2012-07-20
RFA
ទោះបីមានភស្តុតាង និងការចោទប្រកាន់ជាច្រើនពីមហាជនថា
ប្រមុខរដ្ឋាភិបាលកម្ពុជាកំពុងជួយសម្រួល
ឬបានកាត់ទឹកដីរបស់ខ្លួនទៅឲ្យប្រទេសវៀតណាម នោះក៏ដោយ
ក៏មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែនខ្មែរ
នៅតែមានគំនិតសុទ្ធិនិយម។
ហើយមន្ត្រីទាំងនោះថ្លែងការពារថា
កម្ពុជាកំពុងបោះជំហានដ៏ត្រឹមត្រូវ
និងធ្វើកិច្ចការដោយស្របច្បាប់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយ
ញាតិជិតខាងរបស់ខ្លួន។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជានៃរដ្ឋាភិបាល
នៅតែប្រកាន់ជំហរប្រកបដោយមោទនភាពក្នុងការដោះស្រាយបញ្ហាព្រំដែននៅ
ភាគខាងកើតថា កំពុងធ្វើឡើងស្របទៅតាមនីតិវិធីច្បាប់
និងឆន្ទជាតិពិតប្រាកដ។
ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា
គឹមហុង មានប្រសាសន៍ថា
រដ្ឋាភិបាលខ្មែរសឹងគ្រប់ជំនាន់តែងប្រកាន់ខ្ជាប់នូវផែនទីខ្នាត
១លើ១រយពាន់ ដែលដាក់តម្កល់ក្នុងអង្គការសហប្រជាជាតិ
យកមកដោះស្រាយជាមួយប្រទេសជិតខាងជានិច្ច។
ផ្ទុយទៅវិញ ក្រុមអ្នកឃ្លាំមើលនិយាយថា កាលពីខែតុលា ឆ្នាំ២០០៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាជាមួយលោក ផាំ វ៉ាន់ខៃ
នាយករដ្ឋមន្ត្រីវៀតណាមក្នុងទីក្រុងហាណូយ
ជាសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាឆ្នាំ១៩៨៥
ស្ដីពីការកំណត់ព្រំដែនជាតិរវាងប្រទេសទាំងពីរនោះ
ឲ្យមានភាពស្របច្បាប់។ សន្ធិសញ្ញាឆ្នាំ១៩៨៥ នេះ ធ្វើឡើងដោយលោក ហ៊ុន
សែន រដ្ឋមន្ត្រីការបរទេសខ្មែរ ជាមួយលោក ង្វៀង កូថាច់
រដ្ឋមន្ត្រីការបរទេសវៀតណាម
ខណៈកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់កងទ័ពវៀតណាម។
សន្ធិសញ្ញាឆ្នាំ១៩៨៥ នេះ បានភ្ជាប់នូវផែនទីចំនួន ៤០ផ្ទាំង
ជាផែនទីប្រភេទ UTM ខ្នាត ១លើ៥០ពាន់ គូសដោយរដ្ឋាភិបាលវៀតណាម
និងសហរដ្ឋអាមេរិក។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង លោក ស៊ាន ប៉េងសែ មានប្រសាសន៍ថា
ផែនទីរបស់អាមេរិកាំង និងផែនទីដែលគូសដោយរដ្ឋាភិបាលវៀតណាមនេះ
គឺផែនទីខុស ពីព្រោះផែនទីទាំងនេះ
បានធ្វើឲ្យបាត់ព្រំដែនខ្មែរយ៉ាងច្រើនចូលក្នុងទឹកដីវៀតណាម។
ផែនទីដែលសម្ដេចព្រះបាទ នរោត្តម ស៊ីហនុ
ដាក់តម្កល់នៅអង្គការសហប្រជាជាតិ ជាផែនទីគូសដោយបារាំង ខ្នាត
១លើ១រយពាន់ បានន័យថា មួយសង់ទីម៉ែត្រនៅលើក្រដាស ស្មើនឹង
១គីឡូម៉ែត្រនៅលើដី។ ចំណែកផែនទីដែលគូសដោយវៀតណាម និងសហរដ្ឋអាមេរិក
មានខ្នាត ១លើ៥០ពាន់វិញ បានន័យថា ១សង់ទីម៉ែត្រនៅលើក្រដាស
ស្មើនឹង២គីឡូម៉ែត្រនៅលើដី។
ក្រុមអ្នកជំនាញខាងកិច្ចការព្រំដែនខ្លះនិយាយថា
តាមរយៈផែនទីខ្នាត ១លើ៥០ពាន់នេះ
អាចឲ្យកម្ពុជាបាត់ភូមិរបស់ខ្លួនមួយចំនួននៅតាមតំបន់ព្រំដែនចូល
ក្នុងទឹកដីវៀតណាម។
ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលវៀតណាម
ប្រកាសទាមទារយកភូមិរបស់ខ្មែរចំនួនពីរ គឺភូមិអន្លង់ជ្រៃ
និងភូមិផ្លុកត្រាច ស្ថិតក្នុងខេត្តកំពង់ចាម ថា
ភូមិទាំងពីរនេះស្ថិតក្នុងបន្ទាត់ព្រំដែនរបស់វៀតណាម។
ប៉ុន្តែលោក វ៉ា គឹមហុង មានប្រសាសន៍ថា ភូមិអន្លង់ជ្រៃ
និងភូមិផ្លុកត្រាច នេះ ស្ថិតក្នុងទឹកដីវៀតណាម តាមរយៈផែនទីខ្នាត
១លើ១រយពាន់ ដែលគូសដោយបារាំង។
លោកបន្តថា ក្រៅពីភូមិទាំងពីរនេះ
ក៏នៅមានភូមិជាច្រើនទៀតក្នុងទឹកដីខ្មែរ ជារបស់វៀតណាម
ហើយក៏មានភូមិជាច្រើនទៀតជារបស់ខ្មែរក្នុងទឹកដីវៀតណាម។ លោកថា
ហេតុដូច្នេះ កម្ពុជា និងវៀតណាម
នឹងត្រូវធ្វើការដោះដូរភូមិគ្នាទៅវិញទៅមក
ហើយបន្តកិច្ចសហប្រតិបត្តិការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ
ឲ្យបានច្បាស់ថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ លោក ស៊ាន ប៉េងសែ អះអាងថា ភូមិអង្លង់ជ្រៃ
ដែលជាភូមិកំណើតរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា នោះ
ស្ថិតក្នុងទឹកដីខ្មែរ
ផ្អែកតាមផែនទីដែលបារាំងបានគូសនៅឆ្នាំ១៨៧៣។
លោកបញ្ជាក់ថា ប្រសិនបើភូមិទាំងនោះជារបស់វៀតណាម មែន វៀតណាម
ប្រាកដជាមិនបានទុកឲ្យពលរដ្ឋខ្មែររស់នៅរហូតមកទល់សព្វថ្ងៃនេះ
ឡើយ។
ក្រុមអ្នកឃ្លាំមើលនិយាយថា
ដោយសារតែសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥
ដែលធ្វើឲ្យសន្ធិសញ្ញាឆ្នាំ១៩៨៥ មានភាពស្របច្បាប់
ផ្អែកលើផែនទីដែលគូសជាឯកតោភាគីដោយវៀតណាម នោះហើយ ទើបវៀតណាម
អាចឆ្លៀតឱកាសទាមទារយកភូមិរបស់ខ្មែរបន្ថែម។
ព្រឹត្តិបត្រឯកសារប្រចាំខែឈ្មោះ BMD របស់សម្ដេចព្រះបាទ នរោត្តម
ស៊ីហនុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៤ បានសរសេរថា លោក វ៉ា គឹមហុង
ហ៊ានយកផែនទីក្លែងក្លាយនៃប្រទេសកម្ពុជា មកទូលភូតកុហកព្រះអង្គថា
ជាផែនទីភូមិសាស្ត្រនៃសង្គមរាស្ត្រនិយម។
ទាក់ទិននឹងបញ្ហានេះ លោក ប៉ាង សុខឿន ដែលជាអតីតប្រធានចលនានិស្សិត
ដើម្បីលទ្ធិប្រជាធិបតេយ្យ
និងជាអ្នកចុះត្រួតពិនិត្យផ្ទាល់អំពីស្ថានភាពព្រំដែន
កម្ពុជា-វៀតណាម មានប្រសាសន៍ពីប្រទេស Finland មកថា
ផែនការបោះបង្គោលព្រំដែនថ្មី
ដែលកម្ពុជាបានព្រមព្រៀងធ្វើឡើងជាមួយវៀតណាម
ស្របតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នោះ
កំពុងធ្វើឡើងផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកបន្តថា កិច្ចការដោះដូរភូមិរបស់ខ្មែរជាមួយវៀតណាម
ឬផែនការបោះបង្គោលព្រំដែនថ្មី
ជារឿងសំខាន់សម្រាប់ប្រទេសជាតិទាំងមូល
ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនបានដាក់រឿងនេះ
ឲ្យជជែកសួរដេញដោលក្នុងសភាជាតិ
ឬមានការព្រមព្រៀងពីព្រះមហាក្សត្រនោះឡើយ។
គណៈកម្មាធិការព្រំដែនដែលមានមូលដ្ឋានក្នុងប្រទេសបារាំង ឲ្យដឹងថា
សន្ធិសញ្ញាឆ្នាំ១៩៨៥ និង២០០៥ ជាសន្ធិសញ្ញាខុសច្បាប់
ដែលធ្វើឲ្យបាត់ព្រំដែនគោករបស់កម្ពុជាប្រមាណពី
៤ពាន់ទៅ៦ពាន់គីឡូម៉ែត្រក្រឡា ហើយថា
សន្ធិសញ្ញាទាំងពីរនេះប្រាសចាកពីផែនទីរបស់ខ្មែរ
ដែលកំពុងតម្កល់ក្នុងអង្គការសហប្រជាជាតិឆ្នាំ១៩៦៤ ខ្នាត
១លើ១រយពាន់ ដែលទទួលស្គាល់ជាអន្តរជាតិ។
ក្រុមអ្នកវិភាគខ្លះនិយាយថា សន្ធិសញ្ញាដែលធ្វើឡើងរវាងកម្ពុជា
និងវៀតណាម ក្នុងឆ្នាំ១៩៨៥ នោះ គឺជាការឆ្លៀតឱកាសរបស់វៀតណាម
នៅគ្រាដែលខ្លួនកំពុងត្រួតត្រាកម្ពុជា
ហើយនៅខណៈដែលកម្ពុជាខ្លួនឯង
មិនមានអ្នកជំនាញខាងកិច្ចការព្រំដែននាសម័យនោះ
ដោយសារអ្នកចេះដឹងភាគច្រើន
ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមអស់ស្ទើរគ្មានសល់៕
No comments:
Post a Comment