Monday, April 22, 2013

លោក​​នាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន​​ប្រតិកម្ម​​នឹង​​សារ​​នយោបាយ​​របស់​​លោក​​សម រង្ស៊ី​​

 លោក​កឹម​សុខា​ប្រធានគណបក្សសិទ្ធិមនុស្ស​និង​ទៅជួប​ថ្នាក់ដឹកនាំ​គណបក្ស​សមរង្ស៊ី​នៅទីក្រុង​ម៉ានីលនាចុងខែមិថុនា(RFI/Ly Meng Hour)
ក្នុង​​ពិធី​សម្ពោធ​សមិទ្ធផល​នានា និង​កាត់​ឫស​សីមា ឆ្លង​ព្រះវិហា​រ នៅ​វត្ត​អម្ពិល​វ័ន្ត ក្នុងស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសានេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម ដោយ​មិន​ចេញ​ឈ្មោះ តែ​សំដៅ​ទៅលើ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ពាក់​ព័ន្ធ​​នឹង​អ្វី ដែល​លោកនាយករដ្ឋមន្ត្រី ហៅថា​ជា​នយោបាយ​ទឹក​ឡើង ​ត្រី​ស៊ី​ស្រមោច ទឹក​ខោ​ច ស្រមោច​ស៊ី​ត្រី របស់លោកសមរង្ស៊ី​។​ លោក សមរង្ស៊ី ក្នុង​ពិធី​ជួបជុំ នៅ​វាលពិឃាត​ជើង​ឯក កាល​ពីថ្ងៃ​ទី​១៧​មេសា​ បានប្រកាសថា នៅ​ពេល​​រដ្ឋាភិបាល​ថ្មី​របស់លោក ឡើង​ដឹក​នាំ​ប្រទេស​ តាម​រយៈ​ការ​បោះឆ្នោត​នៅខែកក្កដា នោះមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា រួមមាន៖ រដ្ឋមន្ត្រី ឧបនាយក​រដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី ដែលលោកសមរង្ស៊ី ថាជាអតីត​មេដឹក​នាំ​ខ្មែរ​ក្រហម ​និងជាជនឧក្រិដ្ឋ នឹង​ត្រូវ​នាំ​មកកាត់ទោស។
ថ្ងៃ សុក្រ 19 មេសា 2013
ដោយ លី ម៉េងហួរ
RFI
ទោះជាថ្លែងដោយមិនចេញឈ្មោះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាសំដៅទៅកាន់ លោកសមរង្ស៊ី ដែលបានថ្លែងការណ៍ តាមវិដេអូអ៊ីនថឺណេត ចូលទៅពិធីជួបជុំ នៅវាល​ពិឃាត​​ជើងឯក ក្នុងពិធីរម្លឹកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ ក្នុងរបបខ្មែរក្រហម កាលពីថ្ងៃ១៧​មេសា។

​ក្នុងពិធីជួបជុំនោះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​រួប​រួម​​រវាង​គណបក្ស​​ស​ម​រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ប្រកាស​ពី​ជោគជ័យ​របស់​គណបក្ស​ប្រឆាំង ក្នុង​ការបោះ​ឆ្នោត​​ជាតិ នៅ​​ខែ​កក្កដា​ខាងមុខ ហើយ​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​​ដោយ​រូប​លោក នឹង​បើក​ឲ្យ​តុលាការ​បន្ត​​សំណុំរឿងកាត់ទោស​លើ​អតីត​មេ​ខ្មែរក្រហម ដែល​លោក សម រង្ស៊ី អះអាងថា សព្វថ្ងៃ កំពុង​​ស្ថិត​ក្នុង​ជួរ​រដ្ឋាភិបាល​។

លោក សម រង្ស៊ី ក៏​បាន​ថ្លែងថា នៅ​ឆ្នាំក្រោយ នៅពេល​មាន​រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​គណបក្ស​​​​សង្គ្រោះ​ជាតិ នោះ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួន ដែល​លោក​សម​រង្ស៊ី ហៅថា ជន​ឧក្រឹដ្ឋ មាន​តំណែង​ជា​រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី ក៏​នឹង​មិន​រួច​ផុត​ពី​ការ​ចាប់ខ្លួន យក​កាត់​​ទោស​​ឡើយ​។

ក៏ប៉ុន្តែនៅថ្ងៃសុក្រនេះ ក្នុងពិធីកាត់ឫសសីមា ដាក់ឲ្យប្រើប្រាស់ព្រះវិហារ ក្នុងវត្តអម្ពិលវ័ន្ត ក្នុង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការ​លើក​ឡើង​របស់​លោក​​សមរង្ស៊ី ថាជានយោបាយ ទឹក​ឡើង ត្រី​ស៊ី​ស្រមោច ទឹក​ខោ​ច ស្រមោច​ស៊ី​ត្រី​ ដែលដូច​គ្នា​នឹងនយោបាយក្នុងសម័យនល់នល់ និងសម័យខ្មែរក្រហម។
តាមលោកនាយករដ្ឋមន្ត្រី ​នយោបាយ​របស់លោកសមរង្ស៊ី ដែលបានប្រកាសយកមេដឹកនាំ​ជំនាន់​​​មុន យកទៅកាត់ទោសនោះ ក៏នឹង​បង្ក​ឲ្យមាន​សង្គ្រាម​ផ្ទៃក្នុង កើតឡើង​ជា​ថ្មី​ទៀត​ ព្រោះ​​​ថា​ ​លោក​នឹងមិន​សុខចិត្ត​ឲ្យគេចាប់ខ្លួន យក​ទៅ​កាត់ទោស ​ស្រួលៗ​នោះទេ​។

មួយវិញ​ទៀត លោកនាយករដ្ឋមន្ត្រី ហ៊ានសន្និដ្ឋានថា នយោបាយរបស់គណបក្សប្រឆាំង ក៏​នឹង​កើត​មាន​សង្គ្រាម​​​ជាមួយ​នឹង​​ប្រទេសជិតខាង ដែលមេបក្សប្រឆាំង អះអាងថា ប្រទេស​ជិត​ខាង បាន​រំលោភ ឈ្លានពានទឹកដីកម្ពុជា។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​ជឿថា ការរួបរួម​របស់​គណបក្សប្រឆាំង​ គណបក្ស​​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា អាច​នឹង​ស្ថិតស្ថិរ ហើយ​កើន​​សំឡេង​ឆ្នោត​​របស់​ខ្លួន​​បាន​នោះទេ ព្រោះគណបក្សប្រឆាំង​ទាំង​ពីរ ក្នុងការបោះឆ្នោត​កន្លង​មក បានទិតៀនគ្នាយ៉ាង​ខ្លាំង​ក្លា៕

No comments: