួយ​លោក សម រង្ស៊ី ត្រង់​ចំណុច​ថា ការបោះឆ្នោត​ឃុំ​សង្កាត់​ត្រូវ​ធ្វើឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និងជ្រើសតាំងតំណាងរាស្រ្ត​នៅ​ខែ​កុម្ភៈ​ដដែល​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់ថា លោក សម រង្ស៊ី បាន​ស្នើ​សុំ​ពេល​ពិភាក្សា​ជាមួយ​អនុប្រធាន​គណបក្ស លោក កឹម សុខា តែ​លោក​ហ៊ុន សែន ស្នើថា លោក​ជា​ប្រធាន​ហេតុអ្វី​បាន​ជា​មិន​អាច​សម្រេច​។ លោក​ស្នើ​ឲ្យ​លោក សម រង្ស៊ី ប្រាប់​ទៅ​លោក កឹម សុខា ថា «​កុំឲ្យ​លោក កឹម សុខា រឹង​ពេក​»​។​លោក ហ៊ុន សែន បញ្ជាក់ដែរថា ប្រសិនបើ​មិនមាន​ការឯកភាព​គ្នា ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ការចរចា នេះ​មិនមែន​ជា​កំហុស​របស់​លោក និង​លោក សម រង្ស៊ី ទេ គឺ​កំហុស​របស់​លោក កឹម សុខា​៕

No comments: