លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា ដែលកំពុងនិរទេសខ្លួន
គណបក្សសង្គ្រោះ
ជាតិអះអាងពីម្សិលមិញថា លោក សម រង្ស៊ី
មេដឹកនាំគណបក្សសង្គ្រោះជាតិនឹងចុះឈ្មោះជាបេក្ខជនតំណាងរាស្រ្ត
ក្នុងខេត្តកណ្តាល បើទោះជាលោកត្រូវ គ.ជ.បសម្រេចថា
គ្មានលក្ខណសម្បតិ្តដើម្បីឈរឈ្មោះម្តងហើយម្តងទៀតក៏ដោយ។
ក្នុងករណីដែល
អាចចរចានឹងមានការព្រមព្រៀង ហើយលោក សម រង្ស៊ី
ត្រូវអនុញ្ញាតឲ្យវិលត្រឡប់មកប្រទេសកម្ពុជាដើម្បីឈរឈ្មោះបោះ
ឆ្នោត នោះលោក សម
រង្ស៊ីនឹងឈរឈ្មោះប្រកួតប្រជែងនៅមណ្ឌលខេត្តកណ្តាលតទល់ជាមួយនឹង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក យ៉ែម
ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា
គណបក្សមិនទាន់ចុះបញ្ជីឈ្មោះបោះឆ្នោតនៅឡើយប៉ុន្តែគណបក្សនឹងចុះ
ឈ្មោះនៅចុងសប្តាហ៍នេះ។ នៅពេលនោះឈ្មោះ លោក សម រង្ស៊ី
នឹងស្ថិតក្នុងចំណោមបេក្ខជនរបស់គណបក្ស។
លោក យ៉ែម
ប៉ុញ្ញឫទ្ធិ បានបន្តថា៖« មូលហេតុដែលយើងយឺតយ៉ាវ
ព្រោះនៅតែសិក្សាពីនីតិវិធីច្បាប់
ដើម្បីត្រួសត្រាយផ្លូវដល់លោកសម រង្ស៊ី
ដើម្បីគាត់អាចប្រជែងជាមួយនឹងលោក ហ៊ុន សែន នៅខេត្តកណ្តាល»។
ក្នុងពេលបោះឆ្នោតលើកមុន លោក សម រង្ស៊ី បានឈរឈ្មោះជាបេក្ខជនខេត្តកំពង់ចាម។
វាមិនច្បាស់
ទេថាតើមធ្យោបាយច្បាប់នោះជាអ្វី ហើយលោក ប៉ុញ្ញឫទ្ធិ
បដិសេធមិនពន្យល់បន្ថែមឡើយ។ កាលពីមុន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)
បានសម្រេចម្តងហើយម្តងទៀតតាមលក្ខខណ្ឌច្បាប់ថាលោក សម រង្ស៊ី
ពុំមានសិទិ្ធបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោតឡើយ។
លោក ទេព នីថា
អគ្គលេខាធិការ គ.ជ.ប បានលើកឡើងពីចំណុចនេះម្តងទៀត កាលពីម្សិលមិញ
ដោយថ្លែងថា លោក សម រង្ស៊ី គ្មានសិទិ្ធឈរឈ្មោះជាបេក្ខជនទេ
ដោយសារតែប្រវត្តិជាប់ទោស។
លោក ទេព នីថា
បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖
«យើងនឹងពិនិត្យលើបញ្ជីបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ
ពេលគេដាក់មកហើយប្រសិនបើលោក សម រង្ស៊ី ស្ថិតក្នុងបញ្ជី
យើងនឹងស្នើសុំឲ្យផ្លាស់ប្តូរក្នុងរយៈពេល៥ថ្ងៃ»។
យោងតាមច្បាប់បោះឆ្នោត ជនជាប់ទោសត្រូវបានហាមឃាត់មិនឲ្យបោះឆ្នោត ឬឈរឈ្មោះ។
