ដោយ៖ ស៊ុន ណារិន | VOD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅថ្ងៃព្រហស្បតិ៍នេះ ថ្លែងថា ការឯកភាពគ្នាជាមួយគណបក្សសង្គ្រោះជាតិ
នឹងត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សររវាងលោក និងលោក សម រង្ស៊ី
ក្រោមព្រះភ័ក្ត្រព្រះមហាក្សត្រ។
ក្នុងពិធីចែកសញ្ញាបត្រដល់ដល់
និស្សិត និងសិក្ខាកាមសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានអប់រំ លោក
ហ៊ុន សែន មានប្រសាសន៍ថា លទ្ធផលនៃការពិភាក្សាជាមួយលោកសម រង្ស៊ី
មានលទ្ធផលល្អ តែនៅត្រង់ចំណុចមួយ ដែលមិនទាន់និយាយត្រូវគ្នា
គឺកាលបរិច្ឆេតនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងរដ្ឋសភា
ដោយលោកបញ្ជាក់ថា ដោយសារលោក កឹម សុខា។ លោកស្នើឲ្យលោក សម រង្ស៊ី
បញ្ចុះបញ្ចូលលោក កឹម សុខា ឲ្យទទួលយក និងកុំឲ្យរឹងពេក។
លោក ហ៊ុន សែន បន្តថា លោកពេញចិត្តនឹងការជួបគ្នាចរចានៅថ្ងៃសុក្រសប្តាហ៍នេះ តែដោយសារលោក កឹម សុខា
កំពុងធ្វើទស្សនកិច្ចនៅក្រៅប្រទេស។
លោកបញ្ជាក់ថា ការឯកភាពណាមួយ នឹងត្រូវធ្វើជាលាយលក្ខអក្សរ
ក្រោមព្រះភ័ក្ត្រព្រះមហាក្សត្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងថា
លោកបាននិយាយត្រូវគ្នាជាមួយ លោក សម រង្ស៊ី
លើការកំណត់កាលបរិច្ឆេតនៃការបោះឆ្នោត គឺការបោះឆ្នោតឃុំសង្កាត់
នឹងត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧
និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកុម្ភៈ ឆ្នាំ២០១៨។
បន្ទាប់ពីការសន្ទនារបស់លោក ហ៊ុន សែន
និងលោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
ដែលបានដឹងពីការសន្ទនានេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា
ការពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរផ្តោតទៅលើទី១
ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ
និងក្រុមប្រឹក្សាឃុំសង្កាត់ ទី២
កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.
និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment