ដោយ ហ៊ុំ ចំរើន
2014-06-28
RFA
ប្រជាពលរដ្ឋ និងក្រុមការងារគណបក្សសង្គ្រោះជាតិ នៅស្រុករមាសហែក
ខេត្តស្វាយរៀង អះអាងថា កម្លាំងប៉ូលិស
និងទាហានជាច្រើននាក់ប្រដាប់ដោយដំបងផង
ត្រូវអាជ្ញាធរដាក់ពង្រាយនៅតាមភូមិជាប់ព្រំដែន។
ការដាក់ពង្រាយកម្លាំងអាជ្ញាធរនេះ
គឺស្របពេលដែលក្រុមការងារបក្សប្រឆាំង
ដែលគ្រោងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានបញ្ហានៅតាមជាយដែន
ជាមួយប្រទេសវៀតណាម នៅក្នុងស្រុករមាសហែក។
កងកម្លាំងអាជ្ញាធរទាំងនោះមានគ្នាប្រមាណជាង ១០០នាក់
ស្លៀកពាក់ឯកសណ្ឋានស៊ីវិល
ត្រូវគេដាក់ពង្រាយតាមភូមិមួយចំនួននៅតំបន់ជាយដែន
ជាពិសេសក្នុងបរិវេណវត្តដូង ឃុំដូង ស្រុករមាសហែក
ជាតំបន់ដែលគណបក្សសង្គ្រោះជាតិ
គ្រោងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅថ្ងៃទី២៩ មិថុនា។
អ្នកភូមិដូង ម្នាក់ លោក ស្រី យ៉ុង មានប្រសាសន៍នៅថ្ងៃទី២៨ មិថុនា
ថា
ប្រជាពលរដ្ឋក្នុងភូមិសម្ដែងក្ដីបារម្ភខ្លាចកើតមានអំពើហិង្សាដាក់
គ្នា នៅពេលដែលក្រុមការងារគណបក្សសង្គ្រោះជាតិ មកដល់៖ «ទឹកដី
ស្រុករមាសហែក ដូចមិនដែលទាន់ឃើញអ៊ីចឹងទេបង ដូចចម្លែកព្រឹកមិញ
ខ្ញុំចេញទៅធ្វើការ ខ្ញុំឃើញសកម្មភាពអ៊ីចឹង ខ្ញុំដូចចម្លែកដែរ
ព្រោះខ្ញុំមិនដែលឃើញ ដល់មិនដែលឃើញខ្ញុំសង្ស័យក្នុងចិត្តថា
ដឹងរឿងស្អីបានគេធ្វើអ៊ីចឹង»។
ក្រុមប្រឹក្សាឃុំដូង គណបក្សសង្គ្រោះជាតិ លោក សូ សុត ឲ្យដឹងថា
កម្លាំងប៉ូលិស និងទាហាន ដែលដាក់ពង្រាយតាមជាយដែននោះ
ជាកម្លាំងរបស់សមត្ថកិច្ចស្រុករមាសហែក
ដាក់ពង្រាយតាំងពីរសៀលថ្ងៃទី២៧ រហូតមក។ លោកសង្ស័យថា
ពួកគេមានគោលបំណងរារាំងក្រុមការងាររបស់គណបក្សមិនឲ្យជួប
សំណេះសំណាលជាមួយប្រជាពលរដ្ឋ។ លោកថា
បើទោះជាមានការដាក់កម្លាំងយ៉ាងនេះក្ដី
គម្រោងការជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមជាយដែន នៅតែបន្តដដែល៖ «បាទ
នៅនឹងដៃមានបំពង់ទីបមាន អឺ! គល់ឫស្សី ប្រវែងៗអឺ!មួយម៉ែត្រ
មួយម៉ែត្រជាង ហើយមានវ៉ៃដែកគោលជាប់នឹងគល់ឫស្សីទៀត។
បើមានគេសួរបងប្អូនទៅ សួរមើលគេថាមកទេសចរណ៍ៗ ដើរលេង
គេថាអ៊ីចឹងវិញ។ ថ្ងៃនេះមានអ៊ីចេះទៀត
មានខាងគណបក្សប្រជាជនឃុំហ្នឹង
គេហៅមេភូមិអនុភូមិប្រធានក្រុមគេហ្នឹង
មកក៏មានព្រនង់គល់ឫស្សីដូចគ្នាបាទ ដូចគ្នា
ឃើញមានព្រនង់គល់ឫស្សីដែរហ្នឹង
ហើយឥឡូវស្អែកគេនឹងបន្តមកទៀតបាទ»។
គម្រោងចុះសួរសុខទុក្ខប្រជាពលរដ្ឋរបស់គណបក្សសង្គ្រោះជាតិ
នៅស្រុករមាសហែក ធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានថា ប្រជាពលរដ្ឋចំនួន
២គ្រួសារ រស់នៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង
ជាប់ជាយដែនកម្ពុជាវៀតណាម ត្រូវអាជ្ញាធរវៀតណាម
ហាមឃាត់មិនឲ្យធ្វើស្រែលើដីរបស់ខ្លួន ដោយចាត់ទុកថាជាតំបន់ស។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុករមាសហែក លោក ពេញ ជា
មានប្រសាសន៍បញ្ជាក់ថា
លោកពុំទាន់ទទួលព័ត៌មានពីការដាក់ពង្រាយកម្លាំងសមត្ថកិច្ច
រារាំងក្រុមការងាររបស់គណបក្សប្រឆាំងដូចការលើកឡើងរបស់មន្ត្រី
គណបក្សប្រឆាំងនៅឡើយទេ៖ «បាទ! អត់ ខាងសង្គ្រោះជាតិ ក៏អត់មានប្រាប់ខាងណាក៏អត់ប្រាប់ ហឺ! អត់ខ្ញុំអត់ដឹងដែរបាទៗចាំមើលខ្ញុំមើល»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង
លោក នុត ប៊ូពិណារ័ត្ន កាត់សម្គាល់ថា កន្លងមកអាជ្ញាធរនៅខេត្តស្វាយរៀង
តែងតែរារាំងរាល់សកម្មភាពជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋរបស់
គណបក្សប្រឆាំងជាបន្តបន្ទាប់
ជាពិសេសគឺការជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមជាយដែនតែម្ដង។ លោក នុត
ប៊ូពិណារ័ត្ន ចាត់ទុកសកម្មភាពរបស់អាជ្ញាធរនេះថា
ជាការបំភិតបំភ័យបិទសិទ្ធិសេរីភាពនយោបាយរបស់គណបក្សប្រឆាំង៖ «ធម្មតា
អាជ្ញាធរយើងអាចដឹងបានជាទូទៅ
គឺថាគាត់តែងតែនិយាយយកតែម៉ារួចខ្លួន
អ៊ីចឹងគាត់មិនដែលទទួលស្គាល់ទេ ព្រោះថា
កម្លាំងដែលគេដាក់នោះគេពាក់ឯកសណ្ឋានស៊ីវិល
ហើយឆ្លើយដើម្បីយកថាគាត់នៅតែមិនដឹង គាត់មិនមានបដិសេធតែរហូត។
តែភាពពិត គឺកម្លាំងស្នូលរបស់គេហ្នឹងឯង
ដែលគេធ្វើការបំភិតបំភ័យដល់ពលរដ្ឋ»។
ក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ ខេត្តស្វាយរៀង ដឹកនាំដោយ លោក
រៀល ខេមរិន្ទ្រ ជាតំណាងរាស្ត្រ ព្រមទាំងមានសហគមន៍បុរីកីឡា
សហគមន៍បឹងកក់ ក្រុមព្រះសង្ឃឯករាជ្យ និងក្រុមយុវជនសង្គ្រោះជាតិ ជាដើម
នឹងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមជាយដែន
ដែលមានបញ្ហាដីធ្លីជាមួយអាជ្ញាធរវៀតណាម៕
No comments:
Post a Comment