លោក សម
រង្ស៊ីដែលបាននិរទេសខ្លួនឯងនៅប្រទេសបារាំងបានប្រឈមនឹងទោសជាប់
ពន្ធនាគារ ១២ឆ្នាំ
ប្រសិនបើលោកវិលមកកម្ពុជាវិញក្រោមការកាត់ទោសពីបទញុះញង់
ផ្សព្វផ្សាយព័ត៌មានមិនពិត និងបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ។
ក្រុមអ្នក
គាំទ្រលោក សម រង្ស៊ី បានទទូចថា ការកាត់ទោសនេះគឺដោយមូលហេតុនយោបាយ
ហើយមន្រ្តីជាន់ខ្ពស់ ដូចជាលោកប្រធានាធិបតីសហរដ្ឋអាមេរិក
បានជំរុញរដ្ឋាភិបាលលើកចោលការចោទប្រកាន់ និងអនុញ្ញាតឲ្យលោក សម
រង្ស៊ី ចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតនៅខែកក្កដា។ ប៉ុន្តែ
បើទោះបទចោទត្រូវបានលើកចោលក៏ដោយ ក៏ប៉ុន្តែ ឈ្មោះ លោក សម រង្ស៊ី
បានលុបចេញពីបញ្ជីអ្នកបោះឆ្នោតជាងមួយឆ្នាំមកហើយហើយតាមច្បាប់
មិនអាចដាក់បញ្ចូលវិញបានទេ នៅក្នុងរយៈពេលនេះ។
លោក ទិត សុធា
អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋ
មន្រ្តី ថ្លែងថា បេក្ខភាពនេះហាក់ដូចជាគ្រាន់តែជាឆាកនយោបាយ។
លោក សុធា
បន្ថែមថា៖«ខ្ញុំគិតថា វាជារឿងល្ងីល្ងើ ដែលគេផ្គូរផ្គងលោក សម
រង្ស៊ី និងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជនប្រជែងក្នុងខេត្តកណ្តាល
ព្រោះគាត់ត្រូវបានគេហាមឃាត់ដោយច្បាប់ ហើយគាត់គ្មានសិទិ្ធទេ»។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការខុមហ្វ្រែល បានថ្លែងថា តាមទស្សនៈយុទ្ធសាស្រ្ត គណបក្សអាចមានជម្រើសតិច។
លោកបន្ថែមថា៖
«គេដឹងថា គេមិនអាចទទួលបានបែបនេះទេ
ប៉ុន្តែយ៉ាងហោចគេបង្ហាញសាធារណជនអ្នកបោះឆ្នោតថា
ពួកគេកំពុងព្យាយាមថា គេខិតខំដើម្បីឲ្យលោក សម រង្ស៊ី
វិលត្រឡប់និងឈរឈ្មោះជាបេក្ខជន»។ លោកបញ្ជាក់ថា
បើសេចក្តីសម្រេចនេះផ្អែកតែលើច្បាប់វាច្បាស់ថាលោក សម រង្ស៊ី
គ្មានផ្លូវឈរឈ្មោះបានឡើយ។ ប៉ុន្តែថា គណបក្សអាចកំពុងមានសង្ឃឹមថា
នឹងមានការសម្រុះសម្រួលនយោបាយ។
ទោះផ្លូវច្បាប់ឬមិនមែនក្តី«នៅកម្ពុជា
ពេលខ្លះការសម្រុះសម្រួលនយោបាយអាចកើតឡើងបាន។
លោកទទួលស្គាល់
ថា មានឱកាសតិចតួចពីការសម្រុះសម្រួលនេះ
តែបើ«ផ្អែកលើពាក្យសម្តីគ.ជ.បពីមុន
ឬពាក្យសម្តីក្រុមប្រឹក្សាធម្មនុញ្ញ
យើងពុំទទួលបានសញ្ញានៃការសម្រុះសម្រួលផ្លូវនយោបាយឡើយ»។
No comments:
Post a Comment