ដោយ៖ ស៊ុន ណារិន និងជន ស្រីណុច | VOD
មន្ត្រីគណបក្សសង្គ្រោះជាតិ
នៅថ្ងៃព្រហស្បតិ៍នេះ ឆ្លើយតបនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែនថា មានបំណងបំបែកបំបាក់ផ្ទៃក្នុងគណបក្ស ដោយបញ្ជាក់ថា
រាល់ការសម្រេចទាំងឡាយណារបស់គណបក្ស ទាល់តែមានការឯកភាពពីលោក កឹម
សុខា អនុប្រធានគណបក្ស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅថ្ងៃព្រហស្បតិ៍នេះ ពន្យល់ថា លោក សម រង្ស៊ី និងលោក កឹម សុខា
មិនទាន់បានឯកភាពគ្នាចំណុចព្រមព្រៀងរវាងលោក សម រង្ស៊ី
និងរូបលោកក្នុងការសន្ទនាកាលពីថ្ងៃពុធ។លោក ហ៊ុន សែន ឲ្យដឹងថា លោក
បាននិយាយត្រូវគ្នាជាមួយលោក សម រង្ស៊ី ត្រង់ចំណុចថា
ការបោះឆ្នោតឃុំសង្កាត់ត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៧
និងរដ្ឋសភានៅខែកុម្ភៈដដែលឆ្នាំ២០១៨។ លោកបញ្ជាក់ថា លោក សម រង្ស៊ី
បានស្នើសុំពេលពិភាក្សាជាមួយអនុប្រធានគណបក្ស លោក កឹម សុខា
តែលោកហ៊ុន សែន ស្នើថា លោកជាប្រធាន ហេតុអ្វីបានជាមិនអាចសម្រេច។
លោកស្នើឲ្យលោក សម រង្ស៊ីប្រាប់ទៅលោក កឹម សុខាថា «កុំឲ្យលោក កឹម
សុខា រឹងពេក»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
លោក អេង ឆៃអ៊ាង មានប្រសាសន៍តំណាងឲ្យលោក សម រង្ស៊ី ថា
ការដែលនាយករដ្ឋមន្ត្រីយកខ្សែអាត់ មកចាក់ជាសាធារណៈបែបនេះគឺ
ចំណុចមួយដែលមិនត្រឹមត្រូវ
ហើយមិនមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។
លោកបញ្ជាក់ថា ការចាក់ផ្សាយនេះ
គឺធ្វើឡើងក្នុងគោលបំណងបំបែកបំបាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
លោកបន្តថា នឹងមិនមានជំនួបកំពូលអ្វីទេ
ប្រសិនបើការចរចាក្រៅផ្លូវការនៅមិនទាន់បានព្រមព្រៀងដោយមានការឯកភាព
ពីលោក កឹម សុខា។
ក្នុងពិធីចែកសញ្ញាបត្រដល់ដល់
និស្សិតនៅវិទ្យាស្ថានអប់រំ លោក ហ៊ុន សែន
បានចាក់ផ្សាយសំឡេងសន្ទនារយៈពេល៤៤នាទីរវាងលោក និងលោក សម រង្ស៊ី
ជាភ័ស្តុតាង ដែលលោកបានថតទុក។លោក
បញ្ជាក់ថាចំណុចដែលលោកបានពិភាក្សាជាមួយលោក សម រង្ស៊ី
គឺមានកំណែទម្រង់ស្ថាប័នការបោះឆ្នោត កំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ
ដែលភាគីទាំងពីរ បានឯកភាព។ លោកបន្តថា ចំណុចមួយទៀតដែលសំខាន់
តែនៅជាបញ្ហា គឺកាលបរិច្ឆេតនៃការបោះឆ្នោតរដ្ឋសភា
និងក្រុមប្រឹក្សាឃុំសង្កាត់។
នៅថ្ងៃនេះ លោក ហ៊ុន សែន បញ្ជាក់ថា
ប្រសិនបើមិនមានការឯកភាពគ្នា ដែលនាំឲ្យរាំងស្ទះដល់ការចរចា
នេះមិនមែនជាកំហុសរបស់លោក និងលោក សម រង្ស៊ីទេ គឺកំហុសរបស់លោក កឹម
សុខា។
លោក កឹម សុខា កំពុងធ្វើទស្សនកិច្ចនៅក្រៅប្រទេស។ លោក នឹងត្រឡប់កម្ពុជាវិញ នៅក្រោយពិធីបុណ្យចូលឆ្នាំវិញ។
បន្ទាប់ពីការសន្ទនារបស់លោក ហ៊ុន សែន
និងលោក សម រង្ស៊ី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
ដែលបានដឹងពីការសន្ទនានេះ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា
ការពិភាក្សារវាងថ្នាក់ដឹកនាំទាំងពីរផ្តោតទៅលើទី១
ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ
និងក្រុមប្រឹក្សាឃុំសង្កាត់ ទី២
កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.
និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment