ក្រុមយុវជនស្ម័គ្រចិត្ត
និងក្រុមគ្រូពេទ្យនៅតង់ដែលជាអំណោយសប្បុរសជនខ្មែរនៅសហរដ្ឋ
អាមេរិក រង់ចាំផ្ដល់ថ្នាំជូនក្រុមបាតុករ នាទីលានប្រជាធិបតេយ្យ
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣។ RFA/Khe Sonorng
2013-10-25
ដោយ ខែ សុណង
RFA
យុវជនយុវតីមួយចំនួន បាននាំគ្នាចាប់អារម្មណ៍ក្នុងការងារមនុស្សធម៌ ដែលបានស្ម័គ្រចិត្តបម្រើពលរដ្ឋច្រើនម៉ឺននាក់ ដោយមិនយកកម្រៃ និងមិនខ្លាចការនឿយហត់ក្នុងរយៈពេលបីថ្ងៃ នៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ តើពិធីបែបនេះ គេពិតជាត្រូវការយុវជនធ្វើការស្ម័គ្រចិត្តដែរឬទេ? ហើយពួកគេទាំងនោះ គាត់បានធ្វើអ្វីខ្លះ?
តាំងពីព្រឹកព្រលឹមថ្ងៃមិនទាន់រះស្រួលបួលផង កញ្ញា ឈុំ សោភ័ណ្ឌ
វ័យ ២០ឆ្នាំ ក្នុងឯកសណ្ឋានពេទ្យពណ៌ស
ដែលកំពុងមមាញឹកយ៉ាងខ្លាំងជាមួយក្រុមការងាររបស់នាង
ដើម្បីចែកថ្នាំ និងពិនិត្យសុខភាពជូនពលរដ្ឋជាច្រើនរយនាក់
ដែលចូលមកសុំថ្នាំព្យាបាលជំងឺឥតដាច់ នៅក្នុងតង់ដែលដាក់ស្លាកថា
អំណោយសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក។
«សំឡេងអ៊ូអរពលរដ្ឋសុំថ្នាំ»
សោភ័ណ្ឌ នាងជានិស្សិតឆ្នាំទី៣
ផ្នែកឱសថសាស្ត្រនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងមិត្តរបស់នាង
បានឆ្លៀតពេលពីសាលាមកធ្វើការស្ម័គ្រចិត្តបម្រើផ្នែកសុខាភិបាល
ជូនពលរដ្ឋដែលមកជួបជុំគ្នាធ្វើបាតុកម្ម
ដោយសារនាងចង់បានបទពិសោធន៍ការងារ
ពិសេសសេចក្ដីស្រឡាញ់ចំពោះពលរដ្ឋខ្មែរ។
«សំឡេង»
យុវតី មាស ធារ៉ា ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជា ស៊ីម សន្ធរមុខ
បានថ្លែងថា
នាងមិនបានទៅរៀនទេនៅថ្ងៃបាតុកម្មចុងក្រោយរបស់គណបក្សសង្គ្រោះ
ជាតិ ពីព្រោះពលរដ្ឋជាច្រើនបានមកចូលរួម។
នាងបានស្ម័គ្រចិត្តពេញរយៈពេល ៣ថ្ងៃ មកធ្វើការជាមួយក្រុមគ្រូពេទ្យ
ដោយការងាររបស់នាង គឺជួយឥតរើសមុខឡើយ។ នាងបានឆ្លៀតដើរមើលបាតុករ
ខ្លាចមានជំងឺដង្កាត់ ឬមានគ្រោះថ្នាក់ណាមួយដោយចៃដន្យ
ហើយបញ្ជូនមកកន្លែងព្យាបាល។
«សំឡេង»
នៅក្រោមកម្ដៅថ្ងៃក្ដៅហែង យុវជន បូ គង់
នៅលើក្បាលពុំមានពាក់មួកនោះទេ
ភ្នែករំពៃទៅកាន់មនុស្សម្នាក្នុងទីលានប្រជាធិបតេយ្យ ហើយលើកដៃបញ្ជា
និងត្រួតពិនិត្យមនុស្សដែលចូលទៅខាងខាងមុខវេទិកា។ យុវជន បូ គង់
អាយុ ២១ឆ្នាំ ជានិស្សិតផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម
នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង អះអាងថា
រូបគេមិនមានការភ័យខ្លាចចំពោះហេតុការណ៍ណាមួយ
ដែលអាចកើតមានឡើងដោយចៃដន្យនោះទេ។
«សំឡេង»
និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ យុវជន ផាត់ សុវណ្ណឌី
ដែលស្ម័គ្រចិត្តឈរចែកនំប៉័ង និងទឹកបរិសុទ្ធជូនបាតុករ ថ្លែងថា
នេះគឺការងារដ៏កម្រដែលមានមនុស្សម្នាជាច្រើនពាន់ម៉ឺននាក់
ដូច្នេះ។ យុវជនដដែលបានអំពាវនាវឲ្យយុវជនដទៃទៀត
សាកល្បងធ្វើការងារសប្បុរសធម៌
ដើម្បីបម្រើជូនសង្គមដោយកុំប្រកាន់និន្នាការគណបក្សនយោបាយ។
«សំឡេង»
ទាក់ទងនឹងការងារស្ម័គ្រចិត្តនេះ ប្រធានសមាគមយុវជនខ្មែរ លោក ម៉ាក
ចំរើន មានប្រសាសន៍ថា
លោកតែងតែលើកទឹកចិត្តឲ្យយុវជនធ្វើការងារសម្រាប់ប្រយោជន៍សង្គម
ឲ្យបានសស្រាក់សស្រាំ។ លោកថា ការងារសប្បុរសធម៌បែបនេះ
គឺជាការចាំបាច់ណាស់
ហើយយុវជននឹងទទួលបានមកវិញនូវការអនុវត្តផ្ទាល់ បានចំណេះដឹង
និងបទពិសោធន៍សម្រាប់អាជីពការងារ
និងបទពិសោធន៍ជីវិតរស់នៅក្នុងសង្គមទៀតផង។
«សំឡេង»
ពិតណាស់ ថ្វីត្បិតតែរយៈពេលស្ម័គ្រចិត្តចំនួន ៣ថ្ងៃនោះ
យុវជនមិនបានទទួលកម្រៃអ្វីទាំងអស់ តែភាគច្រើន
ពួកគេសុទ្ធតែបានសម្ដែងនូវក្ដីត្រេកអរ
និងមោទនភាពចំពោះកិច្ចការមនុស្សធម៌មួយនេះ។ យុវជនទាំងនោះ
ក្រៅអំពីការទទួលបានបទពិសោធន៍ក្នុងការងារជាមួយមនុស្សដ៏ច្រើន
ពាន់នាក់ ភាពមមាញឹកជាមួយមនុស្សស្ទើរគ្រប់ប្រភេទ និងគ្រប់វ័យ
ពួកគេបានអះអាងថា បានរៀនសូត្រពីក្រុមមនុស្សដ៏ច្រើននេះមកវិញ
គឺការសម្ដែងឲ្យឃើញនូវសេចក្ដីស្រឡាញ់ជាបងជាប្អូនជាពលរដ្ឋខ្មែរ
ភាពយោគយល់ សាមគ្គីគ្នា ចែករំលែក អធ្យាស្រ័យ
និងយកអាសាគ្នាទៅវិញទៅមក
ដែលនេះជាអំណោយមួយសម្រាប់ជីវិតដែលគេទទួលបាន៕
No comments:
Post a Comment