Monday, May 6, 2013

បញ្ជីឈ្មោះ​បោះឆ្នោត​ជា​ប្រធានបទ​ក្តៅ​មុន​ការ​បោះឆ្នោត

ថ្នាក់ដឹកនាំ​អង្គការ​សង្គមស៊ីវិល​កម្ពុជា
 ថ្នាក់ដឹកនាំ​អង្គការ​សង្គមស៊ីវិល​កម្ពុជា (RFI/Delux Leang)
សមាគម​អាដហុក អង្គការ​និកហ្វិក អង្គការ​ខុមហ្វ្រែល និង​អង្គការ​លីកាដូ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍រួម​មួយ នៅថ្ងៃទី​២ឧសភា​នេះ អំពាវនាវ​អោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ រៀបចំផ្សព្វ ផ្សាយ​​ បញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ឡើងវិញ ដើម្បី​អោយ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​អាច​ពិនិត្យ​ទិន្នន័យ​អត្តសញ្ញាណ​របស់ខ្លួន​។ អង្គការ​សង្កេត ការណ៍​បោះឆ្នោត​កំពុង​សម្តែង​ការ​ព្រួយ​បារម្ភអំពីបញ្ជី​ ឈ្មោះ​បោះ ឆ្នោត​នេះ បន្ទាប់​ពី​ពួកគេ​រក​ឃើញ​ថា បញ្ជី​ឈ្មោះ​នេះ​បាន​ធ្វើ​អោយ​ប៉ះពាល់​សិទ្ធិ​អ្នក​បោះឆ្នោត​ជាង​មួយ​លាន​ នាក់​។
ថ្ងៃ ព្រហស្បតិ៍ 02 ឧសភា 2013
ដោយ លាង ដឺលុច
RFI
បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោតកំពុង​តែក្លាយ​ជា​របៀបវារៈក្តៅគគុក​នៅ​ មុន​ការ​បោះឆ្នោត​មកដល់។ អង្គការ​សង្កេតការណ៍​បោះឆ្នោត​បាន​ផ្សព្វផ្សាយ​អំពី​ការ​រកឃើញ​កំហុស​ ជាច្រើននៅ​ក្នុង​បញ្ជី​ឈ្មោះ​ ដែល​ធ្វើ​​អោយ​ប៉ះពាល់​សិទ្ធិ​អ្នកបោះឆ្នោត​ជាង​មួយ​លាន​នាក់។ គណបក្ស​ប្រឆាំង​បាន​រៀបចំ បាតុកម្ម​ទាមទារអោយគណៈកម្មាធិការជាតិ​រៀបចំ​ការ​ បោះឆ្នោត (គ.ជ.ប.) រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ឡើងវិញ។
នៅ​ថ្ងៃទី​២​ឧសភា​នេះ អង្គការ​សង្កេតការ​បោះឆ្នោត ខុមហ្វ្រែល និកហ្វិក សមាគម​អាដហុក និង​អង្គការ​លីកាដូ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​រួមគ្នា​ទៀត ទាមទារ​អោយ​គ.ជ.ប.​បិទ​បញ្ជីឈ្មោះអ្នកបោះឆ្នោត​ឡើងវិញ។ អង្គការ​សង្កេតការណ៍​បោះឆ្នោត​បាន​ស្នើអោយ​គ.ជ.ប.​បិទ​បញ្ជី​ឈ្មោះ​នេះ​នៅ​ តាម​ភូមិ​តែម្តង ដើម្បី​ងាយស្រួល​ដល់​អ្នកបោះឆ្នោត​ក្នុង​ការ​ត្រួត​ពិនិត្យ​អត្តសញ្ញាណ​របស់ ​ពួកគេ។ នេះ​គឺ​ជា​ការ​ទាមទារ​មួ​យ​ក្នុង​ចំណោម​២​ចំណុច​​ ដែល​អង្គការ​សង្កេត​ការណ៍​បោះឆ្នោត​ខាងលើ​បាន​លើកឡើង​នៅថ្ងៃ​នេះ។ ចំណុច​ទី២​នោះ អង្គការ​ដដែលបានស្នើធ្វើ​យ៉ាងណា​អោយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ ហើយ​ដែល​បាន​ចុះ​ឈ្មោះ​ប្រជែង​ក្នុង​ការបោះឆ្នោត​ដែរ​នោះ ដាក់​បេក្ខភាពទៅ​ក្នុង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ សង្កាត់  និង​គណៈ​​កម្មការតាម​​ការិ​យាល័យ​បោះ​ឆ្នោត​ និង​រាប់​សន្លឹកឆ្នោត​។

ចំពោះ​អង្គការ​ទាំងនេះ ប្រសិនបើគ.ជ.ប មិនយក​អនុសាសន៍​ទាំងពីរ​ខាងលើ​នេះទៅ​ដោះស្រាយ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ ទេនោះ គ.ជ.ប.​​អាចប្រឈមមុខ​នឹង​ការបាត់បង់​ជំនឿ​ទៅ​លើ​ខ្លួន។

លោក​គល់​ បញ្ញា​ នាយកប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​បាន​រម្លឹក​ឡើងវិញថា ការ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកបោះឆ្នោត​ដែល​ត្រូវបាន​រក​ឃើញ​ថា មាន​ដល់​ជាង​មួយលាននាក់​នោះ គឺជាទំហំធំធេង ហើយថា​ នេះ​វា​មិន​មែន​តែ​ជា​បញ្ហា​ត្រឹម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ទេ ប៉ុន្តែ​វា​ជា​បញ្ហាសិទ្ធិ​អ្នក​បោះឆ្នោត​​ដែល​ជា​បញ្ហា​ធំ​បំផុត។

វិទ្យុបារាំងអន្តរជាតិ​​មិន​អាច​ទាក់ទង​តំណាង​គ.ជ.ប. ដើម្បី​សួរ​អំពី​ប្រតិកម្ម​បាន​ឡើយ ប៉ុន្តែ​អគ្គលេខាធិការ​គ.ជ.ប. លោក​ទេព នីថា ​ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់សម្តី​ដែល​និយាយថា គ.ជ.ប.​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោតច្រើន​មក​ហើយ ហើយ​ថា​គ.ជ.ប.​ក៏​បាន​បង្កើត ប្រព័ន្ធ​ទូរស័ព្ទឥតគិតថ្លៃ ​ដើម្បី​ផ្តល់​ឱកាស​អោយ​ប្រជាពល​រដ្ឋ​សួរ​ព័ត៌មាន​អំពី​អត្តសញ្ញាណ​របស់​ ពួកគេ​ក្នុង​បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​ដែរ៕

No comments: