2012-07-15
ដោយ វណ្ណ វិចារ
RFA
តំណាងគណបក្សប្រឆាំង សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ បានធ្វើដំណើរទៅបរទេស
ដើម្បីជួបចរចាគ្នាអំពីការបង្រួបបង្រួមបក្ស
ដែលគ្រោងនឹងធ្វើនៅថ្ងៃ១៧ កក្កដា នោះហើយ។
មន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា
ទៅកាន់ទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippine)
ដែលជាទីតាំងណាត់ជួបចរចាគ្នា។ គណបក្ស សម រង្ស៊ី
ដឹកនាំដោយប្រធានគណបក្ស សម រង្សី គឺលោក សម រង្ស៉ី
ហើយគណបក្សសិទ្ធិមនុស្សដឹកនាំដោយប្រធានគណបក្ស គឺលោក កឹម សុខា។
ប្រធានស្ដីទីគណបក្ស សម រង្ស៊ី លោក គង់ គាំ នៅថ្ងៃទី១៥ កក្កដា
មានប្រសាសន៍ថា ក្រុមការងារគណបក្ស សម រង្ស៊ី
ធ្វើដំណើរចាកចេញពីកម្ពុជា ទៅជួបជុំលោក សម រង្ស៊ី
នៅប្រទេសហ្វីលីពីន។លោកបន្តថា
របៀបវារៈនៅក្នុងការពិភាក្សាជាមួយគណបក្សសិទ្ធិមនុស្ស មានតែមួយគត់
គឺពិគ្រោះគ្នាដើម្បីឲ្យមានការរួបរួមយកជ័យជម្នះ
ធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
ឆ្នាំ២០១៣។
លោក គង់ គាំ បញ្ជាក់ថា គណបក្ស សម រង្ស៉ី រំពឹងថា នឹងមានលទ្ធផលល្អក្នុងជំនួបនេះ៖ «ខ្ញុំ
ពេញចិត្តនឹងការពិភាក្សាគ្នានេះ។
គណបក្សសិទ្ធិមនុស្សមានគោលដៅស្របគ្នានឹងគណបក្ស សម រង្ស៊ី
ដោយរួបរួមគ្នា ដើម្បីឲ្យមានការផ្លាស់ប្ដូរ
ឲ្យប្ដូររដ្ឋាភិបាលនៅឆ្នាំ២០១៣ ដែលជាគោលដៅដែល សម រង្ស៊ី
ដៅឥតមានប្រែប្រួល»។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ កក្កដា
មានប្រសាសន៍ថា លោកដឹកនាំក្រុមការងារធ្វើដំណើរទៅដល់ទីក្រុងបាងកក
ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជួបចរចាគ្នាជាមួយគណបក្ស សម
រង្ស៊ី៖ «ខ្ញុំកំពុងធ្វើដំណើរទៅ ហើយនឹងជួបគ្នាស្អែក»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន
កម្ពុជា ដើម្បីអត្ថាធិប្បាយជុំវិញករណីនេះបានទេ នៅថ្ងៃទី១៥ កក្កដា
ឆ្នាំ២០១២។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន
ធ្លាប់បានសើចចំអកចំពោះសម្ពន្ធភាពរបស់គណបក្សទាំងពីរដែលប្រេះឆា
គ្នានាពេលកន្លងទៅ។ លោក ហ៊ុន សែន ក៏ធ្លាប់មានមានប្រសាសន៍ថា
គណបក្សសិទ្ធិមនុស្សបង្កើតឡើងដោយមានរូបលោកជាអ្នកជួយជ្រោមជ្រែង
បានន័យថា លោក កឹម សុខា ជាកូនជឹងរបស់គណបក្សប្រជាជន។ ប៉ុន្តែលោក កឹម
សុខា បានបដិសេធការចោទប្រកាន់នោះ។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ
មានប្រសាសន៍ថា
បើតាមការពិនិត្យមើលការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជា បង្ហាញថា
គណបក្សទាំងពីររួបរួមគ្នាជារឿងសំខាន់ក្នុងការប្រជែងយកឈ្នះ
គណបក្សកាន់អំណាច។ លោកបន្តថា នៅអាមេរិក អង់គ្លេស
ដែលជាប្រទេសជឿនលឿនផ្នែកលទ្ធិប្រជាធិបតេយ្យ
មានបក្សនយោបាយសំខាន់តែពីរប៉ុណ្ណោះ នៅកម្ពុជាវិញ
បើគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី រួមគ្នា
នឹងក្លាយជាគណបក្សធំមួយ។
លោក ឡៅ ម៉ុងហៃ បញ្ជាក់ថា ការទៅជួបគ្នានៅហ្វីលីពីន ជាសញ្ញាល្អមួយក្នុងសម្ពនភាព៖ «ខ្ញុំ
មានសុទិដ្ឋិនិយមថា
គណបក្សទាំងពីរហ្នឹងនឹងមានការមូលមាត់គ្នាជាបណ្ដើរៗ
និងមានដំណើរការវិជ្ជមាន ទៅដល់ត្រឹមណាអត់ដឹងទេ»។
មន្ត្រីគណបក្ស សម រង្ស៉ី ឲ្យដឹងថា ក្រុមការងារគណបក្ស សម រង្ស៊ី
នឹងជួបពិភាក្សាជាមួយលោក សម រង្ស៊ី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២
នៅទីក្រុងម៉ានីល។ ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី រួមទាំងលោក សម រង្ស៊ី
នឹងជួបជាមួយក្រុមការងារគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក កឹម
សុខា នៅថ្ងៃទី១៧ ខែក្កដា ឆ្នាំ២០១២។
អ្នកតាមដានបញ្ហានយោបាយនៅកម្ពុជា លើកឡើងថា
បើគណបក្សទាំងពីរគិតពីផលប្រយោជន៍លទ្ធិប្រជាធិបតេយ្យធំជាងផល
ប្រយោជន៍បក្សរៀងៗខ្លួន នឹងនាំឲ្យសម្ពន្ធភាពស្ថិតស្ថេរយូរអង្វែង
ហើយឈានទៅរកជ័យជំនះនៅថ្ងៃអនាគតទៀតផង៕
No comments:
Post a Comment