អ្នកភូមិបឹងកក់ ដុតរូបជញ្ជីងតំណាងយុត្តិធម៌
នៅមុខតុលាការកំពូល កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣។
ក្រុមអ្នកភូមិទាមទារឲ្យដោះលែងតំណាងរបស់ពួកគេ គឺអ្នកស្រី យ៉ោម
បុប្ផា ប៉ុន្តែតុលាការបដិសេធ។ (RFA/Mom Sophon)
2013-10-05 ដោយ វណ្ណ វិចារ
RFA
លោកនាយករដ្ឋមន្ត្រីថ្លែងសន្យាចំពោះរាស្ត្រទាំងនគរថា
លើកនេះលោកនឹងមិនកែទម្រង់រាក់ៗដូចមុនទេ
តែនឹងធ្វើការកែទម្រង់រដ្ឋស៊ីជម្រៅ។ លោកថែមទាំងព្រមានថា
នឹងដាក់ទោសរដ្ឋមន្ត្រីណាដែលប្រកាន់បក្ខពួកពុករលួយ
ហើយជំរុញឲ្យពលរដ្ឋហ៊ានរិះគន់មន្ត្រីតាមរយៈវេទិកាសាធារណៈ
និងតាមបណ្ដាញសង្គមថែមទៀត។
តើការសន្យារបស់ លោក ហ៊ុន សែន លើកនេះ គួរទុកចិត្តបានឬទេ?
យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នេះ នឹងកែទម្រង់រដ្ឋស៊ីជម្រៅមែន
ឬយ៉ាងណា?
បើនិយាយពីរឿងធ្វើកំណែទម្រង់
ប្រជាពលរដ្ឋខ្មែរទំនងជាស៊ាំត្រចៀកទៅហើយ តាំងពីអាណត្តិទី៣
រហូតដល់អាណត្តិទី៥ នេះ។ កាលពីអាណត្តិទី៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណជាលើកដំបូង
ដែលប្រកាន់យកអភិបាលកិច្ចល្អ ឬការគ្រប់គ្រងល្អជាស្នូល
ហើយលោកប្រកាសថា នេះជាកំណែទម្រង់។
កាលនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច
ចាប់ដៃគ្នាបង្កើតរដ្ឋាភិបាលចម្រុះ ដោយគ្រប់ស្ថាប័ន ទាំងថ្នាក់ជាតិ
រហូតដល់ថ្នាក់មូលដ្ឋាន
សុទ្ធសឹងតែដាក់មន្ត្រីបក្សទាំងពីរធ្វើការរួមគ្នា។ ប៉ុន្តែ
មិនបានពាក់កណ្ដាលអាណត្តិស្រួលបួលផង គណបក្សប្រជាជនកម្ពុជា
បានប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បីអូសទាញមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច
តាំងពីថ្នាក់ឧបនាយករដ្ឋមន្ត្រី រហូតដល់ក្រុមប្រឹក្សាឃុំសង្កាត់
និងមេភូមិ តាមវិធីដែល លោក ហ៊ុន សែន ចម្លងទ្រឹស្ដីអតីតមេដឹកនាំចិន
តេង ស៊ាវពីង (Teng Hsiao-ping) គឺឆ្មាសក៏ដោយ ឆ្មាខ្មៅក៏ដោយ
ឲ្យតែចាប់កណ្ដុរបាន សុទ្ធតែមានប្រយោជន៍ដូចគ្នា។ ពេលឱកាសហុចឲ្យ
គណបក្សប្រជាជនកម្ពុជា ក៏បានរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ពីការបង្កើតរដ្ឋាភិបាលតាមរូបមន្ត ២ ភាគ ៣ មកសំឡេងដាច់ខាត ឬ ៥០%
បូកមួយ វិញ ក្នុងបំណងរលាស់ខ្លួនពីគណបក្សហ៊្វុនស៊ិនប៉ិច
និងពីគណបក្សនយោបាយដទៃទៀត ដើម្បីគ្រប់គ្រងអំណាចតែឯកឯង។
នៅឆ្នាំ២០០៤ មេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក
ជា វិជ្ជា ក៏ត្រូវបាញ់សម្លាប់ ហើយឃាតកសិប្បនិម្មិតពីរនាក់ គឺ ប៊ន
សំណាង និង សុខ សំអឿន ក៏ត្រូវអាជ្ញាធរចាប់ខ្លួនដាក់គុក
ហើយត្រូវតុលាការសម្រេចសេចក្តីយ៉ាងអយុត្តិធម៌។
នៅអាណត្តិទី៣ ដែរ
រាជរដ្ឋាភិបាលបានចុះសន្ធិសញ្ញាបំពេញបន្ថែមជាមួយវៀតណាម
ក្នុងបញ្ហាព្រំដែន កាលពីឆ្នាំ២០០៥
ដែលបង្កឲ្យមានការរិះគន់ពីសំណាក់សង្គមស៊ីវិលថា ចាញ់ប្រៀបវៀតណាម។
បុគ្គលសំខាន់ៗដែលពូកែថ្វីមាត់ទិតៀនរដ្ឋាភិបាល
ក៏ត្រូវបានអាជ្ញាធរចាប់ដាក់គុក ដូចជា ប្រធានវិទ្យុសម្បុកឃ្មុំ
លោក ម៉ម សូណង់ដូ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក យ៉េង
វីរៈ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន
និងអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ដែលបច្ចុប្បន្នជាអនុប្រធានបក្សប្រឆាំង លោក កឹម សុខា។
រហូតដល់ចុងអាណត្តិទី៣ បក្សកាន់អំណាចបានបង្កើតច្បាប់ឯកពន្ធនភាព
ឬច្បាប់ប្ដីមួយប្រពន្ធមួយ
ដែលច្បាប់នេះទំនងជាមានចេតនាដាក់ទោសសម្ដេចក្រុមព្រះ នរោត្តម
រណឫទ្ធិ តែមួយអង្គឯងប៉ុណ្ណោះ។
របាយការណ៍របស់សង្គមស៊ីវិល បង្ហាញថា
តាំងពីដើមអាណត្តិដល់ចុងអាណត្តិទី៣ មានបញ្ហាជាច្រើន ដូចជា
បទល្មើសនេសាទ ការកាប់បំផ្លាញព្រៃឈើ និទ្ទណ្ឌភាព
ការគាបសង្កត់សេរីភាពបញ្ចេញមតិ បក្ខពួកនិយមពុករលួយ ជាដើម។
រាជរដ្ឋាភិបាល បានបន្តសង់សាលារៀន ដោយបានជំនួយពីថៅកែ គេចពន្ធធំៗ
និងពីលុយរដ្ឋ ដោយដាក់ឈ្មោះ លោក ហ៊ុន សែន។ ស្ថាបនាផ្លូវជាតិ
និងផ្លូវលំជនបទជាច្រើនខ្សែ ប៉ុន្តែមិនសូវមានគុណភាពឡើយ។
ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ ក៏នៅតែក្បាលធំជាងខ្លួន
ឬជាប្រទេសមានមន្ត្រីឋានៈជាឯកឧត្តមជាច្រើនរយនាក់។
រដ្ឋមន្ត្រីកាន់តំណែងរាប់សិបម្នាក់ឯង
ព្រមទាំងមានទីប្រឹក្សារាប់រយនាក់ទៀតផង។
លុះដល់អាណត្តិទី៤ ជាអាណត្តិមាសរបស់គណបក្សប្រជាជនកម្ពុជា
បន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិច បែកបាក់ផ្ទៃក្នុង។
អតីតបក្សកុម្មុយនីស្តមួយនេះ បានទទួលសំឡេងឆ្នោតជាង ៧០%
ឬបានទទួលកៅអីសភា ៩០អាសនៈ
ពីការរៀបចំបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) ដែលស្ថិតក្រោមឥទ្ធិពលគណបក្សប្រជាជន
នៅក្នុងពេលប្រកាសផែនការដឹកនាំប្រទេស
រាជរដ្ឋាភិបាលដែលដឹកនាំដោយបុរសខ្លាំង លោក ហ៊ុន សែន
បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២
ដែលផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យ ៤សំខាន់ ដូចជា ផ្លូវ ទឹក ភ្លើង
មនុស្ស ឬការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍
ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍអគ្គិសនី
និងការអភិវឌ្ឍធនធានមនុស្ស
ហើយប្រកាសកែទម្រង់រដ្ឋដោយផ្ដោតលើការប្រឆាំងអំពើពុករលួយមុនគេ
បង្អស់។
ពេលចាប់ផ្ដើមអាណត្តិថ្មី
រាជរដ្ឋាភិបាលត្រូវបានទទួលការគាំទ្រពីពលរដ្ឋជាខ្លាំង
តាមរយៈនយោបាយប្រឆាំងការឈ្លានពានរបស់ថៃ
លើសំណុំរឿងប្រាសាទព្រះវិហារ។ ការទប់ស្កាត់វិបត្តិសេដ្ឋកិច្ច
ដែលបណ្ដាលមកពីបញ្ហាសេដ្ឋកិច្ចសកល និងជាអាណត្តិដែលកម្ពុជា
ធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។
ពលរដ្ឋក៏សាទរនឹងការបង្កើតច្បាប់ប្រឆាំងអំពើពុករលួយ
ដែលមានអង្គភាពជំនាញ ហ៊ានចាប់ខ្លួនផ្កាយបី
និងចាប់ខ្លួនព្រះរាជអាជ្ញាពុករលួយ
ដែលមិនធ្លាប់មានក្នុងប្រវត្តិរដ្ឋាភិបាលដឹកនាំរបស់បក្សកាន់
អំណាច។ ទោះជាបែបណាក៏ដោយ អាណត្តិទី៤
ពេលវេលាដែលម្ចាស់ឆ្នោតមួយចំនួន រងនូវអំពើអយុត្តិធម៌
ជាពិសេសក្នុងសំណុំរឿងទំនាស់ដីធ្លី។
របាយការណ៍របស់សង្គមស៊ីវិល ផ្សាយថា ៥ឆ្នាំក្នុងនីតិកាលទី៤
មានពលរដ្ឋ និងអ្នកការពារសិទ្ធិមនុស្សជិត ៥០០នាក់ ត្រូវបានឈ្មួញ
និងអ្នកអំណាច ប្រើប្រាស់ប្រព័ន្ធតុលាការ
ដើម្បីដាក់ទោសដោយអយុត្តិធម៌ក្នុងសំណុំរឿងដីធ្លី។
ករណីទំនាស់ដីធ្លី កើតមានស្ទើរទូទាំងប្រទេស
បណ្ដាលមកពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចជិត ២០០លានហិកតារ
ឲ្យក្រុមហ៊ុនឯកជនរយៈពេល ៩៩ឆ្នាំ។ ទំនាស់ដីធ្លីដែលល្បីៗ មានដូចជា
ការបណ្ដេញពលរដ្ឋទាំងបង្ខំនៅតំបន់បឹងកក់ បុរីកីឡា សម្បុកចាប ភូមិ៧៨
នៅសង្កាត់ទន្លេបាសាក់ ករណីទំនាស់ដីធ្លីនៅខេត្តក្រចេះ
ដែលឈានដល់ការចាប់ខ្លួន លោក ម៉ម សូណង់ដូ
ករណីអាជ្ញាធររុះរើផ្ទះពលរដ្ឋនៅតំបន់កែវផុស ខេត្តព្រះសីហនុ
ករណីទំនាស់ដីធ្លីនៅតំបន់បឹងប្រាំ ខេត្តបាត់ដំបង
ករណីទំនាស់ដីធ្លីនៅអមលាំង ខេត្តកំពង់ស្ពឺ និងករណីជាច្រើនទៀត។
ក្រៅពីទំនាស់ដីធ្លី បញ្ហាពុករលួយនៅតែរុករានសង្គមកម្ពុជា។
តាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ បង្ហាញថា កម្ពុជា
នៅតែឈរលំដាប់អាក្រក់ ជាប្រទេសដែលមានអំពើពុករលួយជាប្រព័ន្ធ។
ចំណាត់ថ្នាក់ពុករលួយដែលកម្ពុជា ទទួលបានល្អបំផុតក្នុងរយៈពេល
៥ឆ្នាំចុងក្រោយនោះ គឺជាប្រទេសឈរនៅលេខរៀងទី១៥៧
ក្នុងចំណោមប្រទេសជាង ១៧០ លើពិភពលោក។
នៅអាណត្តិទី៤ បញ្ហាអ្នកប្រព្រឹត្តិខុសរស់នៅក្រៅសំណាញ់ច្បាប់
ក៏នៅតែបន្តដែរ។ អតីតអភិបាលក្រុងបាវិត
ដែលលើកកាំភ្លើងបាញ់កម្មកររោងចក្រប៊ិះនឹងស្លាប់នោះ
ត្រូវបានតុលាការផ្ដន្ទាទោសពីបទអំពើហិង្សាដោយអចេតនា
ដែលមជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យរិះគន់ថា ជាការចោទប្រកាន់
ដែលមិនសមហេតុផល។ ពិរុទ្ធជន ឈូក បណ្ឌិត កំពុងរស់នៅគេចខ្លួនក្រៅគុក
ដោយសុវត្ថិភាពទៀតផង ដែលគេសង្ស័យថា
មានអ្នកមានអំណាចនៅការពារពិរុទ្ធជនរូបនេះ។
លើសពីនេះ ផ្លូវគមនាគមន៍ដែលសាងសង់ដោយរាជរដ្ឋាភិបាល
ក៏ត្រូវគេមើលឃើញថា មិនសូវមានគុណភាព មានជាអាទិ៍ដូចជា
ផ្លូវជាតិលេខ៥៧ ពីបាត់ដំបង ទៅប៉ៃលិន សង់បានកន្លះឆ្នាំ
ក៏ឈូសចេញធ្វើថ្មី ផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅកំពត
ចាប់សម្ពោធមិនដល់មួយឆ្នាំ ផ្ដើមជួសជុលរាប់រយកន្លែង
ផ្លូវជាតិលេខ៤៨ ពីផ្លូវបំបែកស្រែអំបិល ទៅកោះកុង ដាច់ដោចដោយកន្លែង
ព្រមទាំងផ្លូវខេត្ត ផ្លូវលំជាច្រើនខ្សែទៀត
រងការខ្ទេចខ្ទាំអាចមកពីឥទ្ធិពលនៃអំពើពុករលួយ។ បន្ថែមពីនេះ
ធនធានរ៉ែ ព្រៃឈើ ធនធានត្រី ធនធានខ្សាច់
ក៏រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរពីឈ្មួញរកស៊ីខុសច្បាប់។
យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ បានលើកទិសដៅជំរុញកំណើនការងារ
សមធម៌ និងប្រសិទ្ធភាព ប៉ុន្តែពលរដ្ឋខ្មែរ ជាពិសេសយុវជន
នៅតែពិបាករកការងារធ្វើនៅក្នុងស្រុក។ ពលរដ្ឋរាប់សែននាក់
បានចេញទៅរកការធ្វើនៅប្រទេសថៃ និងប្រទេសទីបីទៀត
ដោយប្រថុយប្រថាន ដើម្បីក្រពះ។
នៅទឹកចុងក្រោយនៃរាជរដ្ឋាភិបាលអាណត្តិទី៤
ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត យ៉ាងហោចណាស់ជាងកន្លះលាននាក់
លែងទុកចិត្តគណបក្សប្រជាជនកម្ពុជា ដោយបោះឆ្នោតទម្លាក់។
បក្សកាន់អំណាចធ្លាក់ចំនួនអាសនៈក្នុងសភា ២២អាសនៈ។
លទ្ធផលបោះឆ្នោតនេះ ត្រូវបានសង្គមស៊ីវិល និងបក្សប្រឆាំង
ហៅថាជាលទ្ធផលដែលពោរពេញដោយភាពមិនប្រក្រតី។
គណបក្សប្រជាជនកម្ពុជា បានទាត់ចោលសំណើរបស់បក្សប្រឆាំង
ដែលស្នើបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេតពីភាពមិន
ប្រក្រតី នៃការបោះឆ្នោត និងទាមទារគ្រប់គ្រងរដ្ឋសភា។
គណបក្សកាន់អំណាចសម្រេចបង្កើតរដ្ឋសភា និងរដ្ឋាភិបាល
ដោយមិនមានការចូលរួមពីតំណាងរាស្ត្រជាប់ឆ្នោតរបស់បក្សប្រឆាំង
ឡើយ។
នៅថ្ងៃទី២៤ ខែកញ្ញា គណបក្សប្រជាជនកម្ពុជា
បញ្ជូនបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីអាណត្តិទី៥
ដោយដកតំណែងរដ្ឋមន្ត្រីចំនួន ១០នាក់
ចេញពីក្រសួងដែលធ្លាប់គ្រប់គ្រង
និងបង្កើតក្រសួងថ្មីមួយបន្ថែមពីលើក្រសួងដែលមានស្រាប់ទាំង២៦។
នៅពេលប្រកាសគោលនយោបាយចាស់ តែបន្ថែមចំណុចថ្មីខ្លះនោះ លោក ហ៊ុន សែន
ប្រកាសរំលាយស្ថាប័នដែលធ្លាប់ក្ដោបក្ដាប់ដោយលោកឧបនាយករដ្ឋមន្ត្រី
សុខ អាន រួមមានឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ
ឧត្ដមក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។ ប៉ុន្តែ
ប្រព័ន្ធគ្រប់គ្រងរដ្ឋមិនត្រូវបានផ្លាស់ប្ដូរទេ
គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
តាំងពីអនុរដ្ឋលេខាធិការ ដល់ឧបនាយករដ្ឋមន្ត្រីមានចំនួនជាង ៧០០នាក់
ហើយចំនួនទីប្រឹក្សារាជរដ្ឋាភិបាល
ទីប្រឹក្សាមន្ត្រីជាន់ខ្ពស់ទាំងអស់មិនត្រូវបានគេប្រាប់ឲ្យដឹង
ទេ។ មន្ត្រីដែលមានយសសក្តិធំៗក្នុងជួរប៉ូលិស ប៉េអិម
ក៏សម្បូរណាស់ដែរ។ មេប៉ូលិស មេប៉េអិម ក្រុងភ្នំពេញ
សុទ្ធតែពាក់សក្តិផ្កាយបី ដែលគេសង្ស័យថា កម្ពុជា
កើតមានអតិផរណាយសសក្តិបាត់ទៅហើយក៏មិនដឹង។ ចំនួនងារឯកឧត្តម
និងសក្តិលើស្មានេះ ទាក់ទងនឹងការចំណាយថវិកាជាតិ សម្រាប់ប្រាក់ខែ
បើកលុយសាំង លុយបេសកកម្ម និងជាពិសេសប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។
បើផ្អែកតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣
ដែលស្ទើរតែដូចគ្នាបេះបិទនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២
និងទី១ ហើយប្រសាសន៍របស់ លោក ហ៊ុន សែន
ក៏មិនខុសពីប្រសាសន៍លើកមុនៗទៀតនោះ គេពិបាកជឿថា
នេះជាកំណែទម្រង់ស៊ីជម្រៅណាស់។ រដ្ឋាភិបាលអាណត្តិនេះ
ក៏មិនខុសពីអាណត្តិមុនដែរ បានស្រវាកាន់អំណាចផង
និងកាន់ច្បាប់ផងតែម្នាក់ឯង។
តើមានអ្នកណាមកជួយត្រួតពិនិត្យការអនុវត្តនានា រួមទាំងការកែទម្រង់របស់រដ្ឋាភិបាលបាន?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ទទួលស្គាល់ដែរថា
លោកធ្លាប់យកទ្រូងពាំងមន្ត្រីដែលធ្វើខុស និងថា
មន្ត្រីរបស់លោកម្នាក់ៗមានក្អែលក្រាស់ដុះស្នឹមប៉ុន្មានអាណត្តិរួច
មកហើយ។ តើគេអាចរំពឹងថា អ្នកមានក្អែលក្រាស់ខ្លួនឯង
អាចទៅជួយដុះជ្រះអ្នកមានក្អែលក្រាស់ដូចគ្នាបានឬទេ?
No comments:
Post a Comment