Friday, September 27, 2013

វិភាគ​៖​ តើ​លោក​ហ៊ុន សែន ឬ លោក​សម រង្ស៊ី ដែល​រំលោភ​រដ្ឋធម្មនុញ្ញករណី​បង្កើត​សភាឯក​បក្ស​?​


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ខាងឆ្វេង) និង​លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ
ចម្លងទុក

ថ្ងៃពុធ ទី25 ខែកញ្ញា ឆ្នាំ2013
ដោយ៖​ ពៅ មេត្តា​
VOD
សភា​អាណត្តិ​​ទី​៥ បាន​កើតឡើង​នៅ​ថ្ងៃទី​​២៤​ ខែ​​ក​ញ្ញា ​ឆ្នាំ​​២០១៣​។ ក្រោយ​ការ​បង្កើតសភា​​នោះ  លោក ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​​ទទួលបាន​តំណែង ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត​នោះ លើកឡើងថា គណ​បក្ស​របស់​លោក​អនុវត្ត​តាម​រដ្ឋធម្ម​នុញ្ញ និង​គោរពតាម​ព្រះ​មហា​ក្សត្រ ហើយ​ចោទ​ថា គណបក្ស​ប្រឆាំង​មិន​គោរព​​រដ្ឋ​ធម្មនុញ្ញ និង​​ព្រះ​មហាក្សត្រ ចំពោះ​​ការ​​មិន​​ចូលរួម​ប្រជុំ​សភា​។​
​ចំណែក​​លោក សម រង្ស៊ី ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ ដែល​​បាន​​ដឹកនាំ​​បេក្ខជន​​ជាប់​​ឆ្នោត​របស់​ខ្លួន ​ទៅ​ខេត្តសៀមរាប នៅ​​ថ្ងៃ​​ប្រជុំ​​សភា​​នោះ ចោទ​គណបក្ស​របស់​លោក ហ៊ុន សែន ថា​ធ្វើ​រដ្ឋប្រហា​រ​​រដ្ឋធម្មនុញ្ញ​ ដោយ​បង្កើត​សភា​ដើម្បី​ផលប្រយោជន៍​បក្ខពួក មិន​ឆ្លុះបញ្ចាំង​​ពី​ផលប្រយោជន៍ ប្រជា​រាស្ត្រ និង​​ផលប្រយោជន៍​ជាតិ​។​
អ្នកស្រាវជ្រាវ​បញ្ហា​អភិវឌ្ឍន៍​សង្គម ​លោក កែម ឡី លើកឡើង​ថា ការបង្កើត​រដ្ឋាភិបាល​​ដោយ​ឯក​បក្ស ​ជា​ការដើរ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​ ៖ “​រដ្ឋធម្មនុញ្ញ​យើង ឲ្យ​មាន​​ប្រទេស​​មួយ​​ដែល​​មាន​សេរី​ពហុបក្ស ប្រជាធិបតេយ្យ​សេរី​ពហុបក្ស អញ្ជឹង​យើងក៏​មិន​បាន​ធ្វើទៅទៀត យើង​ប្រជុំ​ជា​ឯក​បក្ស ឥឡូវ​​បង្កើត​រដ្ឋសភា​ជា​ឯក​បក្ស បន្តិចទៀត បង្កើត​រដ្ឋាភិបាល​ជា​ឯក​បក្ស ទៅទៀត នេះ​ហើយ​សុទ្ធតែ​ជា​លក្ខណៈ ផ្ទុយ​ទៅ​និង​រដ្ឋធម្មនុញ្ញ​”​។​
​ពាក្យ​ថា រំលោភ​រដ្ឋធម្មនុញ្ញក្រោយ​ការបង្កើត​សភា​ត្រូវបានលោក សម រង្ស៊ី និងលោក ហ៊ុន សែន ជា​តួអង្គ​​សំខាន់ ក្នុង​គណបក្ស​ទាំងពីរ​ ដែល​ទទួល​បាន​​អាសនៈ ​ក្នុង​​រដ្ឋសភា​​បាន​​រុញ​ដាក់​គ្នា​ទៅវិញ​ទៅ​មក​។​
​លោក សម រង្ស៊ី សំអាង​​លើ​រដ្ឋធម្មនុញ្ញ​​ត្រង់​មា​ត្រា​១​​ ចែងថា ប្រទេស​កម្ពុជា ជា​ព្រះរាជា​ណាចក្រ​​ដែល​​ព្រះ​មហា​ក្សត្រ ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​តាម​​លទ្ធិប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​។ ចំណែក​មាត្រា​៧៦ ក៏​បាន​បញ្ជាក់​ដែរ​ថា សភា​មាន​សមាជិក​យ៉ាងតិច​ ១២០​រូប​។ ដូច្នេះ​ការបង្កើត​សភា ​ដែល​មាន​តែ​​គណបក្ស​​មួយ មាន​​សមាជិក​​តែ​៦៨​រូប​នោះ ត្រូវ​លោក សម រង្ស៊ី​ ហៅថាជា ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ។​
​បើ​យើង​រំលឹក​ទៅ​ខាង​ដើម​បន្តិច​ គឺ​ចាប់​ក្រោយ​ការបោះ​ឆ្នោត​​ភ្លាម គណបក្ស​សង្គ្រោះជាតិ ទន្ទេញ​ស្ទើរ​​រត់មាត់​ គឺ​ទាមទារ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​​ស៊ើប​​អង្កេត ភាព​មិន​ប្រក្រតី ពេល​​បោះ​ឆ្នោត​​ដោយ​​គណបក្ស​​នេះ លើកឡើងថា មាន​​ការលួចបន្លំ​​សន្លឹក​ឆ្នោត​​ច្រើន​ នាំ​ឲ្យបាត់សំឡេង​គាំទ្រ​ពិត​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹម​នឹង​ការទាមទារ​បង្កើត​គណៈ​កម្ម​ការ​ឯករាជ្យ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ព្រមាន​ស្ទើរ​រាល់ថ្ងៃ​ដែរ​ថា នឹង​មិន​ចូលរួម​ប្រជុំ​សភា​លើក​ដំបូង​​ទេ ប្រសិន​បើ​មិន​មាន​ការ​ស៊ើប​អង្កេត ​ពី​ភាព​មិន​ប្រក្រតី​ពេល​បោះឆ្នោត ដើម្បី​រក​​យុត្តិធម៌ ជូនប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​នោះ​។
​ចំណែក​លោក ហ៊ុន សែន វិញ អះអាងថា គណបក្ស​របស់​លោក​ គោរព​តាម​រដ្ឋធម្មនុញ្ញ​តាម​​មាត្រា​ ៨២​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​ដែល​​ចែង​​ថា រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង ៦០​ថ្ងៃ​យ៉ាងយូរ ក្រោយពេលបោះឆ្នោត តាម​ការប្រជុំ​របស់​ព្រះមហាក្សត្រ​។ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់ដែរ​ថា គណបក្សរបស់​លោក​ គោរព​តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ​ដែល​កោះ​ប្រជុំ​នៅថ្ងៃទី​២៣​ ខែ​កញ្ញា​។​
សម្រាប់​លោក​លោក កែម ឡី ធ្លាប់​លើក​ឡើង​ថា ការពន្យារពេល​ប្រជុំ​សភា ដើម្បីឲ្យ​អ្នក​នយោបាយ មាន​ពេល​ដោះស្រាយ​បញ្ហា​សេសសល់​រួម​គ្នា រក​ឯកភាព​​ជា​មុន ដើម្បី​ផល​ប្រយោជន៍​ជាតិ​នោះ ​មិនមែន​ជា​ការខុសឆ្គង​។ លោក​បញ្ជាក់ថា បើ​ទំនាស់​នៅពេលនេះ មិន​ដោះស្រាយ​ឲ្យអស់​នោះ បញ្ហា​នៅ​​តែ​បន្ត​កើត​មាន​នៅ​អាណត្តិ​ក្រោយៗ​ទៀត​។​
រដ្ឋធម្មនុញ្ញមាត្រា​៨ ​ចែងថា ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​​ជា​និមិត្ត​រូប​​នៃ​​ឯកភាព​​ជាតិ និងនិរន្តរ​ភាព​ជាតិ​។ ចំណុច​នេះ​ ព្រះមហាក្សត្រ​អាច​ប្រើ​ព្រះ​រាជ​សិទ្ធិ​ពន្យារ​ពេល​កោះប្រជុំ​សភា ដើម្បី​ដោះស្រាយ​រក​ការឯកភាព​គ្នា ​រវាង​គ​ណ​បក្ស​ទាំងពីរ។​
​លោក ឡៅ ម៉ុង ហៃ អ្នកវិភាគ​​បញ្ហា​សង្គម​​មួយ​​រូប​​ហៅ​ការបង្កើត​​សភា ដោយ​ឯកបក្ស​នេះ​​ថា ជា​ការធ្វើឲ្យ​រដ្ឋ​ធម្មនុញ្ញ ដែល​មាន​អាយុកាល​២០​ឆ្នាំ​នេះ ​ក្លាយ​​ជា​រដ្ឋធម្មនុញ្ញដែល​មិន មានតម្លៃ ក្នុង​ការអនុវត្ត​របស់​អ្នកនយោបាយ​ ៖ “​យើង​មាន​ការខ្វះខាត​ច្រើន មែនទែនទៅ ដែល​ម្ភ៉ៃ​ឆ្នាំ​ក្រោយមក វា​លែង​មាន​ន័យ​អ្វី​ទាំងអស់ គឺ​ប្រព័ន្ធ​​គ្រប់គ្រង​រដ្ឋ ប្រជា​ធិប​តេយ្យ សេរី ពហុបក្ស គោរព​​ច្បាប់ និង​គោរព​ទៅជា​ប្រព័ន្ធ​មួយ​ដែល​យើង​អាច​ថា ជា​ប្រព័ន្ធ បក្ខពួក គ្រួសារ អញ​និយម​ទៅ​”​។​
​ទោះ​យ៉ាងណា ​ក្រោយ​ការបង្កើត​សភា​ឯក​បក្ស​នេះ មន្ត្រី​អង្គ​ការ​​ស៊ីវិល​​ជាតិ​អន្តរជាតិ រួម​ទាំង​ទូត​អាមេរិក និង​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​​កម្ពុជា មិន​បាន​ដេញ​ដោល​ថា អ្នកណា​ខុស អ្នក​ណា​ត្រូវ​ទេ គឺ​ពួកគេ​ជំរុញ​ឲ្យ​គណបក្ស ទាំង​ពីរ​ត្រូវ​ធ្វើការ​រួម​គ្នា ស៊ើបអង្កេត​ជុំវិញ​បញ្ហា​ភាព​មិន​ប្រក្រតី​នៅពេល​បោះ​ឆ្នោត ដើម្បី​​ផល​ប្រយោជន៍​​ប្រជា​ពលរដ្ឋ និងផលប្រយោជន៍​សង្គម​​ជាតិ​​ជា​ធំ​៕
សូមសរសេរមកកាន់លោក ពៅ មេត្តា​ តាមរយៈ minpov@vodhotnews.com

No comments: