Wednesday, October 30, 2013

វិភាគ៖ តើ​ជំនួប​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ​នៅ​ដើម​ខែ​វិច្ឆិកា​នេះ អាច​បញ្ចប់​វិបត្តិ​ន​យោបាយ​ឬទេ​?​


ជំនួបលើកទីពីរ​របស់​ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ​ (រូបថត ញឹម សុខន)
ថ្ងៃពុធ ទី30 ខែតុលា ឆ្នាំ2013
ដោយ៖​ ពៅ មេត្តា​
VOD
ថ្នាក់​ដឹកនាំ​កំពូល​​គណបក្ស​សង្គ្រោះ​ជាតិ និងគណបក្ស​ប្រជាជនកម្ពុជា ត្រៀម​លក្ខណៈ​រួច​ហើយ​ នៃ​ការជួប​ពិភាក្សា​លើ​ក​ទី​៣​នៅ​ដើម​ខែ​វិច្ឆិកា ដើម្បី​ស្តាប់​​ពី​តម្រូវការ​​គ្នា​​ទៅវិញ​ឈាន​ទៅរក​ចំណុច​ឯកភាព​​រួម​ក្នុង ​ការដឹកនាំ​​ប្រទេស ​បញ្ចប់​​ភាព​​ទាល់​ច្រក​ផ្នែក​នយោបាយ​។
​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ជួបគ្នា​ពីរ​លើក​រួចមកហើយ កាលពី​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កញ្ញា គឺ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន​ ជា​​អនុប្រធាន​គណបក្ស ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​។ បន្ទាប់​ពី​ជំនួប​ភាគី ទាំងពីរ​បាន​ចេញ​សេចក្តី​ថ្លែង​​ការណ៍ និង​​សន្និសីទ​​រួម​​គ្នា​ប្រាប់​ទៅ​សាធារណ​ជន​​​ថា ជំនួបនោះទទួល​បាន​​ជោគ​ជ័យ​។
​ជោគជ័យ​ដែល​បក្ស​ទាំង​ពីរ​លើក​ឡើង ហាក់​មាន​តែ​លើ​ក្រដាស គឺ​មិន​មាន​ឥ​ទ្ធិពល​ក្នុងការដោះស្រាយ​វិបត្តិ​នយោបាយ​ទេ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​​បង្កើត​សភា និងរដ្ឋាភិបាល​ដោយ​ឯក​បក្ស ចំណែក​គណបក្ស​ប្រឆាំង​បន្ត​ដឹកនាំ​ធ្វើបាតុកម្ម និង​ប្រមូល​ស្នាម​មេដៃ​ដាក់​ទៅ សហគមន៍​អន្តរជាតិ​ឲ្យ​​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​តើ​ការជួបគ្នា​លើកគ្នា​ទី​៣​នេះ អាច​ទទួល​ជោគ​ជ័យលើ​ក្រដាស​ ដូច​លើក​ទី​២​ទៀត ឬទទួលបាន​ជោគជ័យ​ពិតប្រាកដ ​ដែល​មាន​ឥទ្ធិពល​ដល់​ការ​ដោះ​ស្រាយ​​វិបត្តិ​​នយោបាយ​​បាន​?
​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក អ៊ូ វីរៈ មានជំនឿថា ជំនួប​នោះ​អាច​​ឈាន​ដល់​ចំណុច​ឯកភាពគ្នា ទម្លាយ​ភាពទាល់ច្រក​ផ្នែក​នយោបាយ​បាន​។ លោក​បញ្ជាក់ថា ពេលនេះ គណបក្ស​ទាំង​ពីរ​ហាក់ដូចជា បង្ហាញ​ជំហរ​ចង់​ដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ ដែលនៅ​សេសសល់​ ៖ “​តាំងពីដើម​មក កន្លែង​ដែល​ខុស​គ្នា​គឺ​តិចតួច​បំផុត មិនសូវ​ជា​មាន​ខុស​គ្នា​ច្រើន​ប៉ុន្មាន​ទេ ទន្ទឹម​គ្នា​ថ្ងៃ ១៦​និង​១៧ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ទន្ទឹម​គ្នា​នោះ​គន្លឹះ​ដែល​ខុស​គ្នា​នោះ ច្រើន​តែ​លើក​ជា​លក្ខណៈ​នយោបាយ លក្ខណៈ​ជា​ការនិយាយ​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន ជាជាង​ការពិត​”​។​
ចាប់ពី​ថ្ងៃ​ទី​១​ នៃ​ការធ្វើ​បាតុកម្ម​លើក​ទី​៣​របស់​គណបក្ស​សង្គ្រោះ​ជាតិ សមាជិកគណៈចិន្ត្រៃយ៍ គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង និង លោក ជាម យៀប រួមទាំងសមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​ នៃ​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​លោក ឈាង វុន បានបញ្ជាក់​ថា គណបក្ស​នេះ​ត្រៀម​​លក្ខណៈ​រួច​ហើយ​សម្រាប់​ចរចា​ជាមួយ​គណបក្សសង្គ្រោះ​ជាតិ​ ។
​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​២៨​ខែតុលា បាន​ប្រជុំ​ផ្ទៃក្នុង​របស់​ខ្លួន ហើយកំណត់យក​ចំណុច​ចំនួន​បី ដើម្បី​​ត្រៀម​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ទី​១ ស៊ើបអង្កេត​រក​ការពិត​នៃ​ការបោះឆ្នោត ទី​២ ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និងទី​៣ ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ អង្គការ​NDI និង​អង្គការ​ខុមហ្វ្រែល ជុំវិញ​ដំណើរការ​បោះឆ្នោត​។​
បើ​ពិនិត្យ​លើ​ចំណុច​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​មាន​ចំណុច​ខ្លះ មានការ​ស្របគ្នា គឺ​ការធ្វើ​កំណែទម្រង់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ការទទួលយក​អនុសាសន៍​របស់ អ្នករាយការណ៍​ពិសេស និង​អង្គការ​សង្គម​ស៊ីវិល​។ នៅក្នុង​ខែតុលា​រដ្ឋាភិបាល​ ដែល​បង្កើត​ដោយ​គណបក្សប្រជាជន​កម្ពុជា បាន​រៀបចំ​គម្រោង​រៀបចំ​សិក្ខាសាលា ប្រមូល​យក​អនុសាសន៍​នានា ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​។
​តែ​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ទាំង​បី ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​នោះ គឺ​ការបង្កើត​គណៈកម្មកា​រឯក​រាជ្យ​ស៊ើបអង្កេត​ពី​ភាព​មិនប្រក្រតី​ នៅពេលបោះឆ្នោត គឺ​គណបក្ស​ប្រជាជនកម្ពុជា​មិន​ទាន់​ ធ្វើ​សកម្មភាព​ណា​មួយ​ឆ្លើយតប​និង​ចំណុច​នេះ​ទេ​។
​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​លោក កែម ឡី មិន​មាន​ជំនឿ​ថា ជំនួប​លើក​ទី​៣ រវាង​លោក ហ៊ុន សែន និង លោក សម រង្ស៊ី ​នោះ អាច​ឈាន​ដល់​ការទម្លាយ​ភាព ទាល់ច្រក​ផ្នែកនយោបាយ​ទេ ដោយ​លោក​អះអាង ការទាមទារ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​មាន ការប្រែប្រួល​មិនមាន​គោល​ជំហរ​ច្បាស់លាស់  ចំណែក​គណបក្ស​ប្រជាជន មិន​មាន​ភាព​ស្មោះ ត្រង់​ក្នុង​ទទួលយក​ទៅ​ជជែក​។ លោក កែម ឡី ជំរុញឲ្យ​គណបក្ស​ទាំង​ពីរ​ជជែក​គ្នា  ដាក់ចំណុច នៃ​ការ​ពិ​ភក្សា​គឺ​ផ្តោត​សំខាន់​លើ​ផលប្រយោជន៍​ជាតិ និង​ប្រយោជន៍​ម្ចាស់ឆ្នោត​ ៖ “​គួរតែ​ត្រឡប់​ទៅ​ជជែក​គ្នា​វិញ ថា​តើ​លក្ខខណ្ឌ​ណាខ្លះ ដែល​យើង​គួរ​យក​មក​ជជែក​គ្នា ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ លក្ខខណ្ឌ​ណាខ្លះ​ដើម្បី​ប្រយោជន៍​សហគមន៍ លក្ខខណ្ឌ​ណាខ្លះ​ដើម្បី​ប្រយោជន៍​សង្គម​បាន​ជួយ​គ្នា ហើយ​មិន​ដែល​អត់ថា​រាំងស្ទះ​អ្វី​ទេ​”​។
​ក្រោយ​ពេល​ប្រកាស​លទ្ធផល​ នៃ​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​១២​ ខែ​កញ្ញា គណបក្សសង្គ្រោះជាតិ ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​លួច​បន្លំ​សន្លឹក​ឆ្នោត ហើយ​ប្រកាសមិន​ទទួលស្គាល់​លទ្ធផល  ចំណែក​បណ្តា​ប្រទេស​មួយចំនួន​ដូចជា សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ​ដែល​សមាជិក​២៨​ប្រទេស ជំរុញ​ឲ្យមាន​ការស៊ើបអង្កេ​ត​ភាពមិនប្រក្រតី នៅពេល​បោះឆ្នោត​ឲ្យមាន​តម្លាភាព​។​
កាល​ពី​ចុង​ខែ​កញ្ញា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លោក សុរិយា ស៊ូ​ប៊ែ​ឌី ជំរុញ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្គ្រោះ​​ជាតិ បន្ត​ការ ពិភា​ក្សាដោះស្រាយ​ភាពជាប់​គាំង​នយោបាយ​ ដោយ​សន្តិវិធី ដោយតម្កល់​ផលប្រយោជន៍​ជាធំ​៕

បក្ស​ជាប់​ឆ្នោត​ជួប​ចរចា​គ្នា​សប្តាហ៍​នេះ

131030_01
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង)​ និង​លោក​ សម​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គ្រោង​​នឹង​​ជួប​ចរចា​ជ​ា​​​លើកទីពីរ​ ដោះ​ស្រាយ​​វិបត្តិន​យោបាយ នៅ​ក្នុង​សប្ដាហ៍នេះ​​​។ ស្រ៊ុន/លីណា​
Wednesday, 30 October
2013 មាស សុខជា
The Phnom Penh Post
មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេត​ការណ៍​ជាតិ ហើយ​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពិភាក្សា​នៅ​ក្រៅ​រដ្ឋសភា​គឺ​ដើម្បី​ធានា​នូវ​តម្លាភាព និង​មាន​មូលដ្ឋាន​ច្បាស់​លាស់។
ភ្នំពេញៈ ក្រុម​មន្រ្តី បាន​ឲ្យ​ដឹង​ថា ជំនួប​ចរចា​លើក ទី២ រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​ឡើង​ជា​ថ្មី​ទៀត នៅ​ក្នុង​សប្តាហ៍​នេះ ដែល​ជំនួប​លើក​នេះ អាច​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ស្វែង​រក​ យន្តការ​បញ្ចប់​វិវាទ ទាក់ទង​ទៅ​នឹង​ការ​មិន​ចុះ​សម្រុង​គ្នា លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ កក្កដា កន្លង​ទៅ។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា គណៈកម្មាធិការ​អចិន្រៃ្តយ៍ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​កំណត់​ពេល​ចរចា​ជាមួយ​នឹង មេ​ដឹក​នាំ​គណបក្ស​ប្រជាជន ក្នុង​សប្តាហ៍​នេះ ឬ​ដើម​ខែ​ក្រោយ ហើយ​លោក​នឹង​ស្នើ​សុំ​គណបក្ស​ប្រជាជន ពិភាក្សា​នៅ​ក្រៅ​រដ្ឋសភា ហើយ​ត្រូវ​មាន​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ ហើយ​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ត្រូវ​តែ​ធ្វើ​ ឡើង។
គណបក្ស​ប្រជាជន បាន​បដិសេធ​ជាច្រើន​លើក​មក​ហើយ ចំពោះ​សំណើ​របស់​គណបក្ស​ប្រឆាំង ដែល​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ដោយ​លើក​ឡើង​ថា ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​បាន​ធ្វើ​ឡើង​ចប់​សព្វ​គ្រប់​អស់​ហើយ​តាម​ រយៈ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ថា ស្ថាប័ន​ទាំង​នេះ គឺជា​ឧបករណ៍​បម្រើ​នយោបាយ​ឲ្យ​គណបក្ស​ប្រជាជន​ដែល​មិន​អាច​យក​ជា​ការ​បាន​ ឡើយ។
លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «យើង​ចង់​រក​យន្តការ​ដែល​អាច​រក​ដំណោះស្រាយ​បាន ទាក់​ទង​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​លើក​មុន ហើយ​ទាក់​ទង​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ»។
លោក សម រង្ស៊ី បាន​បន្ត​ថា មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អ្នក​សង្កេត​ការណ៍​ជាតិ ហើយ​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពិភាក្សា​នៅ​ក្រៅ​រដ្ឋសភា​គឺ​ដើម្បី​ធានា​នូវ​តម្លាភាព និង​មាន​មូលដ្ឋាន​ច្បាស់​លាស់។
ជាមួយ​នឹង​ការ​ចរចា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​បី​ចំណុច សម្រាប់​ពិភាក្សា​ជាមួយ​នឹង​គណបក្ស​ប្រជាជន រាប់​ទាំង​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ការ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ផ្អែក​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ និង​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ទាំង ៩ រូប នៅ​ក្នុង គ.ជ.ប ដោយ​លោក​សម រង្ស៊ី លើក​ឡើង​ថា បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត គឺ​ដោយ​សារ​តែ​មេ​ដឹក​នាំ គ.ជ.ប ទាំង​នោះ។ លោក សម រង្ស៊ី បាន​បន្ថែម​ទៀត​ថា៖ «មេ​ដឹក​នាំ​ទាំង ៩ រូប​របស់ គ.ជ.ប មិន​អាច​កាន់​តំណែង​ត​ទៅ​ទៀត​ទេ ទុក​ឲ្យ​គេ​លាលែង ជា​សញ្ញា​ដើម្បី​រក​មេ​ដឹក​នាំ​ថ្មី​មក​ជំនួស ចៀសវាង​ការ​កើត​មាន​ឧបសគ្គ​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់»។ លោក​បាន​គូស​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ។
ទាក់ទង​នឹង​កិច្ច​ចរចា​ថ្នាក់​កំពូល​នេះ លោក ស ខេង ឧប​នាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង មហាផ្ទៃ ដែល​ជា​អ្នក​សម្រប​សម្រួល​ក្រុម​ចរចា​ខាង​ភាគី​គណបក្ស​ប្រជាជន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា មេ​ដឹក​នាំ​គណបក្ស​ប្រជាជន នៅ​តែ​បើក​ចំហ​ទ្វារ​ចរចា ជាមួយ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ថា លោក សម រង្ស៊ី ដែល​បាន​តវ៉ា​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត អាច​ទូរស័ព្ទ​មក​លោក​នៅ​ពេល​ណា​ក៏​បាន ដើម្បី​បើក​ការ​ចរចា​ជា​ថ្មី។ លោក ស ខេង បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ ទូរស័ព្ទ​ខ្ញុំ​នៅ​តែ​បើក ប្រសិន​បើ​ឯកឧត្តម សម រង្ស៊ី ចង់​ទាក់​ទង ឯកឧត្តម គួរ​ទាក់​ទង​តាម​ទូរស័ព្ទ»។
ចំពោះ​ចំណុច​ទាំង​បី ដែល​បាន​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ជា​របៀបវារៈ​នៃ​ការ ចរចា លោក ស ខេង បាន​បញ្ជាក់​ថា តាង​នាម​ឲ្យ​គណបក្ស​ប្រជាជន លោក​មិន​ជំទាស់​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ជា​ពិសេស​គណបក្ស​ទាំង​ពីរ​ត្រូវ​មក​តុ​ចរចា។ លោក ស ខេង បាន​បញ្ជាក់​ថា៖ «វា​ផ្អែក​ទៅ​លើ​ការ​ចរចា។ ខ្ញុំ​មិន​ទាន់​បដិសេធ​ទេ។ ខ្ញុំ​និយាយ​ថា ខ្ញុំ​មាន​មូលហេតុ​របស់​ខ្ញុំ​។ ខ្ញុំ​មិន​និយាយ​អ្វី​ដោយ​គ្មាន​មូលហេតុ​ច្បាប់​ទេ»។
ប៉ុន្តែ លោក បាន​គូស​បញ្ជាក់​ថា ចំពោះ​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ត្រូវ​តែ​ផ្អែក​លើ​ការ​ព្រម​ព្រៀង​នៃ​ការ​ចរចា​នៅ​ថ្ងៃ ទី១៦ ខែ កញ្ញា ដែល​វា​ចាំ​បាច់​ត្រូវ​មាន គ.ជ.ប ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត។
ចំពោះ​ការ​ស្នើ​ឲ្យ​មេ​ដឹក​នាំ គ.ជ.ប លាលែង​ពី​តំណែង លោក ស ខេង បាន​ថ្លែង​ថា ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ គ.ជ.ប ត្រូវ​ផ្អែក​លើ​យន្តការ​របស់​រដ្ឋាភិបាល និង​រដ្ឋសភា ព្រោះ គ.ជ.ប ជា​ស្ថាប័ន​អចិន្រៃ្តយ៍ បង្កើត​ឡើង​ដោយ​រដ្ឋសភា ហើយ​ប្រសិន​បើ​ស្ថាប័ន​នេះ​ត្រូវ​ផ្លាស់​ប្តូរ មេ​ដឹក​នាំ​ថ្មី ត្រូវ​ដាក់​ជំនួស​ភ្លាមៗ។ ទាក់​ទង​នឹង​កំណែ​ទម្រង់ គ.ជ.ប តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ លោក ខេង បាន​សង្កត់​ធ្ងន់​ថា វា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​រៀបចំ​សិក្ខាសាលា​ស្តីពី​កំណែ​ទម្រង់ គ.ជ.ប នៅ​ចុង​ឆ្នាំ​នេះ ហើយ​ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម ឬ​យ៉ាង​ណា វា​ជា​សិទិ្ធ​របស់​ពួក​គេ។
ចំពោះ​បី​ចំណុច ដែល​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​ចរចា​លើក​នេះ​ជាមួយ នឹង​គណបក្ស​ប្រជាជន លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​នយោបាយ រំពឹង​ថា ចំណុច ២ នៃ​ចំណុច​ទាំង ៣ អាច​ទទួល​យក​ដោយ​គណបក្ស​ប្រជាជន ដោយ​លោក​ថា គណបក្ស​ប្រជាជន​នៅ​ពេល​នេះ គ្រោង​បើក​សិក្ខាសាលា​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប។
លោក សុខ ទូច បាន​បន្ត​ថា៖ «ប៉ុន្តែ​ការ​ទទូច​ឲ្យ​ស៊ើប​អង្កេត​លើ​ការ​បោះឆ្នោត ខ្ញុំ​យល់​ថា វា​អាច​ពិបាក។ ប្រសិន​បើ​គណបក្ស សង្គ្រោះ​ជាតិ ស្នើ​សុំ​ចំណុច​ដទៃ​ទៀត​លើ​បញ្ហា​តុលាការ​អំពើ​ពុករលួយ តុល្យភាព​អំណាច​ក្នុង​រដ្ឋសភា​វា​អាច​ងាយ​ស្រួល»។ លោក​បាន​ថ្លែង​បន្ត​ថា គេ​មិន​គួរ​ស្នើ​អ្វី​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ។ លោក​បាន​បន្ថែម​ថា៖ «ប្រសិន​បើ​យើង​វិល​ត្រឡប់​ទៅ​ធ្វើការ​ស៊ើប​អង្កេត អ្នក​ខុស​គឺ​ខុស​ទាំង​អស់​។ ខុស ទី១ គឺ គ.ជ.ប ខុស ទី ២ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ខុស ទី ៣ គឺ​គណបក្ស​ប្រជាជន ខុស ទី ៤ គឺ​ព្រះ​មហាក្សត្រ»៕ TK

គណបក្ស​សង្គ្រោះជាតិ​ព្រមាន​សើ​រើ​កិច្ច​សន្យា​ប្រាក់​កម្ចី និង​គម្រោង​វិនិយោគ​បរទេស​

ប្រធានគណបក្ស​សង្គ្រោះជាតិ សម រង្ស៊ី 
ប្រធានគណបក្ស​សង្គ្រោះជាតិ សម រង្ស៊ី (REUTERS/Samrang Pring)

នៅ​ក្នុង​លិខិត​ចំហ​មួយ​ជូន​ប្រទេស និង​ស្ថាប័ន​ម្ចាស់ជំនួយ​របស់ កម្ពុជា​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា ខ្លួន​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ឯកបក្ស​របស់​គណបក្ស ប្រជាជនកម្ពុជា ​ អាណត្តិ​ទី​៥​នេះ​ទេ។ គណបក្ស​នេះ​ព្រមាន​ថា​នឹង​សើ​រើ​ឡើងវិញ​​រាល់​កិច្ច​សន្យា​ផ្តល់​ប្រាក់​ កម្ចី និង​ការ​វិនិយោគ​បរទេស​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន។ យ៉ាងណាក៏ដោយ មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​អះអាង​ថា ការ​អំពាវនាវ​នេះ​គ្មាន​ឥទ្ធិពល​ទៅ​លើ​ប្រទេស​ម្ចាស់​ជំនួយ​ទេ។

អង្គារ 29 តុលា 2013
ដោយ ប៉ែន បូណា
RFI
គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ​លិខិត​ចំហ​មួយ​ នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​ ព្រមាន​ប្រទេស​ម្ចាស់​ជំនួយ ​និង​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​ដល់​កម្ពុជា​ថា គណបក្ស​សង្គ្រោះជាតិ នឹង​សើរើ​ឡើងវិញ​រាល់​កិច្ច​សន្យា​នានា​ដែល​ម្ចាស់​ជំនួយ​ទាំង​នោះ​ចុះ​ ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​អាណត្តិ​ទី​៥​នេះ។
គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា បាន​បញ្ជាក់​ថា ខ្លួន​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ឯកបក្ស​របស់​គណបក្ស​ប្រជាជនកម្ពុជា​ទេ។ គណបក្ស​នេះ​នៅ​តែ​ចោទ​ប្រកាន់​រដ្ឋាភិបាល និង​រដ្ឋសភា​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ ​កាល​ពី​ថ្ងៃ​ទី ២៤ កញ្ញា ថា​ជា​រដ្ឋសភា និង​រដ្ឋាភិបាល​ខុស​ច្បាប់ និង​រំលោភ​រដ្ឋធម្មនុញ្ញ។

ដូច្នេះ រាល់​កិច្ចសន្យា ការ​ផ្តល់​អាជ្ញាប័ណ្ណ​លើ​គម្រោង​វិនិយោគ ការ​ដោះដូរ និង​ការ​ជួល​អចលនទ្រព្យ​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន​ គឺ​ជា​ការ​មិន​ស្រប​ ច្បាប់​ឡើយ។ គណបក្ស​សង្គ្រោះជាតិ​​បាន​ប្រាប់​ទៅ​ម្ចាស់​ជំនួយ និង​ស្ថាប័ន​ផ្តល់​ជំនួយ​ទាំង​នោះ​ថា កុំ​ឲ្យ​ពួកគេ​ចូលរួម​រំលោភ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ។

នេះ​ជា​សកម្មភាព​ថ្មី​ទៀត​របស់​គណបក្ស​សង្គ្រោះជាតិ​ ក្នុង​ការ​រាំង​ខ្ទប់​ សហគមន៍​អន្តរជាតិ និង​ម្ចាស់​ជំនួយ​កុំ​ឲ្យ​គាំទ្រ​និង​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។ កាល​ពី​ក្នុង​ចន្លោះ​ថ្ងៃ​ទី២៣​ដល់ ២៥តុលា​កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​បាតុករ​រាប់ម៉ឺន​នាក់ ​យក​ញត្តិ​ទាមទារ​ របស់​ខ្លួន​ដែល​មាន​ស្នាម​មេដៃ​អ្នក​គាំទ្រ​ជាង ២លាន​នាក់ ​ទៅ​ដាក់​ជូន​ការិយាល័យ​តំណាង​អង្គការ​​សហប្រជាជាតិ និង​បណ្តា​ស្ថានទូត​បរទេស​ជាច្រើន​ប្រចាំ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ទាមទារ​ ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​បោះឆ្នោត។

យ៉ាងណាក៏ដោយ លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ចេញ​ប្រតិកម្ម​ថា ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​គ្មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​សហគមន៍​អន្តរជាតិ ​ទេ។ លោក​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា សហគមន៍​អន្តរជាតិ និង​បណ្តា​ស្ថាប័ន​ផ្តល់​ជំនួយ​នានា​កំពុង​ធ្វើ​ការ​ជាមួយ​គណបក្ស​កាន់​ អំណាច។

លោក ជាម យៀប បាន​ហៅ​ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ថា​ជា​ការ​ព្យាយាម​បិទ​ខ្ទប់​ ដង្ហើម​របស់​ប្រជាជន​កម្ពុជា។ ប៉ុន្តែ លោក​អះអាង​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ធ្វើ​ដូច្នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួកគេ​កំពុង​បង្កើន​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា។ ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​​ជប៉ុន​នៅ​កម្ពុជានា​ខែ​ក្រោយ​នេះ​គឺ​ជា​ ភស្តុតាង​ថ្មី​មួយ​ទៀត​នៃ​ការ​គាំទ្រ​របស់​អន្តរជាតិ​ចំពោះ​រដ្ឋាភិបាល​ កម្ពុជា។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច៕

លិខិតជំហរ អំពាវនាវដល់ប្រទេសជំនួយនានា ស្ថាប័នផ្តល់ប្រាក់កម្ចី និងក្រុមហ៊ុនវិនិយោគ


US envoy calls for party talks




Peaceful and constructive dialogue will enable the ruling and opposition parties to “overcome the current impasse”, US ambassador to Cambodia William Todd has said.
In a frank column in local media on Sunday, linked to from the US embassy in Phnom Penh’s website, Todd said the political climate was “unprecedented” and the stage set for leaders to act in the interest of voters.
“For the next step, I believe that both major political parties need to return to the negotiating table to chart a way forward that is in the best interests of all Cambodians,” he wrote.
“Peaceful and constructive dialogue can and will overcome the current impasse … A resolution achieved through dialogue would set the stage for progress in all aspects of Cambodia’s development.”
A number of countries – including Australia, France and Japan – have congratulated Prime Minister Hun Sen and the Cambodian People’s Party on winning the July 28 election. The US, UK and the European Union, among other foreign powers, however, have yet to lend their official support to Prime Minister Hun Sen’s government.
The United States has continued to back calls for an independent investigation into election irregularities.
“In my opinion, peaceful protests, supported by proper government security, demonstrate positive movement in the right direction and should become a normal and accepted part of Cambodia’s democratic process,” the column continued.
Both the ruling Cambodian People’s Party and the opposition Cambodia National Rescue Party yesterday cautiously welcomed the renewed call for dialogue, but there was no sign that a breakthrough could be in the offing.
Senior CPP lawmaker Cheam Yeap said the party leadership had not yet received a proposal for talks from the CNRP.
“It depends on my party leaders, especially Samdech Chea Sim, Samdech Techo Hun Sen and Samdech Heng Samrin – [they are] the decider of everything,” he said.
“We have just heard that Sam Rainsy will reopen negotiations; we have not seen any proposal … The stance of the Cambodian People’s Party, [is that] we are keeping the door open, but how it happens is up to my party presidents,” he added, seemingly softening his stance of a day ago, in which he said the CPP would only negotiate with the CNRP once it had agreed to take their seats in parliament.
CNRP spokesman Yim Sovann said that if and when negotiations take place, they must address serious issues, such as economic disparity, as well as election justice.
“We want the government to come to the table to talk about what the people want, not just what the CNRP wants, but what all Cambodian people want,” he said. “If the government is serious about [addressing] things like the distribution of wealth, they must let people participate and have their views heard.”
“Cambodia has yet another deadlock on its hands, when the reality is that the CPP and CNRP [initially] made some headway in terms of post-election negotiatons,” political analyst Peter Tan Keo said. “That’s when Todd should have come out with his support. It’s too little, too late now.”

បទ​វិភាគ៖ តើ​​បាតុកម្ម​របស់​បក្ស​ប្រឆាំង​​នឹង​បាន​ផល​ឬ​ទេ?

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០  
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹក​នាំ​បាតុករ​ហែ​ក្បួន​បាតុកម្ម​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Yeang Socheametta
2013-10-29
ដោយ វណ្ណ វិចារ
RFA
គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ចំនួន ៥​ដង​មក​ហើយ ចាប់​តាំង​ពី​មុន​ថ្ងៃ​បោះ​ឆ្នោត រហូត​មក​ដល់​បច្ចុប្បន្ន។ បាតុកម្ម​លើក​ទី​១ និង​ទី​២ នៅ​មុន​ពេល​បោះ​ឆ្នោត គណបក្ស​ប្រឆាំង​បាន​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ ​ការ​បោះ​ឆ្នោត (គ.ជ.ប) តាម​អនុសាសន៍​របស់​តំណាង​ពិសេស​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់ អង្គការ​ សហប្រជាជាតិ និង​ទាមទារ​ឲ្យ លោក សម រង្ស៉ី ចូល​ស្រុក។
បាតុកម្ម​បី​លើក​ក្រោយ​បោះ​ឆ្នោត គឺ​ធ្វើ​ឡើង​ព្រោះ​តែ​មិន​សុខ​ចិត្ត​នឹង​លទ្ធផល​បោះ​ឆ្នោត។ បន្ទាប់​ពី​ចប់​មហា​បាតុកម្ម​លើក​ចុង​ក្រោយ មាន​សំណួរ​ជាច្រើន​សួរ​ថា តើ​គណបក្ស​កាន់​អំណាច​អាច​យល់​ព្រម​ឲ្យ​តាម​អ្វី​ដែល​បក្ស​ប្រឆាំង​ស្នើ​ឬ​ ទេ?
ពាក្យ​ចាស់​លោក​ពោល​ថា សេចក្តី​ព្យាយាម​គង់​បាន​សម្រេច។ ក៏ប៉ុន្តែ ការ​ព្យាយាម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​បាន​សម្រេច ឬ​មិន​បាន​សម្រេច មិន​មែន​ស្ថិត​លើ​តួអង្គ​បក្ស​ប្រឆាំង​តែ​ឯកឯង​ឡើយ។ ក្រៅ​ពី​នោះ មាន​ភាគី​បី​ផ្សេង​ទៀត ដែល​មាន​ឥទ្ធិពល​ក្នុង​បញ្ហា​នេះ ដូច​ជា ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត គណបក្ស​កាន់​អំណាច និង​ភាគី​អន្តរជាតិ។
គណបក្ស​សង្គ្រោះ​ជាតិ តស៊ូ​សម្រេច​បំណង​របស់​ខ្លួន​តាម​រយៈ​បាតុកម្ម​ចំនួន​ពីរ​លើក មុន​ការ​បោះ​ឆ្នោត។ បាតុកម្ម​លើក​ទី​១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ដោយ​ទាមទារ​ឲ្យ​បក្ស​កាន់​អំណាច​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត និង​បើក​ផ្លូវ​ឲ្យ លោក សម រង្ស៉ី ចូល​ស្រុក​វិញ ដោយ​គ្មាន​ទោសពៃរ៍។ រាជ​រដ្ឋាភិបាល​បាន​បដិសេធ​ភ្លាមៗ​រាល់​ការ​លើក​ឡើង​របស់​បក្ស​ជំទាស់ ដោយ​ចាត់​ទុក​ការ​ទាមទារ​មិន​សម​ហេតុផល ហើយ​បក្ស​កាន់​អំណាច​មិន​អាច​ធ្វើ​អ្វី​ផ្ទុយ​នឹង​ច្បាប់ ឬ​រំលោភ​ការ​សម្រេច​របស់​តុលាការ​បាន​ឡើយ។
ទន្ទឹម​នឹង​គ្នា​នោះ លោក ហ៊ុន សែន ចាប់​ផ្ដើម​ប្រើ​យុទ្ធសាស្ត្រ​បំបែក​បំបាក់​កម្លាំង​សាមគ្គី​របស់ លោក សម រង្ស៉ី និង​លោក កឹម សុខា តាម​រយៈ​ការ​ផ្សព្វផ្សាយ​អាយ៉ៃ​ឆ្លើយឆ្លង ដែល​ជា​ខ្សែ​អាត់​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​របស់​មេ​បក្ស​ប្រឆាំង។ មិន​តែ​ប៉ុណ្ណោះ គណបក្ស​កាន់​អំណាច​បាន​ជ្រោមជ្រែង លោក ជុំ ម៉ី ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង លោក កឹម សុខា និង​បាន​បង្កើត​ច្បាប់​ប្រឆាំង​នឹង​អ្នក​ដែល​និយាយ​ថា គ្មាន​របប​ខ្មែរ​ក្រហម ដែល​សំដៅ​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ រូប​នេះ​ថែម​ទៀត។
ក្រៅ​ពី​នោះ បណ្ដឹង​ប្រឆាំង លោក កឹម សុខា ទៅ​កាន់​តុលាការ​បន្តបន្ទាប់​គ្នា។ ករណី​ទី​១ ជា​បណ្ដឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ សំ ផល្លា ជា​ម្ដាយ​របស់​ស្ត្រី​ដែល​អះអាង​ថា ជា​ស្រី​កំណាន់​របស់ លោក កឹម សុខា កាល​ពី​ជាង ១០​ឆ្នាំ​មុន ដែល​ប្ដឹង​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​អំឡុង​ពេល លោក កឹម សុខា ចុះ​ទៅ​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រៃវែង។ ករណី​ទី​២ ជា​បណ្ដឹង លោក ជុំ ម៉ី ប្ដឹង​ប្រឆាំង លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នូវ​ពាក្យ​ដែល​ចោទ​ថា លោក កឹម សុខា បាន​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម បង្កើត។
នៅ​ពេល​ដែល​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា វាយ​បក​ផ្ទួនៗ​មក​វិញ​ដូច​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដូរ​យុទ្ធសាស្ត្រ​ពី​ការ​ធ្វើ​បាតុកម្ម ទៅ​ជា​ចលនា​ឃោសនា​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ស្វែង​រក​ការ​គាំទ្រ​វិញ។ ចំណែក​ឯ លោក សម រង្ស៉ី ក៏​បាន​ធ្វើ​នយោបាយ​នៅ​ក្រៅ​ប្រទេស រហូត​ដល់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លូក​ដៃ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​ផ្លូវ​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ស្រុក​ទៀត​ផង។ ដោយ​រង​គំនាប​ពី​អន្តរជាតិ និង​ការ​បន្ទន់​ជំហរ​របស់ លោក សម រង្ស៉ី ព្រម​ទាំង​ចលនា​របស់​មហា​ជន​ផង​នោះ លោក ហ៊ុន សែន ក៏​បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ឲ្យ​លើក​លែង​ទោស​ឲ្យ​មេ​បក្ស​ប្រឆាំង​ ចូល​ស្រុក​វិញ ដើម្បី​ចូល​រួម​បោះ​ឆ្នោត និង​ធានា​ភាព​ស្រប​ច្បាប់​នៃ​ដំណើរ​ការ​បោះ​ឆ្នោត។ ទន្ទឹម​នឹង​នោះ ការ​ប្រកាស​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ក៏​ត្រូវ​បក្ស​ទាំង​ពីរ​រុញ​ដាក់​កៀន​ជញ្ជាំង ហើយ​ខំ​តែ​ឃោសនា​រៀងៗ​ខ្លួន។
លុះ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន គណបក្ស​ប្រឆាំង​មិន​សុខ​ចិត្ត​ទេ និង​ថែម​ទាំង​ប្រកាស​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់។ បាតុកម្ម​លើក​ទី​៣ គឺ​ចាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម ក្នុង​បំណង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត និង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត។ ទីក្រុង​ភ្នំពេញ កាល​ថ្ងៃ​នោះ ត្រូវ​បាន​អាជ្ញាធរ​ដាក់​ឲ្យ​ស្ថិត​ក្នុង​គ្រា​អាសន្ន ក្រោម​ការ​ត្រួត​ពិនិត្យ និង​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ។ គណបក្ស​កាន់​អំណាច​មិន​អើពើ​ឡើយ​ចំពោះ​បាតុកម្ម​លើក​ទី​១​នេះ ហើយ​ថែម​ទាំង​គំរាម​បង្ក្រាប​បើ​សិន​ណា​ក្រុម​បាតុករ​ហ៊ាន​ផ្លាស់​ទី​ចេញ​ពី ​ទីលាន​ប្រជាធិបតេយ្យ។
ទោះ​ជា​បែប​ណា​ក្តី បាតុកម្ម​លើក​ទី​១​នេះ​បាន​ប្រាប់​បក្ស​ប្រឆាំង​ថា ប្រជាពលរដ្ឋ​ជាច្រើន​គាំទ្រ​ចលនា​នេះ តាម​រយៈ​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ការ​ឧបត្ថម្ភ​លុយ​កាក់ ការ​ឧបត្ថម្ភ​បាយ​ទឹក​នាំ​ចំណី​សម្រាប់​បាតុករ​ជាដើម។ លោក សម រង្ស៉ី និង​លោក កឹម សុខា ក៏​បាន​ប្រកាស​ធ្វើ​បាតុកម្ម​បន្ត​ទៀត​រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​១៥ ១៦ និង​១៧ ខែ​កញ្ញា។ បាតុកម្ម​លើក​នេះ មាន​មនុស្សម្នា​ចូល​រួម​ច្រើន​ជាង​លើក​មុន បណ្ដាល​ឲ្យ​អាជ្ញាធរ​ព្រួយ​បារម្ភ និង​ដាក់​កម្លាំង​ការពារ​បិទ​ផ្លូវ​ស្ទើរ​គ្រប់​ទី​កន្លែង រហូត​ដល់​បង្ក​ឲ្យ​កើត​មាន​អំពើ​ហិង្សា​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ រវាង​ពលរដ្ឋ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង និង​ក្រុម​សមត្ថកិច្ច​រាប់​រយ​នាក់ ឈាន​ដល់​បាញ់​សម្លាប់​យុវជន​ម្នាក់ និង​ចាប់​ខ្លួន​យុវជន​ជាច្រើន​នាក់​ដាក់​គុក។ ហេតុការណ៍​នេះ បាន​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង បើក​ការ​ចរចា​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កញ្ញា ដើម្បី​ស្វែង​រក​ច្រក​ចេញ។ ក៏ប៉ុន្តែ លទ្ធផល​នៃ​ការ​ចរចា​ដែល​តំណាង​បក្ស​ទាំង​ពីរ​ប្រាប់​អ្នក​កាសែត​ថា ជោគជ័យ​ច្រើន​នោះ បែរ​ជា​អសារបង់​ទៅ​វិញ នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​សភា។ គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​សភា និង​រដ្ឋាភិបាល​តែ​ឯកឯង ក្រោម​ការ​រិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ថា ជា​នយោបាយ​គ្មាន​ការ​ឯកភាព​ជាតិ។
មិន​ត្រឹម​តែ​មិន​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង​ទេ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​ប្រមូល​គ្នា​ទៅ​ខេត្ត​សៀមរាប ហើយ​ប្រកាស​ថា ការ​ប្រជុំ​សភា​ដំបូង​ដែល​រៀប​ចំ​ដោយ​បក្ស​កាន់​អំណាច ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ដ៏​ធ្ងន់ធ្ងរ។ បន្ទាប់​មក​ទៀត គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​សមាជ​ប្រជាជន និង​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ខែ​តុលា។ មន្ត្រី​គណបក្ស​ប្រជាជន មួយ​ចំនួន បាន​ប្រាប់​អ្នក​កាសែត​ថា បាតុកម្ម​លើក​ចុង​ក្រោយ​របស់​បក្ស​ប្រឆាំង មិន​មាន​មនុស្ស​ចូល​រួម​ច្រើន​ទេ ព្រោះ​ពលរដ្ឋ​កំពុង​រង​ការ​ញាំញី​ដោយ​ទឹក​ជំនន់។ ផ្ទុយ​ទៅ​វិញ មនុស្ស​រាប់​ម៉ឺន​នាក់ បាន​បន្ត​ចូល​រួម​បាតុកម្ម​ជាមួយ​បក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​២៣ ២៤ និង​២៥ ខែ​តុលា។ មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត ដែល​ពលរដ្ឋ​តាម​ជនបទ​ចូល​រួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​តែ​មាន​ចំនួន​ច្រើន​នោះ គឺ​បណ្ដាល​មក​ពី​មាន​ការ​ឧបត្ថម្ភ​ជា​ម្ហូប​អាហារ និង​នំ​ចំណី​ពី​អ្នក​គាំទ្រ ដែល​ជា​ឈ្មួញ​មាន​ជីវភាព​ធូរធារ​នៅ​ភ្នំពេញ ដែល​គេ​ពិបាក​ស្មាន​ណាស់​ថា អ្នក​ឧបត្ថម្ភ​ម្ហូប​ចំណី​បាតុករ​នោះ ជា​មនុស្ស​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច ឬ​អត់?
គណបក្ស​កាន់​អំណាច​ពិត​ជា​មិន​ចង់​ឃើញ​ឡើយ​នូវ​ការ​ធ្វើ​បាតុកម្ម​ជា​រៀង ​រាល់​ខែ​នោះ​ទេ ហើយ​បើ​សិន​ជា​នៅ​តែ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​មក​តវ៉ា​នោះ ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​នោះ ក៏​មិន​អាច​ដើរ​ទៅ​មុខ​បាន​ដែរ។ បញ្ច្រាស​ទៅ​វិញ វា​នឹង​នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន​រួម​មាន ឈ្មួញ​រក​ស៊ី​ធំៗ​នឹង​ចាប់​ផ្ដើម​ដក​លុយ​ចេញ​បន្តិចៗ​ម្តងៗ​ពី​ស្រុក​ខ្មែរ អ្នក​វិនិយោគ​ខាង​ក្រៅ​មិន​ហ៊ាន​ចូល​ស្រុក សេវា​សាធារណៈ​មួយ​ចំនួន​នឹង​ជួប​បញ្ហា ការ​ចំណាយ​របស់​រដ្ឋ​នឹង​កើន​ឡើង រាស្ត្រ​ខ្មែរ​មិន​ស្ងប់​ចិត្ត​ភ័យ​ខ្លាច និង​អាច​ឲ្យ​កើត​វិបត្តិ​សង្គម​នយោបាយ​ទៀត​ផង។ ពេល​ដែល​បញ្ហា​រីក​កាន់​តែ​ធំ គណបក្ស​ទាំង​ពីរ​នឹង​ត្រូវ​សម្រេច​ចិត្ត​ថា គួរ​លើក​ទ័ព​វាយ​ផ្តាច់ព្រ័ត្រ ឬ​ចរចា​ដើម្បី​ប្រយោជន៍​រួម? បើ​រដ្ឋាភិបាល​វាយ​បំបែក​សម្បុក​បាតុករ នោះ​អាច​នឹង​នាំ​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង ការ​តវ៉ា​កាន់​តែ​កញ្ជ្រោល នឹង​អាច​អន្តរាយ​ដល់​សមិទ្ធផល​សន្តិភាព​ដែល​ខំ​សាងសង់​រាប់​ឆ្នាំ​ជាក់​ជា​ មិន​ខាន។
ចំពោះ​ភាគី​អន្តរជាតិ​វិញ ប្រាកដ​ណាស់​ថា គេ​នឹង​មិន​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​រដ្ឋសភា និង​រដ្ឋាភិបាល​តែ​ឯង​បាន​ទេ ព្រោះ​ថា បើ​កម្ពុជា បក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ប្រទេស​ផ្តាច់​មុខ នឹង​នាំ​ឲ្យ​ឥទ្ធិពល​របស់​ប្រទេស​លោក​សេរី​មក​លើ​កម្ពុជា ធ្លាក់​ចុះ ហើយ​ចិន នឹង​កើន​ឥទ្ធិពល​តែ​ឯង។ ក៏ប៉ុន្តែ ដង្ហើម​រស់​នៃ​សេដ្ឋកិច្ច​កម្ពុជា មួយ​ភាគ​ធំ ពឹង​ផ្អែក​លើ​វិស័យ​កាត់​ដេរ មាន​ចិន ជា​ម្ចាស់​រោងចក្រ​ភាគ​ច្រើន ហើយ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ជា​ទីផ្សារ។ ចុះ​បើ​គេ​បិទ​ផ្សារ តើ​ខ្មែរ​គិត​យ៉ាង​ម៉េច? នៅ​ដើម​ខែ​តុលា នេះ រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចូល​រួម​ក្នុង​ការ​កែ​ ទម្រង់​ការ​បោះ​ឆ្នោត តើ​ការ​អំពាវនាវ​របស់​រាជ​រដ្ឋាភិបាល​នេះ បាន​គិត​ពី​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ដែល​ឈរ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឬ​ ទេ? ក្រុម​បាតុករ​ឮ​ការ​សន្យា​ទេ តែ​ប្រាកដ​ណាស់​ថា ពួក​គេ​ចង់​ឃើញ​ដំណោះស្រាយ។
បាតុកម្ម​បី​ថ្ងៃ​ចុង​ក្រោយ បក្ស​ប្រឆាំង​បង្រួម​ចំណុច​តវ៉ា​មក​នៅ​ពីរ​ចំណុច គឺ​ទាមទារ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ជំរុញ​កម្ពុជា គោរព​លទ្ធិប្រជាធិបតេយ្យ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស្វែង​រក​យុត្តិធម៌​ ជូន​ម្ចាស់​ឆ្នោត។ បើ​ផ្អែក​តាម​ការ​ចង់​បាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គណបក្ស​កាន់​អំណាច​ទំនង​ជា​មិន​អាច​ឲ្យ​បាន​ទេ ព្រោះ​ថា បើ​សិន​ជា​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​មែន​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​លទ្ធផល​ត្រឹម​តែ​ស្មើ ឬ​ខាត​ដើម​ប៉ុណ្ណោះ ហើយ​របរ​រក​ស៊ី​បែប​នេះ អតីត​មេ​ទ័ព​ខ្លាំង លោក ហ៊ុន សែន ប្រហែល​ជា​មិន​លេង​ចូល​ឡើយ។
ក៏ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជា​មិន​ចង្អៀត​ចិត្ត​ប៉ុន្មាន​ទេ ក្នុង​ការ​ចែក​តំណែង​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង។ តំណែង​ប្រធាន​រដ្ឋសភា និង​គណៈកម្មាធិការ​ជំនាញ​ដែល​បក្ស​ប្រឆាំង​ទាមទារ​ពី​ពេល​មុន ហើយ​បក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​ឲ្យ​នោះ ក៏​មិន​ប្រាកដ​ថា​មិន​បាន​នោះ​ដែរ តែ​ស៊ី​សង​លើ​ជំហរ​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ៕


អ្នក​វិភាគ៖ បាតុកម្ម​ប្រឆាំង​ទទួល​ចំណាប់​អារម្មណ៍​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស

ក្រុម​អ្នក​វិភាគ​មាន​ក្តី​រំពឹង​ថា ​សម្ពាធ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​អាច​នឹង​ជួយ​សម្រួល​បញ្ហា​ជាប់​គាំង​នយោបាយ​កម្ពុជា។​
ក្រុម​អ្នក​វិភាគ​មាន​ក្តី​រំពឹង​ថា ​សម្ពាធ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​អាច​នឹង​ជួយ​សម្រួល​បញ្ហា​ជាប់​គាំង​នយោបាយ​កម្ពុជា។​
26 តុលា 2013 
សុខ ខេមរា
VOA

អ្នក​វិភាគ៖ ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​ជប៉ុន​អាច​ជួយ​ដោះស្រាយ​ភាព​ជាប់គាំង​នយោបាយ​កម្ពុជា

លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ព្រុយនេ កាល​ពី​​ថ្ងៃ​ទី​១០​ខែ​តុលា ឆ្នាំ​២០១៣។
លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ព្រុយនេ កាល​ពី​​ថ្ងៃ​ទី​១០​ខែ​តុលា ឆ្នាំ​២០១៣។
29 តុលា 2013 
សុខ ខេមរា
VOA

តើ​បក្ស​ប្រជាជន​អាច​ទទួល​យក​លក្ខខណ្ឌ​របស់​បក្ស​ប្រឆាំង​មុន​ការ​ចរចា​ឬ​ទេ?

ឈាង វុន ៦១០ 
 លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​កាល​ពី​យប់​ថ្ងៃ​២៨ តុលា ឆ្នាំ​២០១៣។ RFA
2013-10-28
ដោយ វិទ្យុ អាស៊ីសេរី
RFA
គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មាន​ជំហរ​​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា ក្រោយ​ការ​ បោះឆ្នោត។ គណបក្ស​សង្គ្រោះ​ជាតិ ថា​បើ​បន្ត​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លុះ​ណា​តែ​គណបក្ស​នេះ ទទួល​យក​លក្ខខណ្ឌ​​មួយ​ចំនួន​ជា​មុន​សិន។
តើ​លក្ខខណ្ឌ​ទាំង​នោះ​មាន​អ្វី​ខ្លះ ហើយ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា អាច ឬ​មិន​អាច​ទទួល​យក​លក្ខខណ្ឌ​របស់​គណបក្ស​ប្រឆាំង​មុន​ការ​ចរចា?
សូម​ស្ដាប់​ការ​ឆ្លើយ​តប​របស់​លោក ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ជុន ច័ន្ទបុត្រ ជា​អ្នក​សម្របសម្រួល៖ ដើម្បីស្តាប់ សូមចុចត្រង់នេះ....

បទ​វិភាគ៖ មេ​ភូមិ​គប្បី​ប្ដូរ​ឥរិយាបថ​មក​បម្រើ​ផល​ប្រយោជន៍​ប្រជាជន

2013-10-29
ដោយ សូត សុខប្រាថ្នា
RFA
ប្រជាពលរដ្ឋ តែង​សង្ឃឹម​ថា អ្នក​គ្រប់គ្រង​នៅ​ក្នុង​ភូមិ​នឹង​បម្រើ​ផល​ប្រយោជន៍​ដល់​ខ្លួន ក៏ប៉ុន្តែ ហាក់​ដូច​ជា​មិន​ដូច​ការ​គិត​នោះ​ទេ ពីព្រោះ​ថា​កន្លង​មក មេ​ភូមិ ឬ​ប្រធាន​ភូមិ​មួយ​ចំនួន មិន​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ តែ​បែរ​ជា​បម្រើ​ផល​ប្រយោជន៍​ឱ្យ​បក្ស​នយោបាយ​ច្រើន​ជាង​ប្រជាពលរដ្ឋ​ទៅ​ វិញ។
តើ​ប្រធាន​ភូមិ​ត្រូវ​ប្រកាន់​ឥរិយាបថ​បែប​ណា ក្នុង​ការ​ដឹក​នាំ​ឱ្យ​ស្រប​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ?
ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង បាន​សម្ដែង​នូវ​ការ​ពុំ​ពេញ​ចិត្ត​ទៅ​នឹង​ការ​ដឹក​នាំ​របស់​អាជ្ញាធរ​នៅ​តាម ​ថ្នាក់​មូលដ្ឋាន​របស់​ពួក​គេ ពិសេស​ប្រធាន​ភូមិ​តែ​ម្តង។ អ្វី​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​អាជ្ញាធរ​ភូមិ ​របស់​ខ្លួន ក៏​ដោយសារ​តែ​សកម្មភាព​របស់​មេ​ភូមិ​មួយ​ចំនួន ហាក់​បី​ដូច​ជា​មិន​បាន​តាំង​ចិត្ត​ថា នឹង​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ឱ្យ​អស់​ពី​ពោះ​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ស្ម័គ្រចិត្ត​ដើរ​តាម​បម្រើ​គោល​នយោបាយ​បក្ស​ជា​ធំ​ទៅ​វិញ។
តើ​អ្វី​នឹង​អាច​កើត​ឡើង នៅ​ពេល​ដែល​មេ​ភូមិ​ទាំង​នោះ​មិន​បាន​តាំង​ចិត្ត​បម្រើ​ប្រជាពលរដ្ឋ ហើយ​បែរ​បម្រើ​បក្ស​នោះ?
បញ្ហា​ប្រាកដ​ជា​មាន​ចោទ​ឡើង សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​បក្ស​នយោបាយ​មិន​ស្រប​នឹង​បក្ស​ ខ្លួន បញ្ហា​រើសអើង បញ្ហា​បក្ខពួក​និយម និង​បញ្ហា​សង្ស័យ​គ្រប់​ប្រជាពលរដ្ឋ​ណា​ដែល​មិន​បាន​ជ្រើស​រើស​យក​គោលដៅ​ បក្ស​នយោបាយ​រួម​ដូច​ខ្លួន។ កន្លង​មក សកម្មភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ថ្នាក់​មូលដ្ឋាន ភាគ​ច្រើន​ត្រូវ​បាន​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​សំណាក់​អាជ្ញាធរ​ភូមិ។ ថ្មីៗ​នេះ សកម្មភាព​ចូល​រួម​ក្នុង​បក្ស​នយោបាយ​របស់​ប្រជាពលរដ្ឋ ហាក់​បី​ដូច​ជា​នៅ​មាន​កម្រិត។ នៅ​មាន​កម្រិត​ត្រង់​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​ហ៊ាន​ចេញ​មុខ​ជា​ចំហ ដោយសារ​អ្នក​គ្រប់គ្រង​ពួក​គាត់​នៅ​តាម​ថ្នាក់​មូលដ្ឋាន នៅ​បន្ត​តាម​ដាន​ស្ទើរ​តែ​រាល់​សកម្មភាព​របស់​ប្រជាពលរដ្ឋ។ មហា​បាតុកម្ម​ទាំង​បី​លើក​របស់​បក្ស​សង្គ្រោះ​ជាតិ ក្រោយ​ការ​បោះ​ឆ្នោត មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ព្រម​ចេញ​មុខ​ជា​ចំហ ហើយ​មួយ​ចំនួន​ទៀត​នៅ​មាន​ការ​លាក់លៀម។ លាក់លៀម​ពីព្រោះ​ថា ខ្លាច​ឈ្មោះ​ខ្លួន​បាន​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​អាជ្ញាធរ។ កាល​ណា​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នោះ​ហើយ ពិបាក​ណាស់​ក្នុង​ការ​ផ្តល់​សេវាកម្ម​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ​ភូមិ ដែល​មាន​និន្នាការ​ទៅ​រក​បក្ស​កាន់​អំណាច​ទាំង​នោះ។
មេ​ភូមិ​មួយ​ចំនួន​មិន​ទាន់​បាន​បំពេញ​តួនាទី​ក្នុង​ការ​បម្រើ​ផល​ ប្រយោជន៍​ប្រជាជន​របស់​ខ្លួន​ជា​ធំ​នោះ​ទេ ក៏ប៉ុន្តែ បែរ​ជា​យក​ផល​ប្រយោជន៍​បក្ស​នយោបាយ​ខ្លួន​ជា​ធំ​ទៅ​វិញ។ នេះ​អាច​និយាយ​ម្យ៉ាង​ទៀត​បាន​ថា មេ​ភូមិ​ភាគ​ច្រើន​ត្រូវ​បាន​លើក​ឡើង​ឲ្យ​ក្លាយ​ជា​អ្នក​គ្រប់គ្រង តាម​រយៈ​សែស្រឡាយ ឬ​បក្ខពួក​របស់​ខ្លួន ដោយ​មិន​មាន​ការ​ជ្រើស​រើស​ដោយ​ផ្ទាល់​ពី​សំណាក់​ប្រជាពលរដ្ឋ។ ដូច្នេះ ទើប​បាន​ជា​សកម្មភាព​របស់​មេ​ភូមិ​មួយ​ចំនួន គឺ​ធ្វើ​ដើម្បី​បក្ស​ខ្លួន​ទៅ​វិញ។ កន្លង​មក គណបក្ស​ប្រឆាំង​តែង​តែ​បាន​លើក​ឡើង​ថា ប្រសិន​បើ​បក្ស​ខ្លួន​ឈ្នះ​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល នោះ​មេ​ភូមិ​នឹង​ត្រូវ​ជ្រើស​រើស​ដោយ​ការ​បោះ​ឆ្នោត ទើប​អាច​ធានា​បាន​ថា ជា​មេ​ភូមិ​ដែល​ជា​អ្នក​បម្រើ​ប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ។
ទោះ​ជា​យ៉ាង​ក៏ដោយ មេ​ភូមិ​ដែល​កើត​ចេញ​ពី​ការ​លើក​បន្តុប​ក្តី មេ​ភូមិ​ដែល​កើត​ចេញ​ពី​ការ​ជ្រើស​រើស​ដោយ​ការ​បោះ​ឆ្នោត​ក្តី គួរ​ត្រូវ​ពិចារណា​ថា ការ​ដែល​ខ្លួន​មក​កាន់​តំណែង​ជា​អ្នក​ដឹក​នាំ​គេ​នោះ ត្រូវ​ធ្វើ​យ៉ាង​ណា​លះ​បង់​នូវ​គំនិត​អាត្មានិយម ការ​គិត​ផល​ប្រយោជន៍​បក្ស និង​គួរ​ត្រូវ​បញ្ឈប់​នូវ​រាល់​សកម្មភាព​យក​ការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ណា ដែល​មាន​និន្នាការ​មិន​ស្រប​ខ្លួន។ ទង្វើ​បែប​នេះ ពុំ​គួរ​ឲ្យ​កើត​មាន​ទៀត​ឡើយ ពីព្រោះ​វា​នឹង​អាច​នាំ​ឱ្យ​មាន​ការ​រើសអើង​នៅ​ក្នុង​សង្គម និង​អាច​ឈាន​ទៅ​ដល់​ការ​មិន​ទុក​ចិត្ត​គ្នា និង​ទាញ​ឲ្យ​ការ​អភិវឌ្ឍ​សង្គម​មាន​ការ​ធ្លាក់​ចុះ​ទៀត​ផង។
ជា​សរុប​មក មេ​ភូមិ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​របស់​ ប្រជាពលរដ្ឋ នៅ​ក្នុង​សង្គម​កម្ពុជា មិន​មែន​អ្វី​ដែល​មេ​ភូមិ​មួយ​ចំនួន​កំពុង​តែ​ប្រព្រឹត្ត​ខ្លួន​ជា​អ្នក​ ស៊ើប​អង្កេត​ពី​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​ប្រកាន់​បក្ស​នយោបាយ​ខុស​ពី​ខ្លួន ដើម្បី​រាយការណ៍​មក​ថ្នាក់​លើ​នោះ​ទេ។ ចូល​កុំ​ភ្លេច​ថា កន្លង​មក មេ​ឈ្លប មេ​ជំនាញ​ការ អាច​យក​ការណ៍​ពី​ថ្នាក់​ក្រោម​ទៅ​ថ្នាក់​លើ ដើម្បី​ផ្គាប់ផ្គន់​មេ​ធំ​ខាង​លើ។
ក៏ប៉ុន្តែ ពេល​នេះ សកម្មភាព​យក​ការណ៍​ប្រជាពលរដ្ឋ​ថ្នាក់​មូលដ្ឋាន ទៅ​ប្រាប់​ថ្នាក់​លើ​ទៀត​នោះ វា​នឹង​អាច​កាន់​តែ​ធ្វើ​ឲ្យ​ប្រជាជន​រឹតតែ​មិន​ពេញ​ចិត្ត និង​ម្យ៉ាង​ទៀត អាច​ទំនង​ជា​ធ្វើ​ឱ្យ​សំឡេង​ឆ្នោត​នា​ពេល​បោះ​ឆ្នោត​ធំ​ម្តងៗ កាន់​តែ​ធ្លាក់​ចុះ​ទៅ​វិញ។ មេ​ដឹក​នាំ​នៃ​បក្ស​នយោបាយ គួរ​ពង្រឹង​ឡើង​វិញ​ចំពោះ​អ្នក​គ្រប់គ្រង​តាម​មូលដ្ឋាន ពិសេស​មេ​ភូមិ​ឱ្យ​គិត​ពី​ប្រយោជន៍​រាស្ត្រ និង​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ជា​ធំ មិន​មែន​ធ្វើ​ការ​បម្រើ​បក្ស​ជា​ធំ​នោះ​ទេ។ ចូរ​ចាំ​ថា សំឡេង​ឆ្នោត​អាច​ប្រែប្រួល​ទៅ​បាន ក៏​អាច​ជា​ចំណែក​មួយ​នៃ​ការ​គ្រប់គ្រង​នៅ​តាម​ថ្នាក់​មូលដ្ឋាន​ដែរ។ ដូច​នេះ ជា​ការ​ល្អ​ប្រសើរ មេ​ដឹក​នាំ​នៅ​តាម​ថ្នាក់​មូលដ្ឋាន គប្បី​លះ​បង់​ចោល​នូវ​វប្បធម៌​បម្រើ​បក្ស​ខ្លួន ហើយ​គួរ​ងាយ​មក​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ណា ដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ទើប​ជា​ការ​ចាំបាច់៕


មូលហេតុ​បាតុករ​ចូល​រួម​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០   
ក្បួន​ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដោយ​ផ្លូវ​សុធារស ម្ដុំ​បូឌីន រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​បរទេស​មួយ​ចំនួន នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Mom Sophon
2013-10-29 
ដោយ ទីន ហ្សាការីយ៉ា
RFA
បាតុកម្ម​ជា​ជម្រើស​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង នឹង​ការ​ទាមទារ​លទ្ធផល​បោះ​ឆ្នោត ដែល​គណបក្ស​នេះ​ចោទ​ប្រកាន់ ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​អំពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ នោះ។
ការ​ធ្វើ​មហា​បាតុកម្ម​កន្លង​មក​នេះ ក្រុម​បាតុករ​មួយ​ចំនួន​បាន​បង្ហាញ​ថា អ្វី​ដែល​ពួក​គាត់​មក​ចូល​រួម​ធ្វើ​បាតុកម្ម មិន​មែន​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ​ទេ អ្វី​ដែល​ពួក​គាត់​ចង់​បាន គឺ​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ផ្លាស់​ប្ដូរ ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ដូច​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​នៅ​ តំបន់​អាស៊ាន​មួយ​ចំនួន​ទៀត។
បញ្ហា​អយុត្តិធម៌​កើត​មាន​នៅ​ក្នុង​សង្គម និង​ភាព​ក្រីក្រ ជា​មូលហេតុ​ដ៏​សំខាន់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ មាន​ផ្នត់​គំនិត​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​ដឹក​នាំ​ប្រទេស​របស់​ រដ្ឋាភិបាល​ថ្មី ដែល​ធានា​នូវ​ការ​រីក​ចម្រើន​ជីវភាព​របស់​ពួក​គាត់​យ៉ាង​ពិត​ប្រាកដ។
ការ​មក​ចូល​រួម​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ តុលា របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​ក្រៅ​ពី​ទាមទារ​យក​យុត្តិធម៌​លទ្ធផល​បោះ​ឆ្នោត​នោះ គឺ​ពួក​គាត់​ទាមទារ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​របៀប​គ្រប់គ្រង ដោយ​ចង់​បាន​ប្រទេស​កម្ពុជា ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។
ស្ត្រី​វ័យ​ចំណាស់​ជាង ៧០​ឆ្នាំ ឈ្មោះ យាយ កែ បាន​រៀប​រាប់​ថា ទោះ​បី​ជា​រូប​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ​ក្ដី ប៉ុន្តែ​កម្លាំង​អ្នកស្រី​នៅ​រឹងមាំ​ដដែល ដើម្បី​មក​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​នេះ។ អ្នកស្រី​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​តស៊ូ​លក់​ស្រូវ ដើម្បី​យក​លុយ​ធ្វើ​សោហ៊ុយ​មក​ទីក្រុង​ភ្នំពេញ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​មាន​រដ្ឋាភិបាល​ធានា​នូវ​ជីវភាព​ប្រជាពលរដ្ឋ មាន​ជីវភាព​ធូរធារ​ប្រហាក់​ប្រហែល​គ្នា។
អ្នកស្រី​បន្ថែម​ថា សង្គម​បច្ចុប្បន្ន​នេះ មាន​ការ​រឹតត្បិត មិន​បើក​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ទេ ហើយ​អ្វី​ដែល​គាត់​ខំ​ទាមទារ​នោះ ទោះ​បី​ជា​អាយុ​គាត់​មិន​ទាន់​បាន​ឃើញ​សង្គម​មាន​ការ​ផ្លាស់​ប្ដូរ​ក្ដី ប៉ុន្តែ​គាត់​សង្ឃឹម​ថា ការ​ផ្លាស់​ប្ដូរ​នេះ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ។
បាតុករ​ជាច្រើន​ទៀត បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា បញ្ហា​ចម្បង​ដែល​ពួក​គាត់​មក​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ ដោយសារ​ពួក​គាត់​មិន​មាន​ជំនឿ​ទៅ​លើ​ការ​សន្យា​របស់​រដ្ឋាភិបាល​ថ្មី ដែល​បង្កើត​ឡើង​ដោយ​ឯក​បក្ស ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ដោយ​ហេតុ​ថា ក្រៅ​ពី​បញ្ហា​ជីវភាព​ដែល​ពួក​គាត់​ប្រឈម​នោះ គឺ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទៀត រួម​មាន ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី តុលាការ​មិន​ឯករាជ្យ ការ​គាប​សង្កត់​ពី​អាជ្ញាធរ​មូលដ្ឋាន។ល។
ស្ត្រី​ជនជាតិ​ចាម មួយ​រូប​មក​ពី​ស្រុក​ឈ្នួល ខេត្ត​ក្រចេះ បាន​មក​សម្ដែង​ពី​ការ​ឈឺ​ចាប់ ដែល​ក្រុមហ៊ុន​ឯកជន​បាន​រឹបអូស​យក​ដី​ចម្ការ​របស់​គាត់ និង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ចម្ការ។ គាត់​បាន​និយាយ​នៅ​លើ​វេទិកា​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៥ តុលា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នោះ​ថា អ្វី​ដែល​គាត់​នាំ​គ្នា​មក​ធ្វើ​បាតុកម្ម​នេះ ដោយសារ​តែ​ការ​ឈឺ​ចាប់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ ដែល​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្គម​គ្មាន​ការពារ​ដោយ​ច្បាប់។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​រក​វិធីសាស្ត្រ​រៀងៗ​ខ្លួន ដើម្បី​ជួប​ចរចា​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​សមស្រប​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​មុន​នឹង​ជួប​ចរចា​ជា​ថ្មី​ក្ដី។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ពន្យល់​ថា រដ្ឋាភិបាល​ឯក​បក្ស​នេះ ត្រូវ​តែ​ទទួល​យក​លក្ខខណ្ឌ​របស់​គណបក្ស​ប្រឆាំង​ខ្លះ ដើម្បី​យក​ទៅ​ធ្វើ​កំណែ​ទម្រង់​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជា​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ នីតិកាល​ទី​៥​នេះ។
គ្រូ​បង្រៀន​វិទ្យាល័យ បាកាន ខេត្ត​ពោធិ៍សាត់ ឈ្មោះ ឃុន វ៉ាត មាន​ប្រសាសន៍​ថា លោក​បាន​មក​ចូល​រួម​ធ្វើ​បាតុកម្ម​ចំនួន​បី​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា លោក​បាន​ធ្វើ​គ្រូ​បង្រៀន​ជាច្រើន​ឆ្នាំ​មក​ហើយ មិន​ធ្វើ​ឲ្យ​ជីវភាព​គ្រូ​មាន​ការ​ផ្លាស់​ប្ដូរ​ទេ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជីវភាព​គាត់​ជួប​នឹង​បញ្ហា​លំបាក​ដដែល។ លោក​អះអាង​ថា លោក​គ្មាន​ជំនឿ​ទៅ​លើ​រដ្ឋាភិបាល ថា​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នោះ​ទេ។ បើ​អាច​ធ្វើ​ទៅ​បាន​មែន​នោះ រដ្ឋាភិបាល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន បាន​ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ គ្រូ​បង្រៀន​បាន​ចំនួន​ច្រើន​ល្មម​អាច​ចំណាយ​គ្រប់គ្រាន់​សម្រាប់​គ្រួសារ​ របស់​ពួក​គាត់​ហើយ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ពន្យល់​ថា រដ្ឋាភិបាល​ថ្មី​នេះ​នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​សម្រាប់​ការ​ដឹក​នាំ​ ប្រទេស​ចំនួន ៥​ឆ្នាំ​ទៅ​មុខ​ទៀត​នេះ។ លោក ផៃ ស៊ីផាន បន្ថែម​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន នេះ គឺ​ធ្វើ​ឲ្យ​ប្រទេស​មាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ និង​មាន​នីតិរដ្ឋ​ជាដើម។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ឈ្មោះ យន់ ប៊ុនធៀង មាន​ប្រសាសន៍​ថា លោក​បាន​ឆ្លៀត​ពេល​ល្ងាច​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ ជាតិ កាល​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ តុលា នោះ។ លោក ប៊ុនធៀង លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​យន្តការ​ច្បាស់​លាស់​ក្នុង​ការ​ដឹក​នាំ​ ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ទេ​នោះ ចលនា​មហា​ជន ឬ​យុវជន​នឹង​ផ្ទុះ​ឡើង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាន់​តែ​ ខ្លាំង​ទៀត ដោយ​ហេតុ​ថា គម្លាត​អ្នក​មាន និង​ក្រ​កាន់​តែ​ច្រើន ហើយ​យុវជន​បញ្ចប់​ការ​សិក្សា​គ្មាន​ការងារ​ធ្វើ គួបផ្សំ​នឹង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម។
អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា កម្ពុជា អាច​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧% ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​កំណើន​នោះ នឹង​អាច​ស្ថិត​នៅ​ទ្រឹង ឬ​គ្មាន​ឱកាស​ហក់​ឡើង​ទៅ​ប្រទេស​អភិវឌ្ឍន៍​ឡើយ ប្រសិន​បើ​កម្ពុជា មិន​ធ្វើ​កំណែ​ទម្រង់​លើ​គោល​នយោបាយ​កាត់​បន្ថយ​គម្លាត​អ្នក​មាន និង​អ្នក​ក្រ រួម​ទាំង​ពង្រឹង​មូលដ្ឋាន​ផលិត ដែល​មិន​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​ទេ​នោះ។
ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា អ្វី​ដែល​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​បាន​នោះ បញ្ហា​អតិផរណា ពោល​គឺ​ទំនិញ​នៅ​លើ​ទីផ្សារ​កាន់​តែ​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់ ហើយ​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​រក​បាន​តិច មិន​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន។ ម្យ៉ាង​ទៀត ផលិតផល​កសិផល កសិករ​លក់​ក្នុង​តម្លៃ​ថោក និង​គ្មាន​ទីផ្សារ​ជាដើម។
របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។ អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រមាណ ៨០% មាន​ដី​ធ្វើ​កសិកម្ម​តិច​ជាង​មួយ​ហិកតារ ស្រប​ពេល​ដែល​អ្នក​មាន​អំណាច​ប្រមាណ ២០% មាន​ដី​ច្រើន​ជាង ៥០០​ហិកតារ ដែល​គ្រប់គ្រង​ដី​ផលិត​កសិកម្ម​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជា។
ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៦​លាន​នាក់ ស្ថិត​នៅ​ក្រោម​បន្ទាប់​ភាព​ក្រីក្រ មាន​ន័យ​ថា ពួក​គាត់​មិន​អាច​រក​ចំណូល​បាន​ប្រមាណ ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ បន្ថែម​ពី​លើ​នេះ​ទៀត ប្រជាពលរដ្ឋ​ប្រមាណ ៣​លាន​នាក់​ផ្សេង​ទៀត ងាយ​នឹង​ធ្លាក់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ដែរ ប្រសិន​បើ​កម្ពុជា មាន​វិបត្តិ​សេដ្ឋកិច្ច​បន្ថែម​ទៀត ដូច​ជា ទំនិញ​កាន់​តែ​ឡើង​ថ្លៃ និង​គ្រោះថ្នាក់​ធម្មជាតិ​ផ្សេង៕

NGOs៖ រដ្ឋា​ភិបាល​ខកខាន​មិន​បាន​បញ្ជូន​របាយការណ៍​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ទៅ​UN

អ្នក​ឃ្លាំ​មើល សិទ្ធិ​មនុស្ស ៦១០ 
 ក្រុម​អ្នក​ឃ្លាំមើល​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ពេល​មាន​មហា​ បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​៧ កញ្ញា ឆ្នាំ​២០១៣។ RFA
2013-10-29
ដោយ វោហារ ជាតិ
RFA
មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាលក្នុង​ស្រុក​​​នានា ​ខក​ចិត្តយ៉ាង​ខ្លាំង ចំពោះរដ្ឋាភិបាល ​​ដែល​​ខក​ខាន​មិន​បាន​ផ្ញើ​របាយ​ការ​ណ៍​​ស្ដីអំពី​សិទ្ធិ មនុស្ស​នៅ​ កម្ពុជា ​​ជូន​ទៅ​​អង្គការសហប្រជាជាតិ តាម​កាល​កំណត់​ កាល​ពី​ថ្ងៃ​ទី​២៨ ខែតុលា​។
ក្រុម​មន្ត្រី​​អង្គការ​ទាំង​នោះ​​បញ្ជាក់​ថា​ ការ​ខក​ខាន​នេះ​អាច​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​​បន្ត​ទៅ​ទៀត​ ក្នុង​ពេល​ដែល​កម្ពុជា​ កំពុង​ជាប់​​គាំង​​​នយោបាយ​​ដូច​សព្វ​ថ្ងៃ​នេះ។  មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាលក្នុង​ស្រុក​​​មួយ​ចំនួន ​បាន​ឲ្យ​ដឹង​​នៅ​ថ្ងៃ​​ទី​២៩​តុលា ​​ថា​ ​​អង្គការ​មិន​មែនរដ្ឋាភិបាល​​​​​​ចង់​ដឹង​អំពីលទ្ធផល​នៃ​​របាយការណ៍​សំខាន់ ​មួយ​ ​​​​​ស្ដី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​រយៈ​ពេល ​៤​ឆ្នាំ​កន្លង​មក​នេះ​ ​ដែល​រដ្ឋាភិបាល​នឹង​ត្រូវ​ឡើង​​​បក​ស្រាយ​ចំពោះ​មុខ​​​អង្គការ​សហប្រជាជាតិ ​ នៅ​​ខែមករា ​ឆ្នាំ​២០១៤​ ខាង​មុខ​នេះ។​
របាយការណ៍​សំខាន់​នោះ គឺ​ជារបាយការណ៍​ត្រួត​ពិនិត្យ​សិទ្ធិ​មនុស្ស​​ជាសកល​​ និង​ទៀងទាត់​​ ដែល​​​រដ្ឋាភិបាល​ប្រទេសនីមួយ​ៗ​​ ត្រូវ​រាយការណ៍​អំពី​ការគោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​របស់​​ខ្លួន​ជូន​ អង្គការ​សហប្រ​ជាជាតិ​​រៀង​រាល់ ​៤​ឆ្នាំ​​ម្ដង។
មន្ត្រី​ស៊ើបអង្កេត​ជាត់​ខ្ពស់​នៃ​អង្គការ​លីកាដូ​ (Licadho) លោក អំ សំអាត ​មាន​ប្រសាសន៍ថា ​​ការយឺត​យ៉ាវ​​ដែល​រដ្ឋាភិបាល​មិន​បាន​ផ្ញើរបាយការណ៍​សិទ្ធិ​មនុស្ស​ទៅអង្គ ​ការសហប្រជាជាតិ​លើក​នេះ ​ធ្វើ​ឲ្យ​មតិ​ជាតិ​ និង​អន្តរជាតិ​មិន​បាន​ដឹង​អំពី​ស្ថាន​ភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ កន្លងមក ដែល​គេតែង​រិះគន់ថា​មាន​សញ្ញាមិន​ល្អ។
ចំណែក​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ក៏​យល់​​ដូច​​លោក​ អំ សំអាត​ ដែរ​ តែ​លោក​ថា​ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខក​ខាន​មិន​បាន​បញ្ជូន​របាយការណ៍​សិទ្ធិ​មនុស្ស​ទៅ ​អង្គការ​សហប្រជាជាតិក្តី​ ខាង​ភាគី​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ និង​ភាគី​អង្គការ​សហប្រជាជាតិ​ ក៏​នឹង​ចេញ​​របាយការណ៍​​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែរ​ នា​ដើមឆ្នាំ​២០១៤​ ខាង​មុខនេះ។​
បឹង​កក់ ៣០៥
០៩-មករា-២០១១: អ្នក​ភូមិ​បឹងកក់ តវ៉ា​នៅ​ទីលាន​សេរីភាព នៅ​ថ្ងៃ​បញ្ចប់ បន្ទាប់​ពី​ពួកគេ​បាន​តវ៉ា​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក មិន​មាន​ដំណោះស្រាយ។
វិទ្យុ​អាស៊ីសេរី​ មិន​អាច​ទាក់​ទង​មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​របស់​រដ្ឋាភិបាល​បាន​ ទេ​ នៅថ្ងៃ​​ទី​២៩​ តុលា​។ ក៏ប៉ុន្តែ​អនុប្រធាន​​​គណៈកម្មាធិការ​សិទ្ធិមនុស្ស​​របស់​រដ្ឋាភិបាល​ លោក​ ម៉ក់ សម្បត្តិ ​ត្រូវ​បាន​កាសែត ឌឺ ខេមបូឌា ដេលី​ (The Cambodia Daily) ស្រង់​សម្ដី​ថា ​មូល​ហេតុ​យឺតយ៉ាវ​ដូច្នេះ​ គឺ​ដោយ​សារ​​រដ្ឋាភិបាល​កម្ពុជា​ ចង់​ដាក់​បញ្ចូល​ព័ត៌មាន​​នៃ​​ទស្សន​វិស័យ​របស់​រដ្ឋាភិបាល​ស្ដី​អំពី​ការ​ កែទម្រង់​បន្ថែមទៀត​​ក្នុង​អាណត្តិ​នេះ ​ដូច​ជា​ការកែទម្រង់​ប្រព័ន្ធ​តុលាការ​ និងយុត្តិធម៌​ជាដើម។​
ក្នុង​រយៈ​ពេល ​៤​ឆ្នាំ​កន្លងមក​នេះ ភាគី​អង្គការសហប្រជាជាតិ​ បាន​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​បង្កើន​ការគោរព​សិទ្ធិ​​មនុស្ស​ចំនួន ​៩១​ចំណុច ក្នុង​នោះ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ការកែ​ទម្រង់លើ​ចំណុចសំខាន់​មួយ​ចំនួន​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ដូច​​ជា សុំ​ឲ្យ​កែ​ទម្រង់​​ប្រពន្ធ​តុលាការ​ និង​យុត្តិធម៌ កែ​ទម្រង់​គណៈកម្មាធិការជាតិ​រៀប​ចំ​ការបោះឆ្នោត​ បើក​ឲ្យ​មាន​សិទ្ធិ​​សេរីភាព​បញ្ចេញមតិ​ បញ្ឈប់​ការបណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន​ និង​បញ្ឈប់​ការ​រំលោភដី​ធ្លី​ជាដើម។​  ជា​ការ​ឆ្លើយ​តប ​រដ្ឋាភិបាល​បានរិះគន់​​ភាគីអង្គការ​សហប្រជាជាតិ​ រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​​ក្នុង​ស្រុក​ ដែល​តែង​តែ​គាំទ្រ​អង្គការ​សហប្រជាជាតិ​នោះ​ថា ​​មានចេតនា​ធ្វើ​ការ​បម្រើ​ឲ្យបក្ស​ប្រឆាំង​៕

លោកជាម យៀប​៖ លក្ខខណ្ឌ​៣​ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​គឺ​គ្មាន​បញ្ហា​នោះ​ទេ

Tuesday, 29 October 2013 15:34
ឃួន សុភ័ក្រ
Khmer International Radio (http://www.vayofm.com)

គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​លក្ខខណ្ឌ​ចំនួន​៣​ចំណុច ដើម្បី​ត្រៀម​ចរចា​ជាមួយ​គណបក្ស​ប្រជា​ជន​​កម្ពុជា​លើក​ទី​៣ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​កើតមាន​នៅ​ក្រោយ​ការបោះឆ្នោត​។
លក្ខខណ្ឌ​៣​ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​នោះ គឺ​ទី​១ ស៊ើបអង្កេត​រក​ការពិត​នៃ​ការបោះឆ្នោត ទី​២ ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ទី​៣ ទទួលយក​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ អង្គការ​​ NDI និង​អង្គការ​ខុមហ្វ្រែល ជុំវិញ​ដំណើរការ​បោះឆ្នោត​។
ជាការឆ្លើយតប​នឹង​បញ្ហា​នេះ មន្ដ្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់ថា ចំពោះ​លក្ខខណ្ឌ​ទាំង​៣​ចំណុច ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​នោះ គឺ​គ្មាន​បញ្ហា​​អ្វី​នោះ​ទេ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថា​ទ្វារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បើកចំហ ដដែល​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​។
ជា​បន្ដ​សូម​លោក​អ្នកនាង​ស្ដាប់​បទសម្ភាសន៍​រវាង​ឃួន សុភ័​ក្រ ជាមួយ​លោក​ជាម យៀប តំណាងរាស្ដ្រ និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដូចតទៅ​៕
ស្តាប់សំលេងសូម Click here....

កថិនទានវត្តសាមគ្គីរង្សី ព្រឹកថ្ងៃទី២៨តុលា២០១៣

គណបក្ស​ប្រឆាំង ធ្វើ​មហា​បាតុកម្ម​ដើម្បី​អំពាវនាវ​ឲ្យ​ប្រទេស​ក្រៅ​ដាក់​សំពាធ​លើ​រដ្ឋាភិបាល​ខ្មែរ

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្តុំគ្នា​ហើយគ្រវី​ទង់ជាតិ​​ក្នុង​ពេល​ពួក​គេ​តវ៉ា​នៅ​ក្នុង​​សួន​ប្រជាធិបតេយ្យ នៅ​រាជធានី​ភ្នំពេញ។​
អ្នកគាំទ្រ ​គណបក្ស​សង្គ្រោះ​ជាតិ ផ្តុំគ្នា​ហើយគ្រវី​ទង់ជាតិ​​ក្នុង​ពេល​ពួក​គេ​តវ៉ា​នៅ​ក្នុង​​សួន​ ប្រជាធិបតេយ្យ នៅ​រាជធានី​ភ្នំពេញ។
25 តុលា 2013 
Robert Carmichael
VOA
ភ្នំពេញ៖ បាតុករ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​នៅ​ សប្តាហ៍​នេះ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​ទៅ​លើ​លទ្ធផល​ បោះឆ្នោត​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​មាន​ការលួច​បន្លំ ហើយ​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក ប្រទេស​អង់គ្លេស និង​បណ្តា​ប្រទេស​ដទៃ​ទៀត ធ្វើ​អន្តរាគមន៍​ក្នុង​បញ្ហា​គាំង​ស្ទះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​នៅ​ប្រទេស ​កម្ពុជា។ បាតុករ ដែល​មក​រាជធានី​ភ្នំពេញ​នេះ គឺ​មក​ពី​គ្រប់​ខេត្ត​ក្រុង​ទាំងអស់។

មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ ដែល​ធ្វើ​ឡើង​នៅ​សួន​ប្រជាធិបតេយ្យ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​ ប្រទេស​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា CNRP។

បាតុករ ចង់​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ ទៅ​លើ​លទ្ធផល​បោះឆ្នោត​ដែល​បាន​ធ្វើ​ឡើង​នៅ​ខែកក្កដា​កន្លង​ទៅ​នេះ ហើយ​ពួកគេ​បន្ត​សង្កត់ធ្ងន់​ទៅ​លើ​ការប្រឆាំង​របស់ពួកគេ​ចំពោះ​រដ្ឋាភិបាល​ ដែល​ទើប​បាន​បង្កើត​ថ្មី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​ពួកគេ​នៅតែ​ចោទ​ថា ជា​រដ្ឋាភិបាល​ខុស​ច្បាប់។

កាលពី​ថ្ងៃពុធ​ដែល​ជា​ថ្ងៃទី១​នៃ​ការតវ៉ា មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​ ១០,០០០ នាក់ បាន​ដើរ​ដង្ហែ​ញត្តិ​ដែល​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​ជាថ្មី​ទៀត ដែល​មាន​ស្នាម​ផ្តិត​មេដៃ​របស់​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង ២ លាន​នាក់ ទៅ​ការិយាល័យ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ទីក្រុង​ភ្នំពេញ។

នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នេះ ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ដើរ​ដង្ហែរ​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ដើម្បី​ដាក់​សំបុត្រ​ស្នើ​ឲ្យ​ប្រទេស​ទាំង​នោះ  ធ្វើ​អន្តរាគមន៍​ក្នុង​ការដោះស្រាយ​ការជាប់​គាំង​នយោបាយ​នៅ​ប្រទេស​កម្ពុជា។

បាតុករ រួន សម្បត្តិ ជា​កសិករ​វ័យ​៦៧​ឆ្នាំ បាន​ថ្លែង​ថា អ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ គឺ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បំភ្លៃ​លទ្ធផល​បោះឆ្នោត។ លោក​ចង់​ឲ្យ​អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​នានា​ដូចជា​សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​មាន​ការស៊ើប​អង្កេត​មួយ។

«នេះ គឺ​ជា​បញ្ចេញ​ឆន្ទៈ​របស់​រាស្រ្ត​ខ្មែរ​ជា​ម្ចាស់​ឆ្នោត ដែល​លោក​បាន​សម្រេច​ចិត្ត​ចង់​ប្តូរ​អ្នកដឹកនាំ​ថ្មី  ហើយ​តែ​វា​ក្លាយ​ទៅ​ជា​អ្នក​ដែល​ចាញ់​ហ្នឹង នៅតែ​កាន់​អំណាច​តទៅ​ទៀត»។

នៅក្នុង​ការបោះឆ្នោត​នៅ​ខែកក្កដា​កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​កៅអី​ ៦៨ អាសនៈ​នៅ​ក្នុង​សភា​ដែល​មាន ១២៣ អាសនៈ គ្រា​ដែល​គណបក្ស​ប្រឆាំង​វិញ បាន​ទទួល​បាន​អាសនៈ​ជិត​ទ្វេដង​នឹង​លើ​កមុន គឺ ៥៥ អាសនៈ។ ក៏ប៉ុន្តែ ទោះជា​ដូច្នេះ​ក៏ដោយ គណបក្ស​ប្រឆាំង​ បាន​បដិសេធ​មិន​ព្រម​ទទួល​យក​កៅអី​របស់​ខ្លួន​នៅក្នុង​សភា​នោះ​ទេ ដោយសារតែ​ខ្លួន​បាន​ចោទ​ថា លទ្ធផល​នៃ​ការបោះឆ្នោត​នោះ មាន​ការលួច​បន្លំ។ ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ នៅតែ​អះអាង​ថា ខ្លួន​បាន​ឈ្នះ​ឆ្នោត​នេះ ដោយ​ភាពត្រឹមត្រូវ​ ហើយ​បាន​ច្រាន​ចោល​ការអំពាវនាវ​ឲ្យ​មាន​ការចូល​ពាក់ព័ន្ធ​ពី​សំណាក់​ បរទេស។  

សហរដ្ឋ​អាមេរិក និង​បណ្តា​បស្ចិម​ប្រទេស​ដទៃ​ទៀត បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងពីរ​ដោះស្រាយ​តាម​រយៈ​កិច្ចសន្ទនា​ដោយ​សន្តិវិធី ក៏ប៉ុន្តែ ប្រទេស​ទាំងនេះ មិន​ទាន់​ចេញ​មុខ​គាំទ្រ​ភាគី​ណា​មួយ​ជា​សាធារណៈ​នៅ​ឡើយ​ទេ នៅ​ក្នុង​ជម្លោះ​រឿង​បោះឆ្នោត​នេះ។​ ​

បាតុករ គីម សាន ដែល​មាន​វ័យ​ប្រមាណ​ជា​៦០​ឆ្នាំ បាន​ថ្លែង​ថា អ្នកស្រី​និង​កូន​ទាំង​៤​របស់​អ្នកស្រី មិន​អាច​បោះឆ្នោត​បាន​ឡើយ ក្រោយពី​ឈ្មោះ​របស់​ខ្លួន​ត្រូវ​បាន​គេ​ដក​ចេញ​ពី​បញ្ជី​ឈ្មោះ​ អ្នកបោះឆ្នោត។ នេះ ជា​ការត្អូញត្អែរ​ដែល​កើត​មាន​ច្រើន​នៅ​ក្នុង​ការបោះឆ្នោត​នេះ។

បុរស​ម្នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ ដែល​ជា​ខេត្ត​ស្ថិត​នៅ​កណ្តាល​ប្រទេស​កម្ពុជា បាន​និយាយ​ថា លោក​បាន​បាត់បង់​ដី​របស់​លោក ទៅ​លើ​គ្រួសារ​ដែល​មាន​ខ្នង​បង្អែក​ធំ ហើយ​តុលាការ​បាន​កាត់​ឲ្យ​លោក​ចាញ់ក្តី។ លោក​ថ្លែង​ថា ប្រទេស​ជាតិ​ត្រូវការ​ មេដឹកនាំ​ដែល​ប្រជា​ពលរដ្ឋ​អាច​ទុក​ចិត្ត​បាន។

«ចង់​បាន​រដ្ឋមន្រ្តី​ដែល​ជួយ​រាស្រ្ត អព្យាក្រិត្យ​ហើយ​មិន​ប្រកាន់​បក្ស​ពួក មិន​ប្រកាន់​ឧកញ៉ា ចង់​ឲ្យ​មាន​រដ្ឋាភិបាល​ជួយ ហើយ​តុលាការ​មាន​យុត្តិធម៌ ហើយ​ខ្ញុំ​មក​នេះ គឺ​មក​ដើម្បី​ឆន្ទៈ​របស់​ខ្ញុំ ខ្ញុំ​រក​សន្លឹក​ឆ្នោត​ខ្ញុំ។  ខ្ញុំ​បាន​បោះឆ្នោត​ឲ្យ​ឯកឧត្តម កឹម សុខា តែ​គណបក្ស​ប្រជាជន​បាន​យក ខ្ញុំ​មិន​សុខ​ចិត្ត​ទេ ប្លន់​ឆន្ទៈ​របស់ខ្ញុំ។ ខ្ញុំ​ទាមទារ​រក​យុត្តិធម៌​វិញ»។

បាតុករ​ជាច្រើន​ដែល​ចូលរួម​នៅ​ក្នុង​មហា​បាតុកម្ម​នេះ បាន​និយាយ​ថា ពួកគេ​មិន​អាច​ទ្រាំ​នឹង​ការគ្រប់គ្រង​អំណាច​ដ៏​យូរ​របស់​លោក​នាយក​ រដ្ឋមន្រ្តី​ ហ៊ុន សែន តទៅ​ទៀត​បាន​ទេ។ គ្រាដែល គេ​រំពឹង​ថា មាន​ការគិត​ដូច្នេះ នៅ​ក្នុង​មហា​បាតុកម្ម​នេះ ការបញ្ចេញ​មតិ​ដូច​នេះ​ជា​សាធារណៈ គឺ​ជា​រឿង​មួយ​ដែល​សូម្បី​តែ​ការគិត​ក៏​គ្មាន​ឡើយ​កាលពី​៥​ឆ្នាំ​មុន។ ឥឡូវ​នេះ នេះ​ជា​ការគិត​រួម​មួយ។

អាន ឆយ អាយុ ៥៨​ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​មណ្ឌលគីរី ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស។ លោក​ថ្លែង​ថា ខេត្ត​របស់​លោក​ធ្លាប់​មាន​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដូច​ជា មាស​ជាដើម។ តែ ឥឡូវនេះ ធនធាន​ធម្មជាតិ​ទាំងនេះ លែង​មាន​ទៀត​ហើយ។

«រ៉ែ​មាស​និង​ព្រៃឈើ​ហ្នឹង គឺ​ខ្ទិចខ្ទី​អស់​ហើយ រ៉ែ​មាស​នៅ​ក្នុង​ខេត្តមណ្ឌលគីរី​នៅ​ក្នុង​ស្រុក​កែវសីមា មាន​មួយ​កន្លែង​ហ្នឹង គឺ​រលាយ​អស់​ហើយ»។

ប្រជា​ពលរដ្ឋ​ដូចជា លោក អាន ឆយ លោក​ រួន សម្បត្តិ និង​អ្នកស្រី​ គីម សាន ជាដើម គឺ​ជា​កសិករ ដែល​ស្ថិត​ក្នុង​វ័យ ៥០ និង​៦០​ឆ្នាំ ហើយ​ពួកគេ​ធ្លាប់​ជា​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​យ៉ាងរឹងមាំ។ ក៏ប៉ុន្តែ ការកាន់​អំណាច​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ និង​ការចោទ​ប្រកាន់​ថា គ្រប់គ្រង​ប្រទេស​មិន​បាន​ល្អ​នោះ មាន​សញ្ញា​បង្ហាញថា ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​ជនបទ​ ហាក់​ដូចជា​បាន​រលាយ​បន្តិច​ម្តងៗ៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់

បាតុកម្ម​ទាំង៣ថ្ងៃ​របស់​គណបក្ស​ប្រឆាំង​បាន​ចប់​ដោយ​សុវត្ថិភាព

នាយក​​ចាក់​សោរ​ទ្វារ​​សាលារៀន​មិនឲ្យ​​កូនសិស្ស​​ចេញ​ក្រៅ ​ដែល​អាច​​ចូលរួម​បាតុកម្ម​​របស់​គណបក្ស​​សង្គ្រោះជាតិ។​​
នាយក​​ចាក់​សោរ​ទ្វារ​​សាលារៀន​មិនឲ្យ​​កូនសិស្ស​​ចេញ​ក្រៅ ​ដែល​អាច​​ចូលរួម​បាតុកម្ម​​របស់​គណបក្ស​​សង្គ្រោះជាតិ។
26 តុលា 2013 
ហេង រស្មី
VOA

អ្នក​ចូលរួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​ជា​ជន​រងគ្រោះ​ទំនាស់​ដីធ្លី

បាតុករ​ច្រើន​​ម៉ឺន​នាក់​​​ប្រឆាំង​​​នឹង​​លទ្ធផល​​​ការ​បោះឆ្នោត​​បាន​ចូលរួម​បាតុ​កម្ម​​គណបក្ស​​សង្គ្រោះជាតិ។​​
បាតុករ​ច្រើន​​ម៉ឺន​នាក់​​​ប្រឆាំង​​​នឹង​​លទ្ធផល​​​ការ​បោះឆ្នោត​​បាន​ចូលរួម​បាតុ​កម្ម​​គណបក្ស​​សង្គ្រោះជាតិ។​​
26 តុលា 2013
ឃួន ធារ៉ា
VOA

លទ្ធផល​នៃ​មហា​បាតុកម្ម​បី​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

សម រង្ស៊ី កឹម សុខា ៦១០   
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (កណ្ដាល) អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Mom Sophon
2013-10-25 
ដោយ ជុន ច័ន្ទបុត្រ
RFA

វាគ្មិន​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នក​សម្របសម្រួល៖ លោក ជុន ច័ន្ទបុត្រ
ស្ដាប់​ផ្ទាល់៖ បទសម្ភាសន៍ដោយ click here...

មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ក្បួន​ហែ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​៥

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០   
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹក​នាំ​បាតុករ​ហែ​ក្បួន​បាតុកម្ម​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Yeang Socheametta
2013-10-25
ដោយ យាង សុជាមេត្តា
RFA
ក្រុម​បាតុករ​ជា​ច្រើន​ម៉ឺន​នាក់ ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​៥​ប្រទេស​បន្ថែម​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា។ ក្នុង​នោះ មាន​ប្រទេស​អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក្នុង​នោះ អូស្ត្រាលី ដែល​ជា​ប្រទេស​ហត្ថលេខី​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង ​ប៉ារីស បាន​បដិសេធ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត និង​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​កើត​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
ប្រទេស​អូស្ត្រាលី ក៏​ចង់​អោយ​មាន​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា ផង​ដែរ។
ព័ត៌មាន​នៃ​ការ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត និង​ការ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លេចឮ​ឡើង បន្ទាប់​ពី លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ជួប​ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក្នុង​ពេល​ដែល​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​ ប្រទេស​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។
ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​ប្រគល់​ញត្តិ​រួច លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា មន្ត្រី​ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ជាមួយ​លោក​ថា ប្រទេស​អូស្ត្រាលី បដិសេធ​មិន​ទទួល​ស្គាល់​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា ឡើយ។ ប្រទេស​អូស្ត្រាលី ក៏​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ។
លោក សម រង្ស៊ី៖ «អម្បាញ់មិញ​នេះ គណៈប្រតិភូ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​លោកស្រី​ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី។ ចំណុច​ដែល​សំខាន់ គាត់​បាន​បញ្ជាក់​ប្រាប់​យើង​ថា គាត់​សុំ​បដិសេធ រដ្ឋាភិបាល​អូស្ត្រាលី មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នេះ​ទេ មិន​ទទួល​ស្គាល់​រដ្ឋាភិបាល លោក ហ៊ុន សែន ទេ ដូច្នេះ​កុំ​អោយ​មាន​ការ​ភាន់ច្រឡំ កុំ​អោយ​មាន​ការ​បកស្រាយ​ខុស​ពី​ការ​ពិត។ ប្រទេស​អូស្ត្រាលី ទទួល​ស្គាល់​កម្ពុជា ត្រូវ​មាន​រដ្ឋ​មួយ ប៉ុន្តែ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ណា​ទាំងអស់ អត់​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ទាំងអស់ ជា​ពិសេស​ការ​បោះ​ឆ្នោត​ថ្មីៗ​នេះ»
ជាមួយ​គ្នា​នេះ​ដែរ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​ជួប​ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី ជាមួយ លោក សម រង្ស៊ី ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​អូស្ត្រាលី បាន​បញ្ជាក់​ប្រាប់​លោក​ថា ប្រទេស​អូស្ត្រាលី មាន​តួនាទី​សំខាន់​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ ដូច្នេះ រដ្ឋាភិបាល​អូស្ត្រាលី មិន​អាច​បោះ​បង់​ចោល​នូវ​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​នោះ​ទេ។
លោក កឹម សុខា៖ «យើង​បាន​បញ្ជាក់​ហើយ​ថា ប្រជាពលរដ្ឋ​យើង​ចង់​បាន​យុត្តិធម៌ ការ​បោះ​ឆ្នោត​យុត្តិធម៌​ហ្នឹង​ហើយ គឺ​សិទ្ធិ យុត្តិធម៌​ហ្នឹង​ហើយ គឺ​ជា​ប្រជាធិបតេយ្យ គេ​ឯកភាព​ជាមួយ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​យើង​នេះ។ ដូច្នេះ បាតុករ​យើង​ចង់​បាន​យុត្តិធម៌​ការ​បោះ​ឆ្នោត។ កន្លង​មក អាណត្តិ​ទី​៥ នេះ គេ​ថា គេ​ក៏​ចង់​អោយ​មាន​ការ​បោះ​ឆ្នោត​នេះ អោយ​មាន​លក្ខណៈ​ត្រឹមត្រូវ យុត្តិធម៌​ដូច​ដែល​ប្រជារាស្ត្រ​យើង​ចង់​បាន​អ៊ីចឹង​ដែរ»
តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៣ ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ការ​អបអរ​សាទរ​ពី​នាយករដ្ឋមន្ត្រី​ប្រទេស​អូស្ត្រាលី រួច​ហើយ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នេះ។ លោក​ថែម​ទាំង​លើក​ឡើង​ថា ក្នុង​ក្របខ័ណ្ឌ​ការទូត ប្រទេស​មួយ​មិន​អាច​មាន​សិទ្ធិ​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​ណា​មួយ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​គេ​យល់​ថា ការ​បោះ​ឆ្នោត​នោះ​ប្រកប​ដោយ​លក្ខណៈ​យុត្តិធម៌ និង​អាច​ទុក​ចិត្ត​បាន នោះ​គេ​នឹង​ធ្វើ​ការ​អបអរ​សាទរ។
លោក ឈាង វុន៖ «កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ អ្នក​ដែល​ផ្ដើម​គំនិត គឺ​ប្រទេស​អូស្ត្រាលី ហើយ​ប្រធាន​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង​មាន​ប្រទេស​ពីរ ប្រទេស​បារាំង និង​ឥណ្ឌូនេស៊ី។ ហើយ​បើ​យើង​មើល​ក្រោយ​ការ​បោះ​ឆ្នោត​នេះ យើង​បាន​ទទួល​ការ​អបអរ​សាទរ​ពី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ចំពោះ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ មិញ​ប្អូន ច័ន្ទបុត្រ លើក​ឡើង​ថា បើ​មាន​ប្រទេស​ណា​មួយ​ផ្ដួច​ផ្ដើម​អោយ​មាន​ការ​ធ្វើ​អី​នោះ​ណា សើរើ​អីៗ​ហ្នឹង ខ្ញុំ​យល់​ថា ទី​១ ប្រទេស​ហ្នឹង​មិន​ល្ងង់​ឆោត​ទេ ព្រោះ​អ្នក​ហត្ថលេខី​មាន​ច្រើន​ណាស់ ហើយ​បើ​មាន​តែ​ប្រទេស​មួយ​ហ្នឹង​ទៅ​សើរើ​ទៀត ប្រហែល​ជា​មាន​ការ​លំបាក»
នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក ថូនី អាប់បត (Tony Abbott) បាន​ផ្ញើ​លិខិត​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៣។ នៅ​ក្នុង​លិខិត​នោះ លោក អាប់បត បាន​សរសេរ​ថា លោក​សូម​សម្ដែង​នូវ​ការ​អបអរ​សាទរ​ចំពោះ លោក ហ៊ុន សែន ដែល​ត្រូវ​បាន​តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក អាប់បត ក៏​បាន​សរសេរ​ថា ប្រទេស​អូស្ត្រាលី មាន​ការ​គាំទ្រ​ជា​យូរ​ណាស់​មក​ហើយ ចំពោះ​ដំណើរ​ការ​នៃ​ប្រជាធិបតេយ្យ ភាវូបនីយកម្ម​ក្នុង​ប្រទេស​កម្ពុជា ដែល​សម្រេច​បាន​ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​តាម​ការ​បោះ​ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហប្រជាជាតិ។
លោក អាប់បត សរសេរ​បន្ត​ថា ស្ថិត​ក្នុង​បរិបទ​នេះ លោក​សូម​ស្វាគមន៍​ចំពោះ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សន្តិភាព​នា​ ពេល​ថ្មីៗ​នេះ និង​សេចក្តី​ថ្លែង​ការណ៍​រួម​នៅ​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៣។ លោក អាប់បត ក៏​រំពឹង​ផង​ដែរ​ថា ដំណើរ​ការ​សម្រប​សម្រួល​រវាង​គ្រប់​គណបក្ស​ទាំងអស់ គឺ​ជា​ការ​ធានា​បាន​នូវ​សន្តិភាព និង​សន្តិសុខ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អនាគត​ប្រទេស​កម្ពុជា។
ទាក់ទង​នឹង​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី អំពី​ការ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត និង​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ស្ថានទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​២៥ តុលា ថា នៅ​ក្នុង​ជំនួប​ជាមួយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង លោកស្រី​ឯកអគ្គរាជទូត អាឡីស៊ិន ប៊ូរ៉ូ (Alison Burrows) មាន​ប្រសាសន៍​ថា ប្រទេស​អូស្ត្រាលី មាន​ការ​ប្ដេជ្ញា​យ៉ាង​មុតមាំ និង​យូរ​អង្វែង ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ ភាវូបនីយកម្ម បន្ត​លើក​កម្ពស់ និង​លើក​ទឹក​ចិត្ត​អោយ​មាន​ការ​គោរព និង​អនុវត្ត​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា ព្រម​ទាំង​បន្ត​ធ្វើ​ការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា ដើម្បី​ស្ដារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា បន្ត​ទៀត។ លោកស្រី​ក៏​បាន​មាន​ប្រសាសន៍​ថា ប្រទេស​អូស្ត្រាលី ជំរុញ​អោយ​ភាគី​ទាំង​ពីរ​បន្ត​ការ​ពិភាក្សា ដែល​រួម​មាន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ផង​ដែរ ហើយ​ថា វា​ចាំបាច់​ដែល​ទ្វារ​នៅ​តែ​បើក​ចំហ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទទួល​បាន​អាសនៈ​របស់​ខ្លួន​ក្នុង​រដ្ឋសភា។
ក្នុង​មហា​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ របស់​គណបក្ស​សង្រ្គោះ​ជាតិ មេ​ដឹក​នាំ​គណបក្ស​មួយ​នេះ បាន​ដង្ហែ​ញត្តិ​ស្នាម​មេដៃ​គាំទ្រ​ទៅ​ដាក់​នៅ​ការិយាល័យ​ឧត្តម​ស្នងការ​ អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​នៅ​កម្ពុជា និង​នៅ​ស្ថានទូត​បរទេស​មួយ​ចំនួន ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ដើម្បី​ទាមទារ​អោយ​ប្រទេស​ទាំង​នេះ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន និង​អោយ​មាន​ការ​គោរព​អោយ​បាន​ពេញ​លេញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស។ ស្ថានទូត​បរទេស​ទាំង​នោះ រួម​មាន ស្ថានទូត​ប្រទេស​បារាំង ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេរិក អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​ចិន។ ស្ថានទូត​ទាំងអស់​នេះ សុទ្ធតែ​បាន​ទទួល​យក​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​សន្យា​ថា​នឹង​នាំ​យក​ញត្តិ​ទាំង​នេះ​ប្រគល់​ជូន​ថ្នាក់​ដឹក​នាំ​របស់​ ប្រទេស​ពួក​គេ៕

ស្ថានភាព​សន្តិសុខ​៣​ថ្ងៃ​នៃ​មហា​បាតុកម្ម​អហិង្សា​របស់​បក្ស​សង្គ្រោះ​ជាតិ

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០ 
 ក្បួន​ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដោយ​ផ្លូវ​សុធារស ម្ដុំ​បូឌីន រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ដាក់​នៅ​តាម​ស្ថានទូត​បរទេស​មួយ​ចំនួន នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Mom Sophon
2013-10-25 
ដោយ ដែន អយុធ្យា
RFA
ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា មហា​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ បាន​ទទួល​ជោគជ័យ និង​គ្មាន​អំពើ​ហិង្សា។ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​ស្ថាប័ន​ប្រដាប់​អាវុធ បាន​ទទួល​ស្គាល់​ថា មហា​បាតុកម្ម​រៀប​ចំ​ដោយ​បក្ស​ប្រឆាំង​លើក​នេះ អ្នក​រៀប​ចំ​កម្មវិធី និង​អាជ្ញាធរ​សហការ​គ្នា​បាន​ល្អ។
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ មណ្ឌល​ភ្នំពេញ បាន​ចាត់​ទុក​មហា​បាតុកម្ម ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា មាន​សន្តិសុខ និង​មាន​សុវត្ថិភាព​ល្អ។
មន្ត្រី​រៀប​ចំ​បាតុកម្ម​រូប​នេះ បាន​អះអាង​ថា ទាំង​ការ​ប្រមូល​ផ្តុំ​ក្រុម​បាតុករ និង​ដើរ​ហែ​ក្បួន​យក​ញត្តិ​តវ៉ា​លទ្ធផល​បោះ​ឆ្នោត ដើម្បី​ដាក់​ជូន​នៅ​ការិយាល័យ​ឧត្តម​ស្នងការ​សហប្រជាជាតិ និង​ការ​ដាក់​ញត្តិ​ជូន​ស្ថានទូត​ចំនួន​៨ ក្នុង​ទីក្រុង​ភ្នំពេញ មាន​ស្ថានទូត​បារាំង អង់គ្លេស សហរដ្ឋ​អាមេរិក ជប៉ុន អូស្ត្រាលី រុស្ស៊ី ឥណ្ឌូនេស៊ី និង​ចិន ក៏​គ្មាន​ការ​រាំង​ស្ទះ និង​គ្មាន​ការ​រារាំង​ពី​អាជ្ញាធរ​ដែរ។
«សំឡេង»
មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​ក្រសួង​មាន​សមត្ថកិច្ច​នានា ឲ្យ​បន្ត​សហការ និង​អនុវត្ត​កាយ​វិការ​អហិង្សា​ដូច​ពេល​នេះ យក​ទៅ​អនុវត្ត​ជាមួយ​រាល់​ការ​ជួប​ជុំ ឬ​បាតុកម្ម​នានា​លើក​ក្រោយ​ទៀត។
ដូច​គ្នា​ដែរ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​តាម​ឃ្លាំ​មើល​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ ជាតិ ទាំង​យប់​ថ្ងៃ​អស់​រយៈពេល ៣​ថ្ងៃ​មក​នេះ ក៏​បាន​វាយ​តម្លៃ​ថា បាតុកម្ម​លើក​នេះ​គ្មាន​អំពើ​ហិង្សា​ទេ ព្រោះ​អាជ្ញាធរ​មិន​បាន​បិទ​ផ្លូវ​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​ ឆ្លង​កាត់​របស់​ក្រុម​បាតុករ​ទេ។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) មាន​ប្រសាសន៍​ថា ដើម​ហេតុ​នាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​រវាង​ក្រុម​បាតុករ និង​សមត្ថកិច្ច​ចម្រុះ​ក្នុង​បាតុកម្ម​កន្លង​ទៅ គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​បាន​បិទ​ផ្លូវ និង​ពង្រាយ​កម្លាំង​រារាំង​ក្រុម​បាតុករ​មិន​ឲ្យ​ចេញ ឬ​ចូល​ក្នុង​ក្រុង។ លោក​បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ប្រដាប់​អាវុធ ឲ្យ​បញ្ឈប់​រូបភាព​ដាក់​ពង្រាយ​កម្លាំង ឬ​បិទ​ផ្លូវ​សាធារណៈ ពេល​មាន​ពិធី​ជួប​ជុំ​សម្ដែង​មតិ​របស់​ពលរដ្ឋ ឬ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​នា​ថ្ងៃ​អនាគត។
«សំឡេង»
មន្ត្រី​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ មាន​ប្រសាសន៍​ថា ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​លើក​នេះ គ្មាន​អំពើ​ហិង្សា និង​មាន​របៀប​រៀប​រយ​ល្អ។ លោក​ថា បាតុកម្ម​នេះ​កម្លាំង​ចម្រុះ​បាន​ជួយ​សហការ ហើយ​អ្នក​រៀប​ចំ​កម្មវិធី​ក៏​គោរព និង​អនុវត្ត​តាម​ច្បាប់ ឬ​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ត្រឹមត្រូវ។
«សំឡេង»
ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ៣​ថ្ងៃ របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា បាន​បញ្ចប់​នៅ​ម៉ោង​ជាង ៤​រសៀល​ថ្ងៃ​សុក្រ ទី​២៥ ខែ​តុលា។ ហើយ​ក្រុម​បាតុករ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ក៏​បាន​រំសាយ និង​បាន​វិល​ទៅ​កាន់​លំនៅឋាន​រៀងៗ​ខ្លួន​វិញ៕