Friday, April 26, 2013

គ.ជ.ប ច្រាន​​ចោល​​សំណើ​​បក្ស​ប្រឆាំង លើ​​ការ​​រក​ឃើញ​​ភាព​​មិន​​ប្រក្រតី​​ក្នុង​​បញ្ជី​​បោះ​ឆ្នោត​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បដិ​សេធ​សំណើ​របស់​គណក្ស​សង្គ្រោះ​ជាតិ ដែល​ជំរុញ​ឲ្យទទួល​​យក​អនុ​សាស​ន៍​​អង្គ​ការ​​សហ​​ប្រជាជាតិ ស្តីពី ឯករាជ្យ​ភាព និង​​ធា​នា​សិទ្ធិ​​ម្ចាស់​ឆ្នោត​​ដែល​​បាន​​ចុះ​ឈ្មោះ​​ ដើម្បី​​ឲ្យ​​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ​២០១៣​​ខាងមុខ​ អាច​​ទទួលយកបាន​ពី​គ្រប់​គណបក្ស​​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​។​
​ការ​បដិសេធ​របស់ គ​.​ជ​.​ប នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​​ជាតិ កាលពីដើម​សប្តាហ៍​នេះ បាន​ធ្វើ​បាតុកម្ម​​ដាក់​សម្ពាធ​​ឲ្យ​ គ​.​ជ​.​ប ទទួល​យក​​លក្ខ​ខណ្ឌ​​៥​ចំណុច​​យក​​ទៅ​ធ្វើ​​កំណែទម្រង់​​ដើម្បី​​ធានា​​ថា ការ​បោះ​ឆ្នោត​​នៅ​​អាណត្តិ​ទី​​៥​​នេះ​​ សេរី​ត្រឹម​​ត្រូវ និង​​យុត្តិធម៌​។​
សំណើ​នោះ រួមមាន ទី​១ គ​.​ជ​.​ប ត្រូវ​ទទួលខុសត្រូវ​កា​រ​បាត់បង់​សិទិ្ធ​បោះឆ្នោត​របស់​​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​១​លាន​៥​សែន​នាក់​។ ទី​២ គ​.​ជ​.​ប ត្រូវ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ឲ្យបាន​ត្រឹមត្រូវ។ ​ទី​៣ គ​.​ជ​.​ប ត្រូវ​រៀបចំ​នីតិវិធី​​បោះ​​ឆ្នោត ដើម្បី​ធានា​ភាពសេរី​ត្រឹម​ត្រូវ និង​​ស្មើ​ភាព។ ទី​៤ គ​.​ជ​.​ប ត្រូវ​​បើក​ផ្លូវ​​ឲ្យ លោក សម រង្ស៊ី ចូល​រួម​​ការបោះឆ្នោត​ឡើងវិញ​ និង​ទី​៥ គ​.​ជ​.​ប ត្រូវអនុវត្ត​អនុសាសន៍​​របស់​​តំណាង​ពិសេស​អង្គការ​សង​ប្រជាតិ និង​អង្គការ​សង្គម​ស៊ីវិល​។​
ប៉ុន្តែ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល គ​.​ជ​.​ប ចែក​ឲ្យ​អ្នកសារព័ត៌មាន​​នៅ​​ស្នាក់​ការ​​របស់​​ខ្លួន​​នា​ថ្ងៃ​សុក្រ​​នេះ សរ​​សេ​រ​ថា ក្នុង​របាយ​ការណ៍​​របស់​​អង្គ​ការ​​សហ​ប្រជាជាតិ ទទួល​បន្ទុក​​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ស្រប​នឹង​ក្រប​ខណ្ឌ​ជា​​ធរមាន​ត្រូវបាន គ​.​ជ​.​ប ទទួល​យក​​កែលម្អ​​ក្នុង​​បទ​បញ្ជា​​និង​​នីតិ​វិធី សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំង​​តំណាង​រាស្ត្រ នីតិកាល​​ទី​៥​​រួច​ហើយ លើកលែង​តែ​សំណើ​​ផ្សេង​ទៀត ដែល​មិន​ស្រប​ទៅ នឹង​ក្រប​ខណ្ឌ​ច្បាប់​​ជា​ធរមាន ដែល​ គ​.​ជ​.​ប មិន​​អាច​​ទទួល​យក​បាន ។​
គ​.​ជ​.​ប បន្តថា ចំណែក​ការស្នើ​របស់​សង្គម​ស៊ីវិល​មួយចំនួន​ដូចជា ​អង្គការ​ខុម​​ហ្វ្រែល NDI ​និង​អង្គការ​មួយចំនួន​ទៀត ដែល​ស្នើ​ឲ្យ​​ធ្វើ​​បញ្ជី​​បោះ​ឆ្នោត​​ជា​ថ្មី​ឡើងវិញ គ​.​ជ​.​ប មិន​អាច​ទ​ទូល​យក​បាន​ទេ​ ​ដោយសារ​ខុស​នឹង​លក្ខណៈ​ច្បាប់​។​
VOD មិនអាច​សុំ​ការឆ្លើយតប​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ឡើយ​នៅ​ព្រឹក​នេះ​៕​

No comments